Biden យល់ព្រម​លក់​អាវុធ​ជា​លើកដំបូង​របស់ខ្លួន​ទៅឱ្យ​កោះ​តៃវ៉ាន់

សហរដ្ឋអាមេរិក​យល់​ព្រម​លក់​កែវយឹត​នាវាមុជទឹក ប្រព័ន្ធ​កំណត់​ទិស​នៃ​សំឡេង​ក្នុង​ទឹក (sonic navigation system) ទៅឱ្យ​គម្រោង​ផលិត​នាវាមុជទឹក​របស់​កោះ​តៃវ៉ាន់ នៅក្នុង​កិច្ចព្រមព្រៀង​ដំបូង​ក្នុងសម័យ​របស់​ប្រធានាធិបតី Joe Biden។

កម្មវិធី​ផលិត​នាវាមុជទឹក​ក្នុងស្រុក​របស់​កោះ​តៃវ៉ាន់ បាន​ឈានដល់​ចំណុច​គួរឱ្យ​ចាប់អារម្មណ៍​មួយ បន្ទាប់ពី​ទីក្រុង​វ៉ា​ស៊ី​ង​តោន​សម្រេច​ផ្ទល់​ការអនុញ្ញាតឱ្យ​នាំចេញ​ប្រព័ន្ធ​អាវុធ​ចំនួន 3 ប្រភេទ​ដែល​កោះ​តៃវ៉ាន់​មិនអាច​ផលិត​ដោយ​ខ្លួនឯងបាន។ នេះ​បើតាម​មេដឹកនាំ​អង្គភាព​ការពារ​ខ្លួន​របស់​តៃវ៉ាន់ Chiu Kuo-cheng ដែល​បានឱ្យដឹង​កាលពី​ថ្ងៃទី 16 មីនា 2021។

«អំពី​ពេលវេលា​នៃ​ការប្រគល់​ទំនិញ ខ្ញុំ​មិនអាច​និយាយ​មុន​បានទេ» លោក Chiu ថ្លែង​ដូច្នេះ។ ក្រុមមន្ត្រី​តៃវ៉ាន់​មិនបាន​ឱ្យដឹង​លម្អិត​អំពី​អាវុធ​ដែល​ទីក្រុង​វ៉ា​ស៊ី​ង​តោន​លក់​មកឱ្យ​តៃវ៉ាន់​នោះដែរ ប៉ុន្តែ កោះ​នេះ​ធ្លាប់បាន​ទទួលស្គាល់ថា ខ្លួន​មិនអាច​អភិវឌ្ឍ​ប្រព័ន្ធ​កំណត់​ទិស​សំឡេង​ក្នុង​ទឹក​លក្ខណ​ឌីជីថល (sonar) ប្រព័ន្ធ​ប្រយុទ្ធ​ចម្រុះ និង​ឧបករណ៍​ជំនួយ​បន្ថែម ដូចជា កញ្ចក់​កែវយឹត​របស់​នាវាមុជទឹក​ជាដើម នាំឱ្យ​តៃវ៉ាន់​ត្រូវ​សង្ឃឹមលើ​បច្ចេកវិទ្យា​របស់​សហរ​ដ្ឋ​អាមេរិក។

ប្រភពព័ត៌មាន​ពី​កងទ័ព​តៃវ៉ាន់ បាន​បង្ហើប​ឱ្យដឹងថា អតីត​ប្រធានាធិបតី Donald Trump បាន​ចុះហត្ថលេខា​លក់​ប្រព័ន្ធ sonar និង​ប្រព័ន្ធ​ប្រយុទ្ធ​ចម្រុះ​ដល់​កោះ​តៃវ៉ាន់​មុនពេល​ដាច់​អាណត្តិ ខណៈដែល​លិខិត​អនុញ្ញាតឱ្យ​ប្រគល់​កែវយឹត​នាវាមុជទឹក​ត្រូវ​បានចេញ​ជា​លើកដំបូង​ដោយ​ប្រធានាធិបតី Joe Biden តាមរយៈ​កិច្ចព្រមព្រៀង​លក់​អាវុធ​ទៅឱ្យ​តៃវ៉ាន់។

កោះ​តៃវ៉ាន់ បច្ចុប្បន្ន​មាន​នាវា​មុជ​ទឹក​ចំនួន​ 4​គ្រឿង ប៉ុន្តែ បាន​ហួស​សម័យ​អស់​ហើយ

សហរដ្ឋអាមេរិក​ធ្លាប់​សន្យា​លក់​នាវាមុជទឹក​ប្រើ​ប្រេង​ម៉ា​សុ​ត-អគ្គិសនី​ចំនួន 8 គ្រឿង​ទៅឱ្យ​តៃវ៉ាន់​កាលពី​ឆ្នាំ 2001។ ប៉ុន្តែ កិច្ចព្រមព្រៀង​នេះ​ក្រោយមក​ក៏ត្រូវ​លុបចោល ហើយ​កោះ​តៃវ៉ាន់​បានសម្រេច​ចិត្ត​ផលិត​នាវាមុជទឹក​ដោយ​ខ្លួនឯង។

នាវាមុជទឹក​ក្នុងស្រុក​ដំបូង​របស់​តៃវ៉ាន់ ត្រូវបាន​ចាប់ផ្ដើម​ផលិត​កាលពី​ខែវិច្ឆិកា 2020 ហើយ​បើតាម​ផែនការ នាវា​ដំបូង​នឹងត្រូវ​ដាក់ឱ្យ​ប្រើប្រាស់​ចាប់​ពី​ឆ្នាំ 2024 ដើម្បី​ជំនួស​នាវាមុជទឹក​ដែល​ហួស​សម័យ។

កងទ័ព​កោះ​តៃវ៉ាន់ បច្ចុប្បន្ន​មាន​នាវាមុជទឹក​ចំនួន 4 គ្រឿង ក្នុងនោះ​មាន​ពីរ​គ្រឿង​ផលិត​នៅ​សហរដ្ឋអាមេរិក​កាលពី​សម័យ​សង្គ្រាមលោក​លើក​ទី​ពីរ និង​ពីរ​គ្រឿង​ផលិត​នៅ​ប្រទេស​ហូ​ឡង់ ក្នុងអំឡុង​ឆ្នាំ 1982-1986។ នាវា​ទាំងនេះ ពិតជា​មិនអាច​ប្រៀបធៀប​បាន​ជាមួយនឹង​នាវាមុជទឹក​របស់​ចិន ដោយសារ​នាវា​របស់​តៃវ៉ាន់ចាស់ៗអស់​ទៅហើយ។

ចិន​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន និង​រង់ចាំតែ​ថ្ងៃ​ដណ្ដើមយក​មកវិញ​ប៉ុ​ណ្នោះ បើទោះជា​ត្រូវធ្វើ​សង្គ្រាម​​ក៏​ដោយ។ ព្រោះតែ​ហេតុនេះហើយ​បានជា​តៃវ៉ាន់​ត្រូវ​រក​គ្រប់​មធ្យោបាយ​ដើម្បី​ទប់ទល់​នឹង​មហិច្ឆតា​របស់​ចិនដីគោក៕

ប្រភព៖ SCMP
ប្រែ​សម្រួល៖ បុត្រា

Advertisement