វីធី​ថែទាំ​ ខួរក្បាលឱ្យនៅតែ​ភ្លឺ​ថ្លា​ជានិច្ច

តិច​ណូ​ឡូ​ជី​ក្នុងពេល​បច្ចុប្បន្ននេះ​បាន​ឈាន​ទៅមុខ​ឆ្ងាយ​ណាស់ វិវឌ្ឍនាការថ្មីៗចូលមក​មាន​ចំណែក​ជួយ​ឱ្យ​កើតមាន​ភាពងាយស្រួល​កាន់តែ​ច្រើនឡើង តែការដែល​មនុស្ស​យើង​ស្រួល​ខ្លាំងពេក ក៏​នឹង​ធ្វើឱ្យ​មិនសូវ​មានឱកាស​បាន​ប្រើ​ខួរក្បាល និង​ពឹងផ្អែក​តែ​លើ​តិច​ណូ​ឡូ​ជី​ច្រើនឡើង។ តែ​សម្រាប់​ខួរក្បាល​វិញ ប្រៀបដូចជា​ផ្លែកាំបិត​អ៊ីចឹង រឹតតែ​សំលៀង រឹតតែ​មុត រឹតតែ​មិនបាន​ប្រើ រឹតតែ​រឹល​មុខ ដូច្នេះ​ទើប ឡារ៉ែ​ន ​មាន​វិធី​មើលថែទាំ​ខួរក្បាល​របស់​យើង​ឱ្យ​អភិវឌ្ឍ​ទៅមុខ​គ្រប់ពេលវេលា មក​ជម្រាបជូន​ដូចតទៅ :

– ញ៉ាំ​ដើម្បីឱ្យ​ខួរក្បាល​ល្អ
មនុស្ស​ជាច្រើន​ប្រហែលជា​ធ្លាប់​បានឮ​ពាក្យ​ថា “ញ៉ាំ​បែបណា រាងកាយ​នឹង​បាន​បែប​នោះ” មក​ខ្លះ​ហើយ តែ​ទោះជា​ដឹង​បែបនេះហើយ​ក៏ដោយ ក៏​មនុស្ស​ភាគច្រើន​នៅតែ​មិនសូវ​រវីរវល់​នឹង​អាហារ​ពេលព្រឹក​ដដែល ដោយសារតែ​ភាព​ប្រញាប់ប្រញាល់​ដែល​កើតឡើង​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ហ្នឹងឯង។ ការ​ញ៉ាំ​អាហារ​ពេលព្រឹក​នឹងធ្វើ​ឱ្យ​រាងកាយ​ដុតបំផ្លាញ​កម្លាំង​ថាមពល​កាន់តែ​ច្រើនឡើង និង​ថែមទាំង​ជួយ​ក្នុង​រឿង​សភាវ​ជាតិ​ស្ករ​នៅក្នុង​ឈាម​ទាប​ទៀតផង ដោយសារតែ​យើង​អត់​អាហារ​មក​ពេញ1យប់​ហើយ។ បើ​នរណា​ញ៉ាំ​អាហារ​ពេលព្រឹក​ជាប់​ជាប្រចាំ​នោះនឹង​ធ្វើឱ្យ​ការចងចាំ​ល្អប្រសើរ​ឡើង តែ​យ៉ាងណាក៏ដោយ ក៏​គួរតែ​ជ្រើសរើស​ញ៉ាំ​តែ​អាហារ​ណា​ដែល​ល្អ មានគុណ​ប្រយោជន៍ និង​មាន​អនាម័យ​ផង។

– គិត​ដើម្បីឱ្យ​ខួរក្បាល​ល្អ
សាកល្បង​សង្កេត​មើលថា ថ្ងៃ​ណា​ដែល​យើង​ភ្ញាក់​នៅពេល​ព្រឹក​ឡើង ហើយ​ដឹងថា មានអារម្មណ៍ល្អ​នោះ ថ្ងៃនោះ​ពេញ1ថ្ងៃ យើង​នឹងមាន​អារម្មណ៍ល្អ​រហូត តែបើ​ថ្ងៃ​ណា​យើង​មាន​អារម្មណ៍​ថា រាងធុញៗ ឬ​ជួបនឹង​រឿង​មិនល្អ​តាំងពីព្រឹក​នោះ អារម្មណ៍​នោះ​នឹង​នៅ​ដក់​ជាប់​ក្នុង​ចិត្ត​ពេញ 1ថ្ងៃ  ធ្វើ​អ្វី​ក៏​នឹង​រអាក់រអួល​ទាំងអស់។  ដូច្នេះបើ​ចង់ឱ្យ​មានតែ​រឿងល្អៗកើតឡើង និង​ធ្វើឱ្យ​ខួរក្បាល​មាន​អារម្មណ៍​ស្រឡះ​ល្អ គិត​អ្វី​ក៏​ចេញ​ដែរនោះ ត្រូវ​គិត ឬ​នឹក​តែ​រឿងល្អៗ ចំណែកឯ​រឿងអាក្រក់ៗនោះ ក៏​បំភ្លេច​វា​ចោល​ទៅ។

– សម្រាក និង​ងាក​ទៅរក​ខ្យល់អាកាស​បរិសុទ្ធ
ការសម្រាកលម្ហែ​កាយ​ឱ្យ​សប្បាយចិត្ត ក្រោយពី​ធ្វើការ​យ៉ាងធ្ងន់ធ្ងរ​រួចហើយ គឺជា​រឿង​សំខាន់​ណាស់ ព្រោះ​ខួរក្បាល​នឹង​បាន​សម្រាក​ពី​រឿង​សំខាន់ និង​រឿងរ៉ាវ​ដែល​គួរឱ្យ​ធុញទ្រាន់ផ្សេងៗដែល​បាន​ជួប​ជាប្រចាំ​នោះ។ ក្នុង1ឆ្នាំ​អាច​នឹងមាន 2-3ថ្ងៃ ដែល​អ្នក​គួរ​ជ្រើសរើស​ក្នុងការ​ធ្វើដំណើរ​ទៅតាម​ខេត្ត ដើម្បី​រក​កន្លែង​សម្រាក​លម្ហែកាយ​បែបសប្បាយៗ ស្ងប់ស្ងាត់ ឱ្យ​ខួរក្បាល​បាន​សម្រាក រួមទាំង​ស្វែងរក​ខ្យល់អាកាស​ដែល​ប្រាសចាក​ជាតិពុល ដើម្បី​បន្ថែម​ថាមពល​ដល់​ខួរក្បាល។

– រៀន​យល់ដឹង​រឿងថ្មីៗ
ការអភិវឌ្ឍ​ខួរក្បាល​ឱ្យបាន​ផល​ល្អ​ម្យ៉ាងទៀត​នោះ​គឺ ព្យាយាម​រៀន​យល់ដឹង​ពី​រឿងថ្មីៗគ្រប់ពេលវេលា ដូចជា តិច​ណូ​ឡូ​ជីថ្មីៗ រឿងរ៉ាវ​វេជ្ជសាស្រ្តថ្មីៗ ឬ​សូម្បីតែ​មុខម្ហូបឆ្ងាញ់ៗដែល​អ្នក​មិន​ធ្លាប់បាន​ភ្លក្ស​ក៏ដោយ ក៏​អាច​និយាយបានថា ជាការ​ធ្វើឱ្យ​ខួរក្បាល​បាន​អភិវឌ្ឍ​ដូចគ្នា​ដែរ។ ការលេង​ហ្គេម​ពាក្យ​ខ្វែង ក៏​អាចធ្វើឱ្យ​ការចងចាំ​បានល្អ​ឡើងដល់​ទៅ 40%ឯណោះ។

– សរសេរ​អក្សរ​ដោយ​ដៃ​ដែល​មិន​ថ្នឹក
ការសរសេរ ក៏​ជាការ​អភិវឌ្ឍ​ខួរក្បាល​ដូចគ្នា​ដែរ ព្រោះ​ខួរក្បាល​ផ្នែក​ឆ្វេង​របស់​យើង​នោះ គឺជា​ផ្នែក​ដែល​បញ្ជា​លើ​ការសរសេរ បើ​អ្នកណា​ថ្នឹក​ដៃ​ខាង​ណាមួយ​ហើយ ចូរ​សាកល្បង​ហាត់​ប្រើ​ដៃ​ម្ខាង​ទៀត​សរសេរ​អក្សរ ឬ​គូររូប​ម្ដង​មើល ដើម្បីឱ្យ​ខួរក្បាល​បាន​រៀន​យល់ដឹង​នូវ​អ្វីដែល​ថ្មី​បន្ថែម និង​នៅមាន​ចំណែក​ជួយ​ឱ្យ​គំនិត​ខាង​ច្នៃ​បង្កើត​កើនឡើង​ទៀតផង។

– ញញឹម​ជានិច្ច ទោះជា​ផែនដី​ជិត​ផ្ទុះ​ក៏ដោយ ក៏​នៅតែ​ញញឹម​ដែរ
ពេលដែល​យើង​ធ្វើ​អ្វី​ក៏ដោយ បើ​យើង​ញញឹមមនុស្ស​ជុំវិញ​យើង​នឹង​បានដឹង​ពីអារម្មណ៍ល្អៗរបស់​យើង តែ​គួរ​ញញឹម​ចេញ​មកពី​ខាងក្នុង កុំ​ប្រឹង ឬ​បង្ខំចិត្ត។ បើ​អ្នកចេះ​ញញឹម នឹង​ធ្វើឱ្យ​ខួរក្បាល​មានតែ​រឿងល្អៗ មាន​សេចក្តីសុខ។ ការ​ញញឹម​ជាប្រចាំ និង​បន្តបន្ទាប់ រាងកាយ​នឹង​បញ្ចេញ​អេ​ន​ដូ​ហ្វ៊ី​ន ជា​សារធាតុ​ដែល​នឹង​ទៅ​បញ្ចេញ​ឫទ្ធិ​ធ្វើឱ្យ​កែវភ្នែក​មាន​ពន្លឺ​ភ្លឺ​ថ្លា។

– ដកដង្ហើម​ជួយ​ឱ្យ​ខួរក្បាល​ភ្លឺ​ថ្លា
ការដកដង្ហើម​យ៉ាង​ត្រូវ​វិធី មាន​ចំណែក​ជួយ​អភិវឌ្ឍ​ខួរក្បាល​ឱ្យបាន​ផល​ល្អ​ច្រើនណាស់ ព្រោះ​ខួរក្បាល​របស់​យើង​ប្រើ​អុក​ស៊ី​ហែ្ស៊ន​ច្រើន​ដល់​ទៅ 20 – 25% របស់​អុក​ស៊ី​ហែ្ស៊ន​ទាំងអស់​ដែល​ចូលទៅក្នុង​រាងកាយ ដូច្នេះ​បើ​យើង​ចេះ​ដកដង្ហើម ចូល – ចេញ យឺតៗ វែងៗ ត្រឹមតែ 1ថ្ងៃ 15នាទី​នោះ នឹង​ធ្វើឱ្យ​ខួរក្បាល​បានទទួល​កម្លាំង​ថាមពល​យ៉ាង​ពេញទំហឹង​មិន​ខាន។

– ចូល​គេង​ពី​ក្បាល​ព្រលប់
ខាងក្នុង​រាងកាយ​មនុស្ស​យើង​មាន​នាឡិកា​សរីរាង្គ ដូច្នេះ​បើ​យើង​ចូល​គេង​ក្នុងអំឡុង​ពេលដែល​រាងកាយ​បញ្ចេញ​សារធាតុ មេ​ឡា​ថូ​នី​ន​នោះ នឹង​ធ្វើឱ្យ​រាងកាយ និង​ខួរក្បាល​បានទទួល​ការ​សម្រាក​យ៉ាង​ពេញទំហឹង៕

Advertisement