លោក​ Trump “ជឿជាក់” ថា​ ចុង​ឆ្នាំ​នឹង​មាន​វ៉ាក់​សាំង ​COVID-19

លោក​ Trump

ប្រធានាធិបតី​អាមេរិកាំង​ លោក​ Donald Trump កាល​ពីថ្ងៃទី​3​ឧសភា បាន​ឱ្យ​ដឹង​ថា លោក​ “ជឿ​ជាក់​” ថា សហរដ្ឋ​អាមេរិក​នឹង​មាន​វ៉ាក់​សាំង​ទប់​ស្កាត់​វីរុស​COVID-19 នៅមុន​ដំណាច់​ឆ្នាំ​នេះ​។

លោក​ Trump សង្កត់​ធ្ងន់​ថា ក្រុម​ហ៊ុន​ជា​ច្រើន​កំពុង​ប្រឹង​ប្រែង​ស្រាវ​ជ្រាវ​ និង​ពិសោធ​វ៉ាក់សាំង​ ហើយ​ពួក​គេ​ជិត​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​អភិវឌ្ឍ​វ៉ាក់​សាំង​នេះ​ហើយ។ “ខ្ញុំ​គិត​ថា យើង​នឹង​មាន​វ៉ាក់​សាំង​ក្នុង​ពេល​ឆាប់​ៗ​នេះ​” ប្រធានាធិបតី​អាមេរិកាំង​មាន​ប្រសាសន៍​បែប​នេះ​ជាមួយ​អ្នក​យក​​​ព័ត៌មាន​របស់​ Fox News។

សហរដ្ឋ​អាមរិក​ និង​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក​ កំពុង​តែ​ប្រជែង​គ្នា​ដើម្បី​ក្លាយ​ជា​អ្នក​ដំបូង​គេ​​ដែល​មាន​វ៉ាក់​សាំង​ប្រឆាំង​វីរុស​COVID-19។ ម្ចាស់​សេត​វិមាន​បាន​ប្រកាស​ថា លោក​នៅ​តែ​ត្រេក​អរ​ជា​ទី​បំផុត​​បើ​សិន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​អាមេរិកាំង​ ត្រូវ​បាន​គេ​ធ្វើ​ឱ្យ​បរាជ័យ​​ក្នុង​ការ​ប្រជែង​លើ​ការ​អភិវឌ្ឍ​ថ្នាំ​សម្រាប់​វីរុស​COVID-19។

លោក​ Trump ឱ្យ​ដឹង​ថា “បើ​សិន​ប្រទេស​ណា​មួយ​ទទួល​បាន​ជោគ​ជ័យ​មុន​គេ​ ខ្ញុំ​នឹង​ដោះ​មួក​គោរព​កោត​សរសើរ​។ ខ្ញុំ​មិន​ខ្វល់​អ្វី​ទាំង​អស់ ខ្ញុំ​គ្រាន់​តែ​ចង់​បាន​វ៉ាក់​សាំង​មួយ​ដែល​មាន​ប្រសិទ្ធ​ភាព​”។

នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ហានិភ័យ​ដែល​កើត​ឡើង​ចំពោះ​មនុស្ស​ក្នុង​ការ​អភិវឌ្ឍ​វ៉ាក់​សាំង​តាម​បែប​ប្រញាប់​ប្រញាល់​ខុស​ធម្មតា​ដូច​បច្ចុប្បន្ន លោក​ Trump អះអាង​ថា អ្នក​ដែល​បាន​ចូល​រួម​ក្នុង​ការ​ពិសោធ​ គឺ​សុទ្ធ​តែ​ជា​អ្នក​​ស្ម័គ្រ​ចិត្ត។ លោក​ថា “​ពួកគេ​ដឹង​នូវ​អ្វី​ដែល​ពួកគេ​កំពុងតែ​ធ្វើ​”។

សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​ក្នុង​ពិភព​លោក​ ដោយ​មាន​អ្នកជំងឺ​កូរ៉ូណា​សរុប​ជិត​1.2​លាន​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ជិត​69,000​នាក់​បាន​បាត់​បង់​ជីវិត​ ខណៈ​រដ្ឋ​ប្រហែល​ពាក់​កណ្ដាល​​នៃ​ប្រទេស​នេះ បាន​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​លើ​ការ​ដើរ​ហើរ​។ ប៉ុន្តែ រដ្ឋ​មួយ​ចំនួន​ក៏​នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​វីរុស​នេះ​នៅ​ឡើយ​។

COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ប្រទេស​ចិន​កាល​ពី​ចុង​ឆ្នាំ​2019​ ហើយ​មក​ដល់​បច្ចុប្បន្ន វា​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​​ជាង​200​ក្នុង​ពិភពលោក បណ្ដាល​ឱ្យ​មាន​មនុស្ស​ជិត​3.6​លាន​នាក់​ត្រូវ​ឆ្លង​មេរោគ ក្នុង​នោះ​មាន​​ជិត​250,000​នាក់​បាន​បាត់​បង់​ជីវិត​ និង​ជាង​1.1​លាន​នាក់​បាន​រួច​ផុត​ពី​ការ​ស្លាប់​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement