អាការ​ងងុយគេង​ពេលថ្ងៃ​ បញ្ជាក់​ពី​ការ​ហុច​ផល​មិនល្អ​ចំពោះ​សុខភាព​តើ​គួរ​ដោះស្រាយ​បែប​ណា​?

អាការ​ងងុយគេង​នៅពេល​ថ្ងៃ​ អាច​បញ្ជាក់​ប្រាប់​យើង​ឱ្យ​ដឹងពី​ការ​គេង​មិនបាន​គ្រប់គ្រាន់​នៅពេល​យប់​ និង​ការ​បូក​ផ្សំ​ជាមួយ​ភាព​នឿយហត់​អស់កម្លាំង​ក្នុង​រាងកាយ​។ ជាក់ស្ដែង​ អាការ​ងងុយគេង​ខ្លាំង​នៅពេល​ថ្ងៃ​ ក៏​ជា​សញ្ញា​មួយ​នៃ​វិ​បត្ដិ​ដំណេក​ដែល​នាំ​ឱ្យ​ងាយ​កើត​ជំ​ងឺ​ផ្សេង​ៗ ជាពិសេស​ ប្រឈមមុខនឹង​ការ​ចុះ​ជាតិ​ស្ករ​នៅក្នុង​រាងកាយ​។ យ៉ាងណាមិញ​ វា​ក៏​មានការ​ហុច​ផល​អាក្រក់​ចំពោះ​អារម្មណ៍​រួមមាន​ដូចជា​ អាការ​ធ្លាក់ទឹក​ចិត្ដ​ អាការ​ថប់បារម្ភ​ ស្ដ្រេស​ សភាព​ធុញទ្រាន់​ក៏អាច​បណ្ដាល​ឱ្យ​កើត​ចេញ​នូវ​វិ​បត្ដិ​ដំណេក​នេះ​ផង​ដែរ​។

អាការ​អត់ងងុយ​ អាច​ជះឥទ្ធិពល​ទៅលើ​ផលិតភាព​ការងារ​របស់​អ្នក​ និង​បង្កក្ដី​រំខាន​ដល់​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក​ ដោយសារ​ប្រព័ន្ធ​ខួរ​ក្បាល​ធ្វើការ​ខុសប្រក្រតី​។ ការផ្លាស់ប្ដូរ​របៀប​រស់នៅ​ ការ​ទទួលទាន​អាហារ​ល្អ​ចំពោះ​សុខភាព​ និង​ការរៀបចំ​កាលវិភាគ​គេង​ឱ្យ​បាន​សមស្រប​ អ្នក​អាច​ប្រឆាំង​នឹង​អាការ​អត់ងងុយ​បាន​យ៉ាង​ងាយស្រួល​។ ប៉ុន្ដេ​ទោះជាយ៉ាងណា​ សូមអ្នក​ធ្វើការ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ពិនិត្យ​សុខ​ភាព​ ប្រសិន​អ្នកចាប់​ផ្ដើម​ប្រើ​ថ្នាំង​ងុយ​គេ​ប្រភេទ​ណាមួយ​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​ ដោយ​ចៀសវាង​លេបថ្នាំ​ច្រើនលើស​កំណត់​ ដែល​នាំ​រង​របួស​ដល់​ផ្នែក​ខួរក្បាល​។

អាការ​គេង​មិនបាន​គ្រប់គ្រាន់​នេះ​ និង​អាការ​គេង​មាន​សំឡេង​រំខាន​ គឺជា​ហេតុផល​ពីរ​ដ៏​ចម្បង​នៅ​ពីក្រោយ​ការ​ងងុយគេង​ពេលថ្ងៃ​។ ដូច្នេះ​ ការ​កំណត់កាល​វិភាគ​គេង​ឱ្យ​បាន​សមស្រប​ គឺជា​វិធីសាស្ដ្រ​មួយ​ដ៏​ប្រសើរ​ ដើម្បី​បង្ការ​ភាព​ងងុយ​គេង​ពេលថ្ងៃ​។ ការ​គេង​បាន​ប្រក្រតី​ នឹង​ជួយ​អ្នកការពារ​ប្រឆាំង​នឹង​ការ​ធ្លាក់ចុះ​ថាមពល​រាង​កាយ​ ការ​ស្រុត​ចុះ​កម្លាំង​ ការ​ធ្លាក់ទឹក​ចិត្ដ​ និង​ស្ដ្រេស​។ មនុស្ស​ផ្សេង​ពីគ្នា​ តែង​ត្រូវការ​នូវ​កម្រិត​នៃ​ពេលវេលា​គេង​ខុស​ៗគ្នា​ ដើម្បី​ជួយ​ឱ្យ​រាង​កាយ​បំពេញមុខ​ងារ​បាន​ប្រក្រតី​ ប៉ុន្ដែ​ទោះជាយ៉ាងណា​ ពេលវេលា​នៃ​ការ​គេង​ពី7ទៅ8ម៉ោង​ក្នុង​មួយ​យប់​គឺ​គ្រប់គ្រាន់​ ដើម្បី​ជួយ​ឱ្យ​រាងកាយ​របស់​អ្នក​បំពេញមុខ​ងារ​បាន​ប្រក្រតី​។

ការ​គេងលក់​ស្រួល​ដោយ​គ្មាន​ការ​រំខាន​នា​ពេលយប់​ ឱ្យ​បាន​ពី7ទៅ8ម៉ោង​ក្នុង​មួយ​យប់​ គឺ​ពិតជា​ល្អប្រពៃ​ណាស់​។ អ្នក​ត្រូវ​ចងចាំ​នូវ​ពាក្យ​មួយ​ឃ្លា​ថា​ “ឆាប់​ចូលគេង​ និង​ឆាប់​ភ្ញាក់​ពី​ដំណេក​”។ ពិត​ណាស់​ការ​គេង​ច្រើនពេក​ ក៏​នឹង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការងារ​ ឬការសិក្សា​បន្ថែម​នៅផ្ទះ​របស់​អ្នកផង​ដែរ​ ប៉ុន្ដែ​បើ​អ្នក​អាច​ធ្វើ​វា​បាន​ នោះ​គ្មាន​ផ្លូវ​ដែល​អ្នក​ត្រូវ​អង្គុយ​ងោក​នៅ​ក្នុង​ថ្នាក់រៀន​ ឬនៅ​ការិយាល័យ​នោះ​ទេ​។ អ្នក​គួរ​តែ​ផ្អាក​ការ​គេង​នៅពេល​ថ្ងៃត្រង់​ ក៏​ព្រោះ​វា​អាច​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ការ​គេង​នា​ពេលយប់​ផង​ដែរ​។

អ្នក​អាច​ចាប់ផ្ដើម​ថ្ងៃ​ថ្មី​របស់​អ្នកជា​មួយ​នឹង​ពន្លឺ​ព្រះអាទិត្យ​ ដោយ​ឱ្យ​រាងកាយ​ប៉ះ​នឹង​ពន្លឺ​ព្រះអាទិត្យ​ឱ្យ​បាន​រាល់ថ្ងៃ​។ ជាក់ស្ដែង​ពន្លឺ​ព្រះ​អាទិត្យ​អាច​ជួយ​គ្រប់គ្រង​វដ្ដ​នៃ​ការ​គេង​ និង​ការ​ភ្ញាក់​ពី​គេង​របស់​អ្នក​ ពីព្រោះ​វា​ជួយ​ឱ្យ​ខួរក្បាល​ចងចាំ​ថា​ ពេលណា​ត្រូវ​ភ្ញាក់​ពី​គេង​។ ម្យ៉ាងទៀត​ ពន្លឺ​ព្រះអាទិត្យ​ជួយ​ឱ្យ​រាងកាយ​ផលិត​ចេញ​នូវ​វីតាមីនD​។ ការសិក្សា​ស្រាវជ្រាវ​មួយ​ កាលពី​ឆ្នាំ​2013​ ចុះផ្សាយ​នៅក្នុង​ទស្សនាវដ្ដី​ឱសថ​ជំនួយ​ការ​គេង​បាន​ណែនាំ​ថា​ ភាព​កង្វះ​វីតាមីនD​ អាច​មាន​ទំនាក់ទំនង​ទៅ​នឹង​បញ្ហា​គេង​ ជាពិសេស​ភាព​ងងុយគេង​ពេលថ្ងៃ​។

មួយវិញទៀត​ អ្នក​អាច​ប្រោស​ទឹក​ត្រជាក់​លើ​មុខ​របស់​អ្នក​ឱ្យ​ត្រជាក់​ស្បែក​មុខ​ នៅពេល​ដែល​អ្នកមាន​អារម្មណ៍​ងងុយគេង​ អ្នក​អាច​លុប​មុខនឹង​ទឹក​ត្រជាក់​។ ការផ្លាស់ប្ដូរ​សីតុណ្ហភាព​ភ្លាម​ៗជួយ​បំបាត់​អារម្មណ៍​ងងុយគេង​ និង​លើក​កម្ពស់​កម្រិត​ថាមពល​ ព្រមទាំង​ជួយ​ឱ្យ​ផ្ដោត​អារម្មណ៍​បាន​ល្អ​ផង​ដែរ​។ ក្រោយពេល​ប្រោស​ទឹក​ត្រជាក់​នៅ​លើ​មុខ​របស់​អ្នក​ ដោយ​ឈរ​បែរ​មុខ​ទៅ​ម៉ាស៊ីន​ត្រជាក់​ ដើម្បី​ធ្វើ​ឱ្យ​ការ​ដាស់​អា​រម្ម​ណ៍​ដោយ​ទឹក​នេះ​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​។ ណាមួយ​បើ​អាច​ អ្នក​ក៏អាច​ងូតទឹក​ត្រជាក់​នៅពេល​ព្រឹក​ ដើម្បី​បំបាត់ចោល​នូវ​ភាព​ងងុយ​គេង​ និង​លើក​កម្ពស់​ចរ​ន្ដ​ឈាម​រត់​ផង​ដែរ​។

ខាងក្រោម​នេះ​គឺជា​វិធី​ជួយ​ឱ្យ​អ្នក​គេងលក់​ស្រួល​នា​ពេលយប់​៖
1. រក្សា​កាលវិភាគ​គេង​ ដែល​កំណត់​ឱ្យ​បាន​ច្បាស់លាស់​ពី​ពេលវេលា​គេង​ និង​ពេល​ក្រោក​ពី​គេង​។
2. រក្សា​បន្ទប់គេង​របស់​អ្នក​កុំឱ្យ​មាន​ពន្លឺ​ ដើម្បី​លើកកម្ពស់​ការ​គេង​យ៉ាង​ស្កប់ស្កល់​។ ប្រសិន​បើ​ចាំបាច់​ សូម​ប្រើ​ក្រណាត់​ ឬវាំងនន​ ដើម្បី​បិទ​កុំឱ្យ​ពន្លឺ​ជះ​ពី​ខាងក្រៅ​ចូល​ទៅ​រំខាន​។
3. ប្រើ​ពូក​ ដែល​មានគុណ​ភាពល្អ​ កម្រាល​ស្អា​តៗ​ និង​ខ្នើយ​ទន់​ៗ ដើម្បី​លើកកម្ពស់​គុណ​ភាព​ដំណេក​របស់​អ្នក​។
4. អាន​សៀវភៅ​ ឬធ្វើ​យូ​ហ្កា​ឱ្យ​បាន20នាទី​ មុន​ពេល​ចូលគេង​។
5. កំណត់​ការ​សំឡឹង​មើល​អេក្រង់​កុំព្យូទ័រ​ ទូរទស្សន៍​ ឬទូរស័ព្ទ​ដៃ​ឱ្យ​បាន​សមស្រប​មុន​ពេល​ចូលគេង​៕

Advertisement