សុភាពនារី​គួរ​យល់ដឹង! ឈឺចាប់​ពេល​មក​រដូវ​ទ្រាំ​មិនបាន​គួរ​ធ្វើ​បែបណា?

ស្ត្រី​យើង​រមែងតែងតែ​ប្រឈមមុខ​ជាមួយនឹង​ភាពឈឺចាប់​នៅមុន​ពេល និង​ក្នុង​នៅ​អំឡុងពេល​មក​រដូវ ហើយ​មាននារីៗជាច្រើន​នាក់​ណាស់​ប្រហែលជា​ធុញទ្រាន់​ជាមួយនឹង​អាការ​ឈឺចាប់​នាពេល​មក​រដូវម្ដងៗនេះ។ ក្នុងថ្ងៃនេះ ឡា​រ៉ែ​ន បាន​ពាំ​នាំនូវ​វិធីខ្លះៗក្នុងការ​ថែរក្សា​សុខភាព​នារី​ដោយ​ខ្លួនឯង ទាំង​មុនពេល និង​ក្នុងអំឡុងពេល​មក​រដូវ​មក​ជម្រាបជូន​ប្រិយមិត្ត​អ្នកអាន​ទាំងអស់ ដើម្បី​ជួយ​បន្ថយ​ភាពឈឺចាប់​បាន​ខ្លះ អីចឹង​សូម​អាន​ទាំងអស់គ្នា ថា​តើ​គួរ​ធ្វើ​បែបណាខ្លះ?

1/ កំណត់​ការទទួល​ទាន​អាហារ​មួយចំនួន
អ្នក​គួរ​កំណត់​ការទទួល​ទាន​ជាតិ​ស្ករ អំបិល ជាតិ​កាហ្វេ​អី​ុ​ន ស្រា និង​ភេសជ្ជៈ​មាន​ជាតិ​អាកុល ហើយ​បែរមក​ទទួលទាន​អាហារ​ដូចជា បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ និង​អាហារ​ដែលមាន​សារធាតុ​កាបូន​អី​ុ​ដ្រា​ត​មួយចំនួន ក្រោយពី​សម្រាក​ការងារ ដើម្បី​ថែរក្សា​សុខភាព តែ​មិន​បណ្ដាល​ខ្លួន​ឱ្យ​ធាត់​នោះទេ។

2/ អាហារ​ដែល​សម្បូរ​ដោយសារ​ធាតុដែក
អ្នក​គួរ​ទទួលទាន​អាហារ​ដែលមាន​សារ​ធាតុដែក​ឱ្យបាន​ច្រើន ដែល​សារ​ធាតុដែក​ទាំងនោះ​មាននៅ​ក្នុង ថ្លើម​សត្វ ស៊ុត​លឿង​និង​បន្លែ​ពណ៌​បៃតងចាស់-ល- ដើម្បីឱ្យ​រាងកាយ​បង្កើត​គ្រាប់​ឈាមក្រហមថ្មីៗ និង​គួរ​ទទួលទាន​បន្លែ ផ្លែឈើ​ដែលមាន​វីតាមីន C ច្រើន​ដូចជា ក្រូចឆ្មារ ក្រូចពោធិ៍សាត់ ត្របែក ខាត់ណា និង​ប៉េងប៉ោះ​ជាដើម ព្រោះ​វីតាមីន C នឹង​ជួយ​ឱ្យ​រាងកាយ​ស្រូបយក​សារធាតុចិញ្ចឹម និង​សារ​ធាតុដែក​ចូលទៅក្នុង​រាងកាយ​បាន​យ៉ាង​ល្អប្រសើរ។

3/ បំបាត់​ការឈឺចាប់​ដោយ​វិធី​ធម្មជាតិ
នៅក្នុង​អំឡុងពេល​មក​រដូវ ប្រសិនបើ​អ្នកមាន​អាការ​ចុកពោះ និង​ឈឺចាប់​ខ្លាំង​ក៏​សូម​ណែនាំ​ឱ្យ​ឆុងតែ​ឱសថ​បុរាណងាយៗដូចជា តែ Chamomile ឬ​ប្រភេទ​តែ Peppermint ដោយ​ឆុង​ទទួលទានក្ដៅៗ រួច​លេប​វីតាមីន C កាល់​ស្សូម និង​ថ្នាំ Evening Primrose Oil។ ក្រៅពីនោះ អ្នក​គួរតែ​ងូតទឹក​ក្ដៅឧណ្ហៗ និង​ស្អំ​ទឹក​ក្ដៅ​នៅលើ​បរិវេណ​ពោះ​របស់​អ្នក ដើម្បី​កាត់បន្ថយ​អាការ​ឈឺចាប់។

4/ ហាត់ប្រាណ
ការហាត់​ប្រាណ​យ៉ាង​ថ្ម​មជារឿយៗ ដើម្បី​ជំរុញ​ឱ្យ​រាងកាយ​មាន​កម្លាំង និង​ថាមពល Endorphine ចេញមកក្រៅ ពីព្រោះ​ថាមពល​សារធាតុ​នេះ អាចជួយ​កាត់បន្ថយ​ការឈឺចាប់​របស់​រាងកាយ​បាន​តាមបែប​ធម្មជាតិ ដោយ​ជួយ​ឱ្យ​រាងកាយ​មាន​អារម្មណ៍​ធូរស្បើយ និង​បំបាត់​អារម្មណ៍​តានតឹង​មួយចំនួន​ដែលជា​ដើមហេតុ​បង្ក​ឱ្យ​កើតមាន​អាការ​ឈឺចាប់​បែបនេះ ដែលជា​ផ្នែក​មួយ​ជួយ​កាត់បន្ថយ​ការឈឺចាប់​នៅមុន និង​ក្រោយពេល​មក​រដូវ។

នារីៗជាច្រើន​ដែលមាន​អាការ​ឈឺចាប់​ពេល​មក​រដូវ​ខ្លាំង​បំផុត ក៏ត្រូវ​រក​វិធី​កាត់បន្ថយ​ការឈឺចាប់​បន្ថែមទៀត មិន​ថា​ជាការ​សម្រាក​ឱ្យបាន​គ្រប់គ្រាន់ ការ​ស្អំ​ទឹក​ក្ដៅ​នៅ​បរិវេណ​ពោះ និង​ក្រោម​ខ្នង ក៏ប៉ុន្ដែ​នៅពេលដែល​ការឈឺចាប់​មិន​បាត់​សោះ ក៏​គួរតែ​ចេញទៅ​ហាត់ប្រាណ​បន្ថែមថ្នមៗ ហើយ​បើ​នៅតែ​មិន​បាត់​ទៀត​នោះ ក៏​គួរតែ​លេបថ្នាំ​បំបាត់​ការឈឺចាប់​ដូចជា Aspirin, ibuprofen, Naproxen ឬ​លេប​បញ្ចូល​គ្នា​ក៏បាន​ដែរ។ ក្រៅពីនោះ ការប្រើ​ប្រេងកូឡា ឬ​ប្រេងខ្យល់​លាប​នៅ​បរិវេណ​ពោះ ក៏​អាចជួយ​បន្ថយ​អាការ​ឈឺចាប់​បាន​ដូចគ្នា​ដែរ នៅក្នុង​អំឡុងពេល​មក​រដូវ ក៏ប៉ុន្ដែ​ត្រូវ​ប្រើ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ទើប​ត្រឹមត្រូវ។ ទោះបីជា​យ៉ាងណាក៏ដោយ​ប្រសិនបើនារីៗយើង ជួប​នូវ​អាការ​ឈឺចាប់​ខ្លាំង​នោះ អ្នក​មិនគួរ​នៅ​សម្ងំស្ងៀម​នោះទេ គួរតែ​រូតរះ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ បើ​សង្កេតឃើញ​មាន​អាការ​មិន​ប្រក្រតី​ណាមួយ​កើតឡើង​គ្រូពេទ្យ​អាច​នឹង​ពិនិត្យ​ព្យាបាល​អ្នក​បានភ្លាមៗទាន់ពេលវេលា។

ជា​ចុងក្រោយ អាហារ​ដែល​គួរ​ជៀសវាង​ទទួលទាន​នៅក្នុង​អំឡុងពេល​មករ​ដូ​វ​មានដូចជា សាច់​ក្រហម ទឹកដោះគោ និង​អាហារ​ដែលមាន​រសជាតិ​ប្រៃ ព្រោះ​វា​មិនបាន​ជួយ​កាត់បន្ថយ​អាការ​ឈឺចាប់​នៅក្នុងពេល​មក​រដូវរ​បស់​អ្នក​នោះទេ ហើយ​អ្នក​គួរតែ​បែរមក​ទទួលទាន​សាច់​ត្រី​ជំនួស​វិញ ព្រោះ​ជាតិ​ខ្លាញ់​អូ​មេ​ហ្កា 3 ពី​សាច់​ត្រី និង​ត្រី​សមុទ្រ អាចជួយ​កាត់បន្ថយ​ការឈឺ​ចាប់បាន​មួយចំនួន​ដែរ៕

Advertisement