រឿង7យ៉ាង ដែល​អ្នក​មិន​ធ្លាប់​ដឹង ពាក់ព័ន្ធ​នឹង​ទឹកភ្នែក…

មនុស្ស​យើង​គ្រប់រូប ម្នាក់ៗសុទ្ធ​តែមាន​សម្ពន្ធភាព​យ៉ាង​ស៊ីជម្រៅ​ជាមួយ​ទឹកភ្នែក​ពេញ​មួយជីវិត​សាកល្បង​គិត​ទៅ​មើល៍ នៅពេល​កើតមក​ភ្លាម រឿង​ដំបូង​គេ​ដែល​យើង​ធ្វើ​មុននឹង​បើកភ្នែក​មើល​ពិភពលោក គឺ​ការ​ហាមាត់​ស្រែកយំ លុះដល់​ធំ​ឡើង​យើង​ក៏​ប្រើ​ទឹកភ្នែក​បង្ហាញ​ពី​អារម្មណ៍​សោកស្ដាយ​ខូចចិត្ត ឬ​ត្រេកអរ​នៅពេល​ខ្លះ និង​ច្រើនដង​ណាស់ដែ​លវា​ហូរ​ចេញមក​ប្រៀប​ដូច​ទឹកបាក់​ទំនប់ ដោយសារ​គ្រាន់តែ​យើង​ហាន់​មើម​ខ្ទឹមបារាំង។

មើលទៅ​វា​ហាក់ដូចជា តំណក់ទឹកថ្លាៗដែល​ហូរ​ចុះ​មកលើ​ថ្ពាល់​របស់​យើង តែ​វា​មាន​រឿងរ៉ាវ​អាថ៌កំបាំង​ច្រើន​គួរសម…

ដូច្នេះ​ថ្ងៃនេះ​យើង​នាំគ្នា​មក​មើ​លពី​រឿង7យ៉ាង​ដែល​យើង​មិន​ធ្លាប់​ដឹង​ពាក់ព័ន្ធ​នឹង​ទឹកភ្នែក​នេះ ធានាថា លោកអ្នក​ច្បាស់​ជា​នឹក​ចម្លែក​ចិត្ត​មិន​ខាន។

1/ ហៅថា “ទឹកភ្នែក” តែ​មិនមែនជា “ទឹក” ទេ
ទឹក​ដែល​ហូរ​ចេញ​មកពី​កែវភ្នែក វា​ត្រូវតែ​ជា​ទឹក​ហ្នឹងហើយ! មិន​ខុស​ទេ! តែ​ក៏​មិនបាន​ត្រឹមត្រូវ​ទាំងអស់​ដែរ។ ការពិតទៅ ទឹកភ្នែក​របស់​យើង​មាន​លក្ខណៈ​ដូចជា​បន្ទះ​ហ្វ៊ីល​ម៍​ដែល​ដាក់ពីលើ​គ្នា3ជាន់។ ជាន់​ក្រៅ​បំផុត ឬ “ស្រទាប់​ខ្លាញ់” (Lipid layer) មាន​ខ្លាញ់​ជា​ផ្នែក​ផ្សំ​ចម្បង មាន​តួនាទី​ការពារ​ការ​ហើរ​ស្ងួត​របស់​ទឹកភ្នែក បញ្ចៀស​ពន្លឺ​និង​ជួយ​ក្នុង​ការមើលឃើញ។

ជាន់​ទី​ពីរ ហៅថា “ស្រទាប់​សារធាតុ​ទឹក” (Aqueous layer) ប្រាកដ​ណាស់! មាន​ទឹកជា​ចំណែក​ផ្សំ​ចម្បង និង​នៅមាន​ផ្សំ​ដោយសារ​ធាតុ​សំខាន់ផ្សេងៗដូចជា អំបិល​រ៉ែ ប្រូ​តេ​អី​ុ​ន និងសារធាតុ​ការពារ​ជំងឺផ្សេងៗទៀតផង។ មុខនាទី​របស់​ស្រទាប់​សារធាតុ​ទឹកភ្នែក​ដែល​សំខាន់បំផុត​គឺ ផ្ដល់​អុក​ស៊ី​ែ​ហ្សន​ដល់​កែវភ្នែក និង​ជា​ប្រភព​អាហារ​សំខាន់​របស់​កែវភ្នែក។

ជាន់​ក្នុង​បំផុត ជា “ស្រទាប់​រំអិល” (Mucouslayer) ប្រកបដោយ​រំអិល ប្រូ​តេ​អី​ុ​ន និង​អំបិល​រ៉ែ មាន​តួនាទី​ធ្វើឱ្យ​ស្រទាប់​កញ្ចក់ភ្នែក​រាប ជួយ​ឱ្យ​សម្លឹងមើល​ឃើញច្បាស់ ជួយ​រំអិល​ស្រទាប់ផ្នែក​ខាងមុខ​កែវភ្នែក និង​ស្ទាក់ចាប់​វត្ថុ​ប្លែក​ចម្លែក​ជួយ​ការពារ​មិនឱ្យ​ភ្នែក​ជាប់​មេរោគ។

2/ ច្រើនជាង1 តែមាន​ដល់​ទៅ3

ប្រយោគ​នេះ​មិនមែនជា​ការផ្សាយ​ពាណិជ្ជ-កម្ម​លក់ទំនិញ​ទេ តែ​ជា​ប្រភេទ “ទឹកភ្នែក” របស់​មនុស្ស​យើង​ហ្នឹងឯង។ ទោះជា​មាន​សភាព និង​រូបរាង​ទ្រង់ទ្រាយ​ដូចគ្នា​ទាំងអស់​មែន តែ​ការពិតវិញ ទឹកភ្នែក​មាន​ដល់​ទៅ3ប្រភេទ​ឯណោះ។

– Basal Tear ទឹកភ្នែក​ដែល​ហូរ​ចេញមក​គ្រប់ពេលវេលា ដើម្បី​ផ្ដល់​សំណើម​ដល់​កែវភ្នែក និង​ការពារ​ធូលី​ដី។

–  Reflex Tear បើ​ត្រឹម​តែមាន​ធូលី​ដី​ហើរ​ចូល​ភ្នែក ហើយ​ចេញ​ទឹកភ្នែក​នោះ ហ្នឹងហើយ​គឺ Reflex Tear។ ជា​ទឹកភ្នែក​ដែល​ហូរ​ចេញមក​ក្នុង​បរិមាណ​ច្រើន​នៅពេល​មាន​កម្ទេច​អ្វី​ម្យ៉ាង​ចូលភ្នែក ឬ​នៅពេល​មាន​អារម្មណ៍​ថា ក្ដៅក្រហាយ​ភ្នែក ដូចជា ពេល​ហាន់​មើម​ខ្ទឹមបារាំង ឬ​ប៉ះ​នឹង​ពន្លឺ​ចាំងខ្លាំងៗជាដើម។

– Emotional Tear ជា​ទឹកភ្នែក​ដែល​មានតែ​មនុស្ស​ប៉ុណ្ណោះ​ដែល​អាច​បង្ហូរ​ចេញមក​បាន។ វា​នឹង​ហូរ​ចេញមក​នៅពេល​កើតមាន​អារម្មណ៍ផ្សេងៗ ដូចជា សោកសៅ ខូចចិត្ត អផ្សុក ខកបំណង​ស្នេហ៍ និង​ត្រេកអរ​ខ្លាំង​ជាដើម តែ​ភាគច្រើន… ប្រាកដ​ណាស់! ជា​ទឹកភ្នែក​នៃ​ក្ដី​សោកស្ដាយ​ខូចចិត្ត។

3/ មិន​យំ មិនមែន​មានន័យថា មិនមាន​ទឹកភ្នែក​នោះទេ

កុំអាល​ភ្ញាក់ផ្អើល​អី! ព្រោះ​អាច​នឹង​ស្ដាប់​មើលទៅ​រាង​កម្សត់ តែ​វា​ជាស​ភាវ​ប្រក្រតី​របស់​រា​ង​កាយ​មនុស្ស​យើង។ ទឹកភ្នែក​ប្រភេទ Basal Tear របស់​យើង​នឹង​ហូរ​ចេញមក ដើម្បី​ថែរក្សាឮកែវភ្នែក​ឱ្យមាន​សំណើម​គ្រប់ពេលវេលា តែ​ហូរ​ចេញមក​ក្នុង​បរិមាណ​តិច​បំផុត មួយថ្ងៃ​ត្រឹមតែ5-10អន​ស៍ប៉ុ​ណ្ណោះ ហើយនឹង​ហើរ​ស្ងួត​ទៅវិញ​ប្រមាណ​ជា10%-20% គ្រប់​ពេលដែល​យើងបើកភ្នែក ទើប​យើង​ស្ទើរតែ​មិនដឹង​ឡើយ​ថា មាន​ទឹកភ្នែក​កំពុង​ថែទាំ​យើង។

4/ ទឹកភ្នែក និង​ទឹកសមុទ្រ… ដូចគ្នា​ទេ?

ហេតុ​អី​បានជា​ទឹកភ្នែក​មាន​រសជាតិ​ប្រៃ​ដូច​ទឹកសមុទ្រ​ដែរ? ជា​ទឹក​តែមួយ​ដូចគ្នា ឬ​យ៉ាងណា? ចម្លើយ​គឺ ទេ… ខុសគ្នា​ស្រឡះ! ព្រោះ​នៅក្នុង​ទឹកភ្នែក និង​ទឹកសមុទ្រ​មាន​ចំណែក​ផ្សំ​របស់ “អំបិល” ឬ​សូ​ដ្យូ​ម​ខ្លូ​រ៉ា​យ​ដ៍​ដូចគ្នា​មែន តែ​កម្រិត​ជាតិ​ប្រៃ​របស់​ទឹកភ្នែក​ខុសប្លែក​ពីគ្នា​អាស្រ័យលើ​បច្ច័យ​ជាច្រើន ដូចជា ការ​យំ និង​ការ​ត្រេកអរ ឬ​រំភើបចិត្ត​ជាដើម។

5/ គ្មាន​ទឹកភ្នែក… អាច​នឹង​មើលឃើញ​មិន​ច្បាស់

អ្នកណា​ទៅ​ដឹងថា វត្ថុ​សំខាន់​មួយ​ដែល​ធ្វើឱ្យ​មនុស្ស​យើង​មើលឃើញ​បាន​ច្បាស់​នោះ​គឺ “ទឹកភ្នែក”?ក្រៅពី​នឹង​ជួយ​ឱ្យមាន​សំណើម​ដល់​កែវភ្នែក​ហើយ ទឹកភ្នែក​នៅ​ជួយ​សម្អាត​កញ្ចក់ភ្នែក ធ្វើឱ្យ​យើង​មើលឃើញ​បាន​ច្បាស់​ល្អ​ឡើង។ ដូច្នេះ យើង​គួរ​មើលថែទាំ​សុខភាព​កែវភ្នែក​ឱ្យមាន​ទឹកភ្នែក​ចេញមក​ចិញ្ចឹម​កែវភ្នែក​ជាប់​ជានិច្ច​ដោយ​ការ​ឧស្សាហ៍​ប្រិច​ភ្នែក​ឱ្យបាន​ញឹកញាប់ចៀសវាង​ពី​បរិស្ថាន និង​ទង្វើ​ដែល​ធ្វើឱ្យ​ទឹកភ្នែក​ងាយ​ហើរ​ស្ងួត ដូចជា​ការប្រើ​ខ្សែ​ភ្នែកយូរៗជាដើម។

6/ មាន​អារម្មណ៍​តានតឹង​ពិបាកចិត្ត ក៏​យំ​ចេញមក!

ផ្នែក​មួយ​ពី​ការសិក្សា​ស្រាវជ្រាវ​រឿង​ទឹកភ្នែក​របស់លោក William Frey អ្នក​ជីវគីមី​នៃ​មជ្ឈមណ្ឌល​វិភាគ​កែវភ្នែក​បាន​ប្រាប់ថា គ្រប់​ពេលដែល​យើង​ទួញ​យំ សារធាតុ​អេ​ន​ដូ​ហ្វ៊ី​ន​នឹង​ហូរចេញមក ជួយ​កាត់បន្ថយ​កម្រិត​អ័រម៉ូន​នៃ​ភាព​តានតឹង​ពិបាក​ចិត្តបាន។ ដោយ​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់ Frey ក៏បាន​រកឃើញ​ទៀតថា មនុស្ស​ប្រុស​ជាង73% និង​ស្ត្រី​ជាង 75% និយាយថា មាន​អារម្មណ៍​ធូរស្រាល និង​សប្បាយចិត្ត​ឡើងវិញ​នៅពេល​បាន​យំ​រួច។

7/ តើ​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​យំ​ដូចគ្នា​ឬទេ?

ការសិក្សា​ស្រាវជ្រាវ​ពី​ស្ថាប័ន​ជាច្រើន​បាន​រកឃើញថា “ស្ត្រី​មាន​សញ្ញា​ថា​នឹង​យំ​ញឹកញាប់​ជាង​បុរស” ដោយ​អ្នក​គីមីវិទ្យា  William Frey ប្រធាន​ក្រុម​អ្នកស្រាវជ្រាវ​ដែល​បាន​ប្រើពេលវេលា​សិក្សា​អំពី​ទឹកភ្នែក​ជាពិសេស​អស់​រយៈពេល​ដល់​ទៅ15ឆ្នាំ​បាន​រាយការណ៍​ថា ក្នុង1ខែ​ស្ត្រី​យំ5.3ដង ចំណែក​បុរស​វិញ​យំ​ប្រមាណ​តែ1.4ប៉ុណ្ណោះ។ ភាព​ញឹកញាប់​នៃ​កា​រយំ​ដែល​ខុសប្លែក​ពីគ្នា​នេះ មួយផ្នែក​កើតឡើង​ពី “អ័រម៉ូន​ប្រូ​លែ​ក​ទីន” ដែល​រាងកាយ​នឹង​ផលិត​ចេញមក​នៅពេលដែល​យើង “មាន​អារម្មណ៍​ខ្លាំង​ដល់ទី​បំផុត” ដូចជា ត្រេកអរ​បំផុត រំភើបចិត្ត​បំផុត ខូចចិត្ត ឬ​សោកស្ដាយ​បំផុត រហូត​ទៅដល់​មួម៉ៅ​តានតឹង​តែ​និយាយ​មិន​ចេញ និង​ពិបាកចិត្ត​បំផុត​ជាដើម។ ក្នុងអំឡុង​អារម្មណ៍​បែបនេះ រាងកាយ​នឹង​ទម្លាយ​ចេញមក​ជា​ដំណក់ទឹកភ្នែក ដើម្បីបញ្ចុះ​កម្រិត​ភាព​តានតឹង ដោយ​ស្ត្រី​នឹង​ផលិត​អ័រម៉ូន​នេះ​បាន​ច្រើនជាង​បុរស​ដល់​ទៅ4ដង ទើប​វា​ជាដើម​ហេតុ​ឱ្យ​មនុស្ស​ស្រី​មាន​សញ្ញា និង​ទំនោរ​ក្នុងការ​ឆាប់​ទួញ​យំ និង​រំអួយ​ជាង​បុរស តែទាំងអស់នេះ វា​អាស្រ័យ​លើ​ែ​ែ​ហ្សន ខ្នាត​របស់​បំពង់​បង្ហូរទឹកភ្នែក​របស់​ម​នុស្សម្នាក់ៗ និង​ការចិញ្ចឹម​មើលថែ​របស់​គ្រួសារ​ផងដែរ។

ឃើញ​ទេ​ថា ទឹកភ្នែក​ដែលជា​ចំណែក​តូច​មួយ​របស់​រាងកាយ​យើង មាន​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ច្រើនណាស់ និង​ថែមទាំង​បំពេញ​តួនាទីចម្បងៗ ជួយ​ឱ្យ​យើង​មើលឃើញ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ទៀតផង។ បានដឹង​បែបនេះហើយ ចូរ​កុំ​ភ្លេច​ងាក​មក​យកចិត្តទុកដាក់​មើលថែទាំ​កែវភ្នែក ដោយ​ឧស្សាហ៍​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ខាង​ភ្នែក ដើម្បី​ទទួលយក​ការណែនាំ​ក្នុងការមើល​ថែទាំ​សុខភាព​កែវភ្នែក រួមទាំង​ពិនិត្យ​រកមើល​អា​ការខុស​ប្រក្រតីផ្សេងៗ ដូចជា សភាវ​ភ្នែក​ឡើង​ស្ងួត​ជាដើម។ ទាំងអស់នេះ​គឺ​ដើម្បី​ប្រសិទ្ធភាព​ក្នុងការ​មើលឃើញ​ដែល​ល្អ​បំផុត៕

Advertisement