​វ៉ាក់សាំង Covid-19 ចំនួន 4សែន​ដូ​ស​ ជា​ជំនួយ​របស់​ចិន នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី28មេសា

វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ចំនួន 4សែន​ដូ​ស​ទៀត ដែលជា​ជំនួយ​របស់​ប្រទេស​ចិន នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃស្អែក។ នេះ​បើតាម​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​កម្ពុជា។

នៅ​ព្រឹក​ថ្ងៃទី27 ខែមេសា​នេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​កម្ពុជា បានឱ្យដឹងថា វ៉ាក់សាំង​ប្រឆាំង Covid-19 ដែលជា​ជំនួយឥតសំណង​លើក​ទី​បី​របស់​ចិន នឹង​មកដល់​កម្ពុជា​នៅ​យប់​ថ្ងៃទី28 ខែមេសា ឆ្នាំ2021។ វ៉ាក់សាំង Sinopharm ចំនួន 4សែន​ដូ​ស​នេះ​គឺជា​វ៉ាក់សាំង​ដែល​ស្ថិតនៅ​ក្នុងចំណោម​កញ្ចប់​វ៉ាក់សាំង​ដែល​ចិន​បាន​សន្យាថា នឹង​ផ្ដល់​ជា​បន្តបន្ទាប់​ដល់​កម្ពុជា។

ក្នុង​ពិធី​ទទួល​វ៉ាក់សាំង​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃទី26 ខែមីនា ឆ្នាំ2021 លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងថា៖ «ខ្ញុំ​ធ្លាប់បាន​លើកឡើងថា ប្រសិនបើ​ជំងឺ​Covid-19 នៅតែ​បន្ត​រាតត្បាត​ក្នុងប្រទេស​កម្ពុជា កិច្ចសហប្រតិបត្តិការ​រវាង​ចិន​និង​កម្ពុជា​លើ​ការប្រយុទ្ធប្រឆាំង​វីរុស​នេះ ក៏​នៅតែ​បន្ត​ឥតឈប់ឈរ។ ហើយ​ខ្ញុំ​សូមបញ្ជាក់ថា ប្រទេស​ចិន​នៅតែ​បន្ត​ផ្តល់​ការគាំទ្រ​ក៏ដូចជា​ផ្តល់​ជំនួយឥតសំណង ដែលជា​វ៉ាក់សាំង ជូន​ដល់​ភាគី​កម្ពុជា ឬក៏​ផ្តល់​ភាពងាយស្រួល​ដល់​ការបញ្ជាទិញ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា»។

កន្លងមក កម្ពុជា ទទួលបាន​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ Covid-19 ចំនួន​ពីរលើក​មកហើយ​ពី​ប្រទេស​ចិន រួមមាន លើកទីមួយ​ចំនួន 6សែន​ដូ​ស និង​លើក​ទី​ពីរ​ចំនួន 7សែន​ដូ​ស។

គិត​មកដល់​បច្ចុប្បន្ន កម្ពុជា ទទួលបាន​វ៉ាក់សាំង​បង្ការ Covid-19 ចំនួន​ជិត 4លាន​ដូ​ស​រួចហើយ ដែល​ភាគច្រើន​ជា​វ៉ាក់សាំង​ជា​ជំនួយឥតសំណង និង​ទិញ​ពី​ប្រទេស​ចិន។ វ៉ាក់សាំង​សរុប​ដែល​កម្ពុជា​ទទួល​បានក​ន្ល​ង​មក រួមមាន វ៉ាក់សាំង Sinopharm ចំនួន 1.3លាន​ដូ​ស ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន, វ៉ាក់សាំង Sinovac ចំនួន 2លាន​ដូ​ស​ដែល​ទិញ​ពី​ប្រទេស​ចិន និង​វ៉ាក់សាំង AstraZeneca ចំនួន 324,000ដូ​ស ដែលជា​ជំនួយ​របស់​ពិភពលោក ក្នុង​កម្មវិធី Covac របស់​អង្គការ​សុខភាព​ពិភពលោក (WHO)។

នៅក្នុង​ឆ្នាំ2021នេះ កម្ពុជា​នឹង​ទទួលបាន​វ៉ាក់សាំង​បង្ការ Covid-19 ចំនួន 10លាន​ដូ​ស រួមមាន 1.5លាន​ដូ​សនឹង​មកដល់​នៅក្នុង​ខែឧសភា, 3លាន​ដូ​ស ក្នុង​ខែមិថុនា, 2លាន​ដូ​ស​ក្នុង​ខែកក្កដា និង 1លាន​ដូ​ស​ទៀត​នឹង​មកដល់​ក្នុង​ខែសីហា។ នេះ​បើតាម​ប្រកាស​កន្លងមក​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា៕

ដោយ​៖ បុត្រា

Advertisement