វិធី​ថែរក្សា​សម្រស់ ទោះ​រងា​ក៏​នៅតែ​ស្រស់ស្អាត

អាកាសធាតុ​ត្រជាក់ នាំយក​នូវ​សំណើម​ចេញពី​ស្បែក​របស់​អ្នក​ស្ទើរតែ​អស់រលីង ហើយ​បើ​ប្រហែស​ភ្លេចខ្លួន​តែ​បន្តិច ឃើញថា ស្បែក​របស់​អ្នកនឹង​ឡើង​ពណ៌​សំព្រុស​តែម្តង។ ដូច្នេះ​កុំឱ្យ​សភាព​បែបនេះ​មានឱកាស​មក​ជិត​ខ្លួន​អ្នក​ឱ្យសោះ​ណា សូម​សាកល្បង​ថែរក្សា​ស្បែក​របស់​អ្នក​តាមរយៈ​សកម្មភាព​មួយចំនួន​ដូចតទៅ៖

កំណត់ពេល​ងូតទឹក៖ ប្រហែលជា​មិនមាន​អ្នកណា​អាច​ឃាត់​បានទេ បើ​អ្នក​ចង់​ងូតទឹក​ក្តៅឧណ្ហៗនា​ពេលដែល​អាកាសធាតុ​កំពុង​បញ្ចេញ​ឥទ្ធិពល​នៃ​ភាព​ត្រជាក់​នោះ តើ​មែនដែរ​ទេ? បើទោះជា​មាន​អ្នក​ធ្លាប់​ប្រាប់​អ្នកជា​ច្រើនដង​មកហើយ​ថា ទឹក​ក្តៅ​នឹង​នាំយក​សំណើម​ចេញពី​ស្បែក​របស់​អ្នក ធ្វើឱ្យ​ស្បែក​ងាយ​នឹង​ស្ងួត​បែក​ស្រកា ប៉ុន្តែ​អ្នក​ក៏​នៅតែ​ឃាត់​ចិត្ត​មិនបាន ព្រោះ​ការ​ងូតទឹក​ក្តៅ​នា​អំឡុង​ពេលនេះ​គឺ​ពិត​ជាមាន​អារម្មណ៍​ថា​ស្រួលខ្លួន​ខ្លាំងណាស់។ អូ​ខេ! បើ​ជ្រុល​ថា​ឃាត់​មិនបាន​ទៅហើយនោះ ចង់​ងូតទឹក​ក្តៅ​ក៏​ងូត​ទៅ​ចុះ ប៉ុន្តែ​ត្រូវ​ចាំ​ឱ្យ​ជាប់​ក្នុង​ចិត្ត​ថាមិនត្រូវ​ងូត​យូរ​ជាង10នាទី​នោះទេ ហើយក៏​មិនអាច​ច្រើនជាង​ម្តង​ដែរ​ក្នុង​មួយថ្ងៃ​នោះ បើ​មិន​អី​ុ​ចឹ​ង​ទេ​ស្បែក​របស់​អ្នកនឹង​កាន់តែ​ស្ងួត និង​កាន់តែ​យ៉ាប់​ឡើង​ថែមទៀត។

ឡេ៖ មិន​ចង់ឱ្យ​អ្នកជិតខាង​មើលឃើញ​ភាព​ស្ងួត​បែក​ស្រកា​នៃ​ស្បែក​របស់​អ្នក​ទេ​មែន​ទេ? ឡេ​លាប​ស្បែក​ដែលមាន​ជាតិ​សំណើម​គ្រប់គ្រាន់​មាន​ប្រសិទ្ធភាព​យ៉ាង​រហ័ស​ក្នុងការ​បិទបាំង​សភាព​បែបនេះ ដូច្នេះ​សង្ឃឹមថា លោកអ្នក​នឹងមិន​ចាំ​ឱ្យ​វា​បង្ហាញ​ចេញមក រួចហើយ​ទើប​កែខៃ​តាម​ក្រោយ​ទេ​ណា៎។

ក្រែ​ម​ថែរក្សា​ប្រអប់ជើង៖ សម្រាប់​ពេល​រាត្រី អ្នក​គួរតែ​មើលថែ​ប្រអប់ជើង​ផង​ណា៎! សម្អាត​វា​ឱ្យ​ស្អាត បន្ថែម​ក្រែ​ម​ថែរក្សា​ស្បែក​បន្តិច រួច​ពាក់​ស្រោមជើង​ឱ្យ​រួចរាល់​សិន​សឹម​ចូល​គេង នោះ​ធានាថា​ក្រៅពី​មាន​អារម្មណ៍​កក់ក្តៅ និង​គេង​លក់​ស្រួល​ហើយ​នោះ ប្រអប់ជើង​របស់​អ្នក​ក៏មាន​ឱកាស​បង្ហាញ​នូវ​ភាពស្រស់ស្អាត​មាន​អនាម័យ​ផងដែរ។

ខាត់​ស្បែកថ្នម៖ វា​ជាការ​ផ្តល់នូវ​ភាព​ភ្លឺរលោង​ដល់​ស្បែក តែ​អ្នក​ត្រូវធ្វើ​វា​តាមបែបស្រាលៗទាំង​លើ​ផ្ទៃមុខ ខ្នង ដៃ ជើង និង​ផ្នែកផ្សេងៗនៃ​រាងកាយ។ កុំ​ភ្លេច​ថែម​សំណើម ឬ​ប្រេង​ទៅឱ្យ​ស្បែក​ផង​បន្ទាប់ពី​ខាត់​កម្ចាត់​ស្បែកចាស់ៗចោល​ហើយ។ ទឹកឃ្មុំ និង​ស្ករស​ជា​សារធាតុ​ផ្សំ​ដែល​គេ​និយម​ប្រើ​ដើម្បី​ម៉ាស្សា​ខាត់​ស្បែក កែងដៃ ជង្គង់ និង​ខ្នង​ជាដើម។

ស្រោមដៃ៖ ជា​មិត្ត​ដ៏​ល្អ​សម្រាប់​អាកាសធាតុ​ត្រជាក់​បែបនេះ។ វា​អាច​ផ្តល់នូវ​ភាពកក់ក្តៅ ការពារ​កម្តៅថ្ងៃ ធូលី ឬ​ខ្យល់​ស្ងួត​ធ្វើឱ្យ​ស្បែក​ស​ស្អាត​ទៀតផង។ កុំឱ្យ​រដូវ​កាល​ក្លាយទៅជា​ឧបសគ្គ​នៃ​ភាពស្រស់ស្អាត​របស់​អ្នក​ឱ្យសោះ​ណា​មិត្ត​អ្នកអាន​ទាំងឡាយ៕

Advertisement