Trump ថា “ឈ្នះដោយងាយ” ក្នុងកិច្ចជជែកតតាំងជាមួយគូប្រជែង ខណៈ Biden ថា “វិធីតតាំងរបស់ Trump ជាភាពអាម៉ាស់របស់ជាតិ”

Trump ថា “ឈ្នះដោយងាយ” ក្នុងកិច្ចជជែកតតាំងជាមួយគូប្រជែង ខណៈ Biden ថា “វិធីតតាំងរបស់ Trump ជាភាពអាម៉ាស់របស់ជាតិ”

ថ្មីៗនេះ ក្រោយពីបានបញ្ចប់កិច្ចជជែកតតាំងជាមួយលោក Biden លោក Donald Trump បានអះអាងថា លោកដណ្ដើមបានជ័យជំនះ (ដោយងាយស្រួល” ហើយថា គូប្រជែងរបស់លោក គឺលោក Joe Biden វិញ មានភាព “ទន់ជ្រាយ និងត្អូញត្អែរច្រើន”។

ប្រធានាធិបតី Donald Trump បានប្រាប់អ្នកយកព័ត៌មាននៅលើវាលស្មៅរបស់សេតវិមានកាលពីថ្ងៃទី30កញ្ញាថា៖ “ខ្ញុំឃើញ rating (អត្រាអ្នកចូលរួមទស្សនាទូរទស្សន៍ក្នុងពេលជាមួយគ្នា) ពិតជាខ្ពស់ ហើយពិតជាល្អណាស់ដែលបានឈរនៅលើឆាកទីនោះ និងមានអារម្មណ៍ធូរស្រាលណាស់។ ខ្ញុំវាយតម្លៃខ្ពស់ទៅលើរាល់ពាក្យសម្ដីល្អប្រសើរ”។

ក្រោយមកទៀត លោក Trump បានអះអាងថា៖ “ខ្ញុំបានឮថា គាត់ (លោក Biden) មិនចង់បន្ត (កិច្ចជជែកតតាំង) ទៀតទេ ប៉ុន្តែ ប្រការនេះគឺអាស្រ័យទៅលើខ្លួនគាត់ ចំណែកខ្ញុំវិញ គឺនៅតែចង់បន្ត”។ លោកបន្តថា៖ “ខ្ញុំបានឈ្នះនៅក្នុងកិច្ចជជែកតតាំងកាលពីយប់កន្លងទៅដោយងាយស្រួល។ ខ្ញុំគិតថា គាត់ពិតជាអន់ខ្សោយខ្លាំងណាស់។ គាត់មើលទៅដូចទន់ជ្រាយ និងចូលចិត្តត្អូញត្អែរ។ ពិតណាស់ យើងបានឈ្នះនៅក្នុងកិច្ចជជែកតតាំងនេះ បើយោងទៅតាមការស្ទង់មតិទាំងអស់ដែលខ្ញុំបានមើល”។

លោក Trump

ក៏ប៉ុន្តែ ការស្ទង់មតិរបស់ CNN បានបង្ហាញថា ក្នុងចំណោមមនុស្សចំនួន10នាក់ដែលត្រូវបានសួរ គឺមាន6នាក់ជឿថា លោក Biden ធ្វើបានល្អជាងលោក Trump នៅក្នុងកិច្ចជជែកតតាំងលើកទីមួយ។ ចំណែកការស្ទង់មតិរបស់ CBS News បានបង្ហាញថា 48% នៃអ្នកទស្សនា ជឿថា លោក Biden ឈ្នះ ខណៈ41% និយាយថា លោក Trump បានបង្ហាញសមត្ថភាពល្អជាងលោក Biden។

កិច្ចជជែកតតាំងរវាងលោក Trump និងលោក Biden ដែលដឹកនាំកម្មវិធីដោយលោក Chris Wallace បានក្លាយទៅជាព្រឹត្តិការណ៍ដ៏ច្របូកច្របល់ នៅពេលលោក Trump បានកាត់សម្ដីរបស់លោក Biden និងលោក Wallace ជាបន្តបន្ទាប់ ព្រមទាំងបានវាយប្រហារយ៉ាងខ្លាំងក្លាទៅលើលោក Biden និងបាននិយាយថា លោក Biden មិនឆ្លាត។ ចំណែកលោក Biden វិញ ក៏បានអធិប្បាយថា លោក Trump គឺជា “ជនបោកប្រាស់” ហើយពេលខ្លះក៏បានស្នើឱ្យលោក Trump “ស្ងាត់មាត់” ផងដែរ។

ទាក់ទងនឹងលទ្ធផលនៃការជជែកតតាំងគ្នាកាលពីថ្ងៃទី29កញ្ញារវាងលោក Biden និងលោក Trump កាលពីថ្ងៃទី30កញ្ញា លោក Biden ថ្លែងថា៖ “ខ្ញុំមិនគួរនិយាយអំពីប្រការនេះ ក៏ប៉ុន្តែ ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ចេញឥរិយាបថ​ទៅ​តាម​អ្វី​ដែល​គាត់តែងតែធ្វើ។ ខ្ញុំគិតថា នោះគឺជាភាពអាម៉ាស់របស់ជាតិ”។

លោក Joe Biden

សូមបញ្ជាក់ថា កិច្ចជជែកតតាំងគ្នារបន្ទាប់ទៀត វាងលោក Donald Trump និងលោក Joe Biden នឹងត្រូវធ្វើឡើងនៅថ្ងៃទី15តុលា នៅមជ្ឈមណ្ឌលសិល្បៈ Adrienne Arsht (Adrienne Arsht Center for the Performing Arts of Miami-Dade County) នៅទីក្រុង Miami រដ្ឋ Florida។ ចំណែកកិច្ចជជែកតតាំងលើកទីបីនឹងត្រូវធ្វើឡើង​នៅ​ថ្ងៃ​ទី​22​តុលា​ នៅ​សាកល​វិទ្យាល័យ​ Belmont ក្នុងទីក្រុង Nashville នៃរដ្ឋ Tennessee៕

ប្រភព៖ AFP, Hill

Advertisement