អ្នកវិទ្យាសាស្ត្រចិន សង្ឃឹមថា វ៉ាក់សាំង COVID-19 ដែលត្រូវតេស្ត អាចនឹងយកទៅធ្វើតេស្តដល់បរទេស

អ្នក​វិទ្យាសាស្ត្រ​ចិន​ ដែល​កំពុង​ធ្វើ​តេស្ដ​លើ​វ៉ាក់សាំងការពារ​វីរុស COVID-19 នឹង​ប្រកាស​លទ្ធផល​លើ​ការ​ធ្វើតេស្ដ​សាក​ល្បង​លើក​ទី1 ​នៅ​ក្នុង​ខែមេសា​នេះ​។ ​ជាង​នេះ​ទៀត ​អ្នក​ជំនាញ​ដដែលសង្ឃឹម​ថា ​អាច​បន្ត​ធ្វើ​តេស្ដ​សាកល្បង​ក្រោយៗ​ទៀត​នៅ​ក្រៅ​ប្រទេស​ចិន។

លោក Chen Ling អ្នក​ឯកទេស​ផ្នែក​វីរុស​នៅ​មន្ទីរពិសោធន៍​ជំងឺ​ផ្លូវដង្ហើម​ State Key ​បាន​លើក​ឡើង​ថា ​ការ​ធ្វើ​តេស្ដ​សាកល្បង​នៅ​ដំណាក់កាល​ទី​2 និង​ទី3 ​អាច​នឹង​ត្រូវ​ការ​អ្នក​ចូលរួម​រាប់​ពាន់​នាក់​ និង​អាច​ធ្វើ​តេស្ដ​សាកល្បង​នៅ​ប្រទេស​ដែល​កំពុង​ឆ្លង​វីរុស​ខ្លាំង ​ដើម្បី​ទទួល​បាន​លទ្ធផល​កាន់​តែ​ឆាប់ និង​ត្រឹមត្រូវ​ច្បាស់លាស់។ លោក​​បន្ថែម​ថា ​ប្រទេស​អាចទប់ស្កាត់​ការឆ្លង​វីរុស​COVID-19 ​បាន​លឿន​ពេក​ គឺធ្វើ​ឱ្យ​មិន​មាន​ករណី​ឆ្លង​សម្រាប់​​ធ្វើ​តេស្ដ​សាកល្បង​នៅ​ដំណាក់កាល​ក្រោយ។

ប្រសិន​បើ ធ្វើតេស្ដ​លើ​មនុស្ស​ 10,000នាក់​ហើយ​លទ្ធផល​បង្ហាញ​ថា ​មាន​តែ​មនុស្ស​ 100នាក់​អាច​បង្កើត​ជាអង់ទីគ័រ​ប្រឆាំង​វីរុស​នេះ​បាន​ លទ្ធផល​​​ 0 ,01% ​នេះ​មិន​គ្រប់គ្រាន់​ក្នុង​ការ​ប្រើ​ប្រាស់​វ៉ាក់សាំង​នេះ​ទៅ​លើ​មនុស្ស​ទូទៅ​ទេ។

លោក​ស្រី Chen Wei អ្នក​ជំនាញ​ជំងឺ​ឆ្លង​ និង​វីរុស​នៅ​សាកលវិទ្យាល័យ ​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​យោធា​ បាន​ប្រាប់​ទៅ​សារព័ត៌មាន China Daily ថា ​ប្រសិនជា​លទ្ធផល​តេស្ដ​លើក​ដំបូង​បញ្ជាក់​ថា ​វ៉ាក់សាំង​មាន​សុវត្ថិភាព និង​មាន​លទ្ធផល​តាម​ដែល​​ចង់​បាន ប្រទេស​ចិន​នឹង​បន្ត​ធ្វើ​តេស្ដ​រក​ប្រសិទ្ធភាព​វ៉ាក់សាំង​នេះ​នៅ​ប្រទេស​ផ្សេង ​បើ​វីរុស​នេះ​នៅ​តែ​បន្ត​រាតត្បាត​។ អ្នកស្រី​បាន​បន្ត​ទៀត​ថា​ មាន​ប្រទេស​ជា​ច្រើន​មាន​ចំណាប់អារម្មណ៍​សហការ​ជាមួយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់​ប្រទេស​ចិន​ក្នុង​ការ​ធ្វើ​តេស្ដ​វ៉ាក់សាំង​នេះ​។

ការ​ធ្វើ​តេស្ដ​សាកល្បង​វ៉ាក់សាំង​លើក​ដំបូង​ធ្វើ​ឡើង​នៅ​ទីក្រុង​វូហាន​នៅ​ថ្ងៃ​ទី​16 ខែមីនា ដែល​មាន​អ្នក​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​នេះ​ 108នាក់៕

Advertisement