ការចាក់​វ៉ាក់សាំង​បង្ការ​Covid-19 នឹង​អាច​ក្លាយជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​នាពេលខាងមុខ

វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ដែល​នឹង​មកដល់ កម្ពុជា ជា​បន្តទៀត នឹងត្រូវ​ផ្ដល់​អាទិភាព ចាក់​ជូន​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ និង​តំបន់​ជុំវិញ​រាជធានី​ភ្នំពេញ។ នេះ​បើតាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន។

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ម្សិលមិញ បានស្នើ​ឱ្យ​គណៈកម្មការ​គ្រប់គ្រង​កិច្ច​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 រៀបចំ​ដំណើរ​ការចាក់​វ៉ាក់សាំង​ជា​បន្តទៀត ដោយ​ផ្តោតទៅលើ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ឱ្យខាងតែបាន ដើម្បី​បង្កើន​ភាពស៊ាំ​ឱ្យបាន ពេញលេញ ខណៈដែល Covid-19 កំពុង​រាតត្បាត​ខ្លាំង។

មូលហេតុ​ចម្បង​នៃ​ការផ្ដល់​អាទិភាព​នេះ ត្រូវបាន​សម្ដេច អះអាងថា ដោយសារ​រាជធានី​ភ្នំពេញ គឺជា​ទីប្រជុំជន​ធំ និង​ជា​កន្លែង​ដែល​មនុស្សម្នា​ចេញ-ចូល ច្រើនជាងគេ ខណៈ​ខេត្តកណ្ដាល​គឺជា​តំបន់​ដែល​ព័ទ្ធជុំវិញ និង​ជាប់​ជាមួយនឹង​រាជធានី​ភ្នំពេញ។ យោងតាម​ក្រសួងសុខាភិបាល បច្ចុប្បន្ន រាជធានី​ភ្នំពេញ​គឺជា​កន្លែង​ដែល Covid-19 រាតត្បាត​ខ្លាំងជាងគេ ដោយមាន​អ្នក​ឆ្លង​សរុប​ចំនួន 1,490នាក់ ក្នុងនោះ​មាន 22នាក់​បាន​ស្លាប់ និង 459នាក់​កំពុង​ព្យាបាល ស្រប​ពេលដែល​ខេត្តកណ្ដាល​មាន​អ្នក​វិជ្ជមាន​សរុប 356នាក់ ឈរ​លំដាប់​ទី​បី បន្ទាប់ពី​ខេត្ត​ព្រះសីហនុ (544នាក់)។

ភូមិ​សាស្ត្រ​ខេត្ត​កណ្ដាល​ និង​រាជធានី​ភ្នំ​ពេញ

ទន្ទឹមនឹង​ការផ្ដល់​អាទិភាព​មុនគេ​ដល់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏បាន​មានប្រសាសន៍ ការចាក់​វ៉ាក់សាំង​បង្ការ​Covid-19 នាបច្ចុប្បន្ន​គឺជា​រឿង​ស្ម័គ្រចិត្ត ប៉ុន្តែ​អនាគត វា​នឹង​អាច​ក្លាយជា​កាតព្វកិច្ច​របស់​ពលរដ្ឋម្នាក់។ ក៏ប៉ុន្តែ ប្រការនេះ​នឹង​អាស្រ័យទៅលើ​ស្ថានការណ៍​ជាក់ស្ដែង​របស់​ពិភពលោក៕

ប្រភព៖ AKP
ដង​ស្រង់​ដោយ​៖ បុត្រា

Advertisement