6 ចំណុច​នៃ​គុណ​ប្រ​យោន៍​ទឹកកក ក្នុងការ​រក្សា​សម្រស់

អ្នក​ប្រហែលជា​ធ្លាប់​ដឹង​ហើយ​ថា ទឹកកក មានគុណ​ប្រយោជន៍​ជាច្រើន​រួមមាន​ដូចជា ក្លាសេ​បន្លែ សាច់ និង​គ្រឿងទេស ជួយ​បង្កើត​រសជាតិ​របស់​ភេសជ្ជៈ​ជាដើម។ អ្នកខ្លះ​ទៀត​បាន​យក​ទឹកកក​ទៅ​ស្អំ​ពោះ ស្អំ​ដៃជើង ដើម្បី​ជួយ​រំលាយ​គ្រាប់​ឈាមកក​បាន​ផងដែរ។

ក្រៅពីនេះ​តើ​អ្នកមាន​ធ្លាប់ប្រើ​ដុំ​ទឹកកក​ដាក់​នៅលើ​ផ្ទៃមុខ​របស់​អ្នក​ដែរឬទេ? ប្រសិនបើ​អ្នក​ឆ្ងល់​ថា ហេតុ​អី្វ​ចាំបាច់​ធ្វើ​ដូចនេះ​នោះ អ្នក​ត្រូវតែ​ធ្វើការ​ស្វែងយល់​នូវ​អត្ថប្រយោជន៍​របស់​ដុំ​ទឹកកក​ចំពោះ​សម្រស់​ហើយ ព្រោះ​ដុំ​ទឹកកក​អាច​ប្រើ​សម្រាប់​ជួយ​ដល់​ការលើក​សម្រស់​បានជា​ច្រើន​យ៉ាង។ ពេលនេះ ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​ជម្រាបជូន​ពី​ការថែរក្សា​សម្រស់​ដោយ​ប្រើ​ដុំ ទឹកកក​ដូចខាងក្រោម​នេះ។

1/ សម្រួល​លំហូ​វិល​នៃ​ចរន្ដឈាម​រត់

ប្រសិនបើ​អ្នកយក​ដុំ​ទឹកកក​មក​ត្រដុស​នៅលើ​ផ្ទៃមុខ នោះ​វា​នឹង​អាច​បង្កើន​ដល់​ចរន្តឈាមរ​ត់របស់​អ្នក​ឱ្យ​ដំណើរ​ការល្អ។ ជា​លទ្ធផល​នោះ គឺ​វា​មាន​ប្រសិទ្ធភាព​ក្នុងការ​បង្ការ​ដល់​សញ្ញា​នៃ​ភាព​ចាស់​មុន​វ័យ។ អ្នក​អាច​យក​ដុំ​ទឹកកក​មក​ជូត និង​ត្រដុសថ្នមៗនៅលើ​ផ្ទៃមុខ​របស់​អ្នក​ក្នុង​យៈ​ពេល1នាទី នោះ​វា​នឹងធ្វើ​ឱ្យ​ផ្ទៃ មុខ​របស់​អ្នក​ភ្លឺ​ថ្លា​តាមបែប​ធម្មជាតិ​ជាមិនខាន​ឡើយ។ អ្នក​អាចធ្វើ​ដូចនេះ​ឱ្យបាន2ដង​ក្នុង​មួយ​សប្តាហ៍។

2/ បំបាត់​មុន​នៅលើ​ផ្ទៃមុខ

ការយក​ដុំ​ទឹកកក​មក​ត្រដុស​ជូតថ្នមៗនៅលើ​ផ្ទៃមុខ​នៃ​តំបន់​ដែល​ត្រូវបាន​រងគ្រោះ​ដោយសារ​ការកើត​មុន គឺ​វា​អាចជួយ​កាត់បន្ថយ​បាន​នូវ​ស្ថានភាព​អាក្រក់​របស់​មុន។ អ្នក​គួរ​អនុវត្តតាម​វិធី​នេះ​ឱ្យ​បានជា​បន្តបន្ទាប់​ទើប​អាច​ផ្តល់នូវ​ផលិតផល​ដ៏​ល្អ​ដល់​ផ្ទៃមុខ​របស់​អ្នក។ ចូរ​យក​ដុំ​ទឹកកក​មក​ត្រដុស​នៅលើ​ផ្ទៃមុខ​របស់​អ្នក​ឱ្យបាន1 ឬ2នាទី។ ប្រសិនបើ​នៅលើ​ផ្ទៃមុខ​របស់​អ្នក​ត្រង់​កន្លែង​ណា​ដែល​ហាក់​មាន​សភាព​ស្ពឹក នោះ​អ្នក​ត្រូវ​សម្រាក1នាទី​សិន រួច​សឹម​ចាប់ផ្តើម​ធ្វើ​វា​ម្តងទៀត។

ការធ្វើ​បែបនេះ គឺ​អាចជួយ​កម្ចាត់​មុន​ក្នុង​កម្រិត​ស្រាល​បាន ដោយ​ប្រើពេល​ត្រឹមតែ​រយៈពេល2ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​ត្រូវ​ប្រាកដ​ចិត្ត​ថា ស្បែក​របស់​អ្នក គឺអាច​ទទួលយក​នូវ​ភាព​ត្រជាក់​បែបនេះ​បាន មុន​ពេលដែល​អ្នកសម្រេច​ជ្រើសរើស​អនុវត្តតាម​វិធី​នេះ ចៀសវាង​មាន​បញ្ហា​ចំពោះ​ស្បែក​មុខ​របស់​អ្នក។

3/ ព្យាបាល​ការ​រលាក​ដោយសារ​កម្ដៅ​ថ្ងៃ

ដុំ​ទឹកកក​អាចជួយ​សម្រាល​ដល់​ស្ថានភាព​នៃ​ការ​រលាក​នឹង​កម្ដៅថ្ងៃ។ ដាក់​ដុំ​ទឹកកក2 ឬ3ដុំ​នៅក្នុង​ក្រណាត់ និង​យក​វា​មក​ជូត​នៅ​តំបន់​ដែល​កំពុងមាន​បញ្ហា ហើយ​សូម​ធ្វើបែបនេះ​ឱ្យបាន 2ទៅ 3ដង។ វា​អាចជួយ​សម្រាល​ដល់​ការ​រមាស់​ដែល​បណ្តាលមកពី​ស្ថានភាព​រលាក​ដោយ​កម្តៅថ្ងៃ។

4/ លុបលាង​ជាតិ​កង្វក់​នៅលើ​ស្បែ​កមុខ

អ្នក​មិនចាំបាច់​មានការ​ភ្ញាក់ផ្អើល​នោះទេ នៅពេល​អ្នក​បានឮ​ដូចនេះ។ ដុំ​ទឹកកក ប្រសិនបើ​ត្រូវបាន​គេ​ប្រើ វា​មក​ត្រដុស​នៅលើ​ផ្ទៃមុខ មុនពេល​អ្នក​ចាប់ផ្តើម​លាប​គ្រឿងសម្អាង គឺអាច​ជួយ​ឱ្យ​គ្រឿងសម្អាង​ជាប់​បានយូរ។

5/ ព្យាបាល​ការ​រលាក និង​ហើម​ភ្នែក

តើ​អ្នក​ធ្លាប់​រងគ្រោះ​ពី​ស្ថានភាព​នៃ​អាការ​ហើមប៉ោង​នៅលើ​ត្របកភ្នែក ឬ​រលាក និង​មាន​សរសៃ​ក្រហម​នៅក្នុង​ភ្នែក​ដែរឬទេ? ដាក់​ដុំ​ទឹកកក​មួយចំនួន​នៅក្នុង​ក្រណាត់​ទន់​មួយ រួច​ដាក់​វា​នៅក្រោម​ភ្នែក​របស់​អ្នក។ វិធី​នេះ​គឺ​អាចជួយ​សម្រាល​នូវ​ភាព​ហើមប៉ោង​បាន។ ដុំ​ទឹកកក ក៏​អាចជួយ​សម្រាល​ដល់​ភាព​នឿយហត់​របស់​គ្រាប់ភ្នែក ហើយ​វា​ក៏ត្រូវ​បាន​គេ​ប្រើ​សម្រាប់​បញ្ហា​រោគសញ្ញា​នៃ​ការ​ស្ងួត​គ្រាប់ភ្នែក​បាន​ផងដែរ។

6/ ធ្វើ​ម៉ាស​បិទមុខ

តើ​អ្នកមាន​ធ្លាប់ប្រើ​ម៉ា​សកក​ត្រជាក់​បិតមុខ​ដែរឬទេ? ចូរ​លាយ​ទឹក​ត្រសក់ និង​ទឹក​ផ្កាកូលាប។ បន្ទាប់មក​ដាក់​វា​ក្លាសេ​ឱ្យ​កក រួច​យក​វា​ចេញមកក្រៅ និង​ដាក់​វា​ស្អំ​នៅលើ​ផ្ទៃមុខ​របស់​អ្នក។ ម៉ាស​កក​ត្រជាក់​នេះ អាចជួយ​កាត់បន្ថយ​នូវ​ស្នាម​ជាំ និង​ស្នាម​ជ្រាវ-ជ្រួញ​នៅលើ​ស្បែក​មុខ​របស់​អ្នក​បាន។ ហើយ​វា​ក៏​អាចជួយ​ធ្វើឱ្យ​ស្បែក​មុខ​របស់​អ្នក​ស្រស់ថ្លា​ជាង​មុន​តាមបែប​ធម្មជាតិ​ដែរ៕

Advertisement