មន្ទីរពេទ្យកុមារអង្គរបន្ថែមការយល់ដឹងដល់អាណាព្យាបាល ពីរបៀបថែទាំកូន និងបង្ការជំងឺបុត្រធីតា តាមរយៈវេទិកាថ្មីមួយ

មន្ទីរពេទ្យ​កុមារ​អង្គរបានបង្ហាញគម្រោងមួយដែលមានឈ្មោះថា​ វេទិកា​តុ​កាហ្វេ​វិទ្យាសាស្ដ្រ ឬ Science Café ជាវេទិកា​​ផ្តល់​ចំណេះដឹង​បន្ថែម​ដល់​ឪពុកម្ដាយ ឬអាណាព្យាបាល​ដែល​មានកូន​មកសម្រាក​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ ដើម្បីបន្ថែម​ការការពារ និង​ថែទាំ​បុត្រធីតា​មិនឱ្យ​មានជំងឺ និង​ចេះ​ថែទាំ​នៅពេល​ពួកគេ​ឈឺ​ថ្កាត់ផងដែរ។​
ការពិតទៅ វេទិកា​តុ​កាហ្វេ​វិទ្យាសាស្ដ្រនេះ បាន​បង្កើតឡើងអស់​រយៈពេល​ 3​ឆ្នាំ​មកហើយ គឺ​តាំងពី​ឆ្នាំ​2016 ​មកម៉្លេះ ដោយមាន​កម្មវិធី​បង្រៀន​ជាប្រចាំ សម្រាប់​ចែករំលែក​ចំណេះដឹង​សុខភាព ដល់​មាតាបិតា​ដែល​នាំ​កូន​មក​ព្យាបាល​ជំងឺ ក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ​។ វេទិកា​នេះ ដូចជា​ថ្នាក់រៀន​មួយ​ដូច្នោះ​ដែរ​ដែល​បង្រៀន​មេរៀន​ពី​ជំងឺ​ផ្សេងៗ​ដែល​ងាយ​កើត​លើ​កុមារ​តូចៗ និង​របៀប​ថែទាំពួកគេ​។​

កញ្ញា ប៉ុល ស្រីមុំ អ្នកស្រាវជ្រាវ​ការិយាល័យ​ស្រាវជ្រាវ​វិទ្យាសាស្ដ្រ Oxford ប្រចាំ​ប្រទេស​កម្ពុជា នៅក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ​បានឱ្យដឹងថា គោលបំណង​នៃ​វេទិកា​នេះ ​គឺ​ផ្តល់​ភាពជិតស្និទ្ធ​រវាង​គ្រូពេទ្យ​និង​អាណាព្យាបាល​កុមារ បង្កើន​ការយល់ដឹង​បន្ថែម​ពី​សុខភាព​កុមារ​ក៏ដូចជា​ជំងឺ​ផ្សេងៗ​ដែល​កំពុង​កើតមាន​។ កញ្ញា ស្រីមុំ បានឱ្យដឹងថា រយៈពេល​ 3​ឆ្នាំ​មកនេះ វេទិកា​នេះ​បាន​អញ្ជើញ​គ្រូពេទ្យ​តាម​ឯកទេស​ជាច្រើន​សម្រាប់​ការធ្វើ​បទ​បង្ហាញ និង​ផ្តល់​ចំណេះដឹង​ផ្នែក​ថែទាំ​កុមារ​ដល់ឪពុកម្ដាយ និង​អាណាព្យាបាលកុមារ ហើយ​មេរៀន​មួយចំនួន​គឺ​បាន​ពី​ការសម្ភាស​អាណាព្យាបាល​ដែល​ពួកគេ​មាន​ចម្ងល់ និង​ចង់ដឹង​បន្ថែម​ពី​អាកា​រជំងឺ និង​របៀប​ថែទាំ​ឱ្យបាន​ល្អប្រសើរ​។ ការបង្រៀន​នេះ​ទៀតសោត បាន​ផ្តោតលើ​ជំងឺ​តាម​រដូវ​កាល ដែល​ឧស្សាហ៍​កើត​លើ​កុមារ ​ដូចជា​ជំងឺ​ផ្ដាសាយ គ្រុន​ឈាម និង​កង្វះ​អាហារូបត្ថម្ភ​ជាដើម​។​

អ្នកស្រី ចាន់ លី​ណា ដែល​បាន​ចូលរួម​ក្នុង​វេទិកា​កាហ្វេ​វិទ្យាសាស្ដ្រ​បាន​និយាយថា កម្មវិធី​នេះ​ពិតជា​ល្អ និង​មាន​សារៈសំខាន់ណាស់ និង​ធ្វើឱ្យ​អ្នកស្រី​ទទួលបាន​ចំណេះដឹង​ថ្មី​បន្ថែម​ទាក់ទង​នឹង​អនាម័យ​ថែទាំ​កូន​។ ​

លោក​វេជ្ជបណ្ឌិត មី​លី​យ៉ា ធី ដែល​ធ្វើជា​គ្រូឧទ្ទេស​ក្នុង​វេទិកា​តុ​កាហ្វេ​វិទ្យាសាស្ដ្រ​កាលពីពេល​ទៅ​ថ្មីៗ​នេះ បាន​និយាយថា លោក​បាន​ចែករំលែក​ចំណេះដឹង​ទាក់ទង​នឹង​ជំងឺ​ដែល​កើតឡើង​តាម​រដូវ​កាល​ទាំង​រដូវប្រាំង ​និង​វស្សា​។ លោក​វេជ្ជបណ្ឌិតបាន​ពន្យល់​ថា រដូវ​កាល​ទាំង2 ​នេះ​តែង​នាំមកនូវ​ជំងឺ​ផ្សេងៗ​គ្នា​ដែល​អាណាព្យាបាល​គួរស្វែងយល់ ពិសេស​ជំងឺ​ផ្ដាសាយ និង​ជំងឺគ្រុនឈាម​ដែល​តែង​កើត​លើ​កុមារភាគច្រើន ប្រសិនបើ​មិនមាន​ការថែទាំ​ត្រឹមត្រូវពីអាណាព្យាបាល​។​

សម្រាប់​លោក​វេជ្ជបណ្ឌិត មី​លី​យ៉ា ការយល់ដឹង​ពី​ជំងឺ​ជាមុន ​ពិតជា​សំខាន់​ណាស់​សម្រាប់​ឪពុកម្ដាយ ព្រោះ​ដើម្បីឱ្យ​កូនៗរបស់ពួកគាត់មាន​អនាម័យ និង​ចេះ​ថែទាំ​កុមារ​កុំឱ្យ​ឈឺ​។ លោក​ថា ការការពារ​ប្រសើរ​ជាង​ការព្យាបាល ហើយ​លោក​ជឿថា អាណាព្យាបាល​ទាំងអស់​នឹង​យកចំណេះ​ដឹង​ដែល​បាន​រៀន​ពី​គ្រូពេទ្យ​ទៅ​អនុវត្ត​ប្រសិន​ពួកគេ​ស្រឡាញ់​សុខភាព​កូន​។​

កញ្ញា ប៉ុល ស្រីមុំ យល់ថា វេទិកា​នេះ​មាន​សារៈសំខាន់ និង​ជា​ឱកាស​ដែល​ឱ្យ​វាគ្មិន​ជា​គ្រូពេទ្យ​មាន​ពេល​ផ្តល់ព័ត៌មាន​កាន់តែ​លម្អិត​ទាក់ទង​នឹង​ជំងឺ រីឯអាណាព្យាបាល​អ្នកជំងឺវិញ ក៏ពួកគាត់​មានឱកាស​ជជែក​វែកញែក​ទាក់ទង​នឹង​អាកា​រ​ជំងឺរបស់​កូន និង​មាន​សំណួរ​ទាក់ទង​នឹង​ជំងឺ​របស់​កូនពួកគាត់ដែរ​៕

Advertisement