ទឹក​ល្មុតមានប្រសិទ្ធភាព​ការពារ​ជំងឺមហារីក​ពោះវៀន

មុននឹង​ធ្វើ​ទឹក​ល្មុត​ដើម្បី​ទទួលទាន អ្នក​ត្រូវ​ដឹង​ពី​គុណប្រយោជន៍​នៃ​ផ្លែ​ល្មុត​ជាមុនសិន ហើយ​នៅពេលនេះ ឡា​រ៉ែ​ន បាន​ដកស្រង់​នូវ​អត្ថបទ​ដ៏​ល្អ និង​មាន​អត្ថប្រយោជន៍​សម្រាប់​ប្រិយមិត្ត​អ្នកអាន​ទាំងឡាយ ឱ្យបាន​ជ្រាប​អំពី​គុណប្រយោជន៍​របស់​ទឹក​ល្មុត ក្នុងការ​ការពារ​ជំងឺមហារីក​ពោះវៀន​ដូចតទៅ។

ផ្លែ​ល្មុត ជា​ប្រភេទ​ផ្លែឈើ​ដែលមាន​គុណប្រយោជន៍​ការពារ​ជំងឺមហារីក​ពោះវៀន ហើយម្យ៉ាងទៀត វា​ថែមទាំង​ធ្វើឱ្យ​អ្នកទទួល​ទាន​មានអារម្មណ៍​ថា​ផ្អែម​ឆ្ងាញ់​ជាប់មាត់​ថែម​ទៀតផង។ ប្រសិនបើ​អ្នកទទួល​ទាន​ផ្លែ​ល្មុត​ជាប្រចាំ និង​ជួយឱ្យ​ប្រព័ន្ធ​រំលាយ​អាហា​ដំណើរការ​បានល្អ​ជាធម្មតា ទើប​វា​មិន​បណ្ដាលឱ្យមាន​ផលប៉ះពាល់ ឬ​ហុច​ផល​អាក្រក់​ដល់​ពោះវៀន​របស់​អ្នក ក៏ប៉ុន្ដែ វា​អាច​ការពារ​រោគ​ជំងឺមហារីក​ពោះវៀន​បាន​យ៉ាង​ល្អប្រសើរ ដោយសារតែ​ផ្លែ​ល្មុត​មាន​កាក​សរសៃ​អាហារ​ដែលមាន​បរិមាណ​ច្រើន។

ការសិក្សា​ស្រាវជ្រាវ​មួយ​បាន​រកឃើញថា នៅក្នុង​ផ្លែ​ល្មុត សម្បូរ​ទៅដោយ​ស្ករ Fructose និង​មាន​កាក​សរសៃ​អាហារ​ក្នុង​បរិមាណ​ច្រើន​គួរសម ដែល​ហុច​ផល​ល្អ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក។ ក្រៅពីនេះ ផ្លែ​ល្មុត នៅមាន​សារធាតុ​ជាច្រើន​ទៀត​ដូចជា វីតាមីន A, វីតាមីន C, ផូស្វ័រ និង​កាល់ស្យូម​ផងដែរ។ នៅពេល​បាន​ជ្រាប​ពី​គុណប្រយោជន៍​របស់​ផ្លែ​ល្មុត ដូច្នេះ​អ្នក​គួរតែ​ធ្វើ​ទឹក​ល្មុត​ជាមួយនឹង​គ្រឿងផ្សំ​ដូចខាងក្រោម​នេះ​ទាំងអស់គ្នា។

គ្រឿងផ្សំ​ក្នុងការ​ធ្វើ​ទឹក​ល្មុត
• សាច់​ល្មុត 1 កែវ
• ទឹកបរិសុទ្ធ 1 កែវ
• អំបិល 1/4 ស្លាបព្រា​កាហ្វេ
• ទឹកកក 1 កែវ

វិធី​ធ្វើ
• ត្រៀម​គ្រឿងនីមួយៗឱ្យ​គ្រប់​តាម​ចំនួន​ដែលបាន​រៀបរាប់​ខាងលើ។
• យក​ផ្លែ​ល្មុត​ទៅ​ចិត​សម្បក ហើយ​យក​គ្រាប់​ចេញ គឺ​យកតែ​សាច់​ល្មុត​តែប៉ុណ្ណោះ បន្ទាប់​មកចាក់​ចូលក្នុង​ម៉ាស៊ីន​ទឹកក្រឡុក។
• បន្ថែម​អំបិល ទឹកបរិសុទ្ធ និង​ទឹកកក​ចូលទៅក្នុង​ម៉ា​សី​ុ​ន​ក្រឡុក។
• រួច​ចាប់ផ្ដើម​ក្រឡុក ឱ្យ​គ្រឿងផ្សំ​ទាំងអស់​ម៉ដ្ឋ និង​រលាយ​ចូលគ្នា។
• បន្ទាប់មក​ចាក់ទឹក​ល្មុត​នោះ​ដាក់​ក្នុង​កែវ ដោយ​អ្នក​អាច​ទទួលទាន​បែបត្រជាក់ៗ ដើម្បី​កាត់បន្ថយ​អាការ​ក្រហាយ​ពោះ​បានភ្លាមៗតែម្តង៕

Advertisement