មេទ័ព​ចិន ណាត់​ជាមួយ​ទ័ព​អាម៉េរិក៖ «ជួបគ្នា​នៅលើ​អាកាស បើ​មិន​ខ្លាច»

មេបញ្ជាការរង​នៃ​កងទ័ពអាកាស​ចិន អះអាងថា ប្រទេស​នេះ​មាន​សមត្ថភាព និង​ជឿជាក់​នៅក្នុង​ការការពា​រ​ខ្លួន ទន្ទឹមនឹងនេះ លោក​ក៏បាន​ណាត់ជួប​កងទ័ព​អាម៉េរិក នៅលើ​អាកាស​ផងដែរ បើសិនជា​មិន​ភ័យខ្លាច។

«ថ្មីៗនេះ សមាស​ភាគី​របស់ខ្ញុំ​ម្នាក់​មកពី​ប្រទេស​ធំ​មួយ ប្រកាសថា ចង់​ធ្វើឱ្យ​ប្រទេស​ចិន ភ័យខ្លាច» មេបញ្ជាការរង​កងទ័ព​អាកាស​ចិន លោក Wang Wei និយាយ​ដូច្នេះ​នៅក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​អាកាសចរណ៍​ចិន​លើក​ទី 13 «The 13th China International Aviation and Aerospace Exhibition» ឬ​ហៅថា Airshow China 2021 កាលពី​ថ្ងៃទី 29 កញ្ញា។

«ប្រទេស​ចិន មាន​សមត្ថភាព​គ្រប់គ្រាន់ និង​ជឿជាក់​ក្នុងការ​ការពារ​សន្តិសុខ​ជាតិ ព្រមទាំង​ការពារ​ទឹកដី​ទាំងមូល ទន្ទឹមនឹង​ការរួមចំណែក​សម្រាប់​ស​ន្តិ​ភាព​របស់​ពិភពលោក» ឧ​ត្ត​ម​សេនីយ Wang Wei អះអាង​ដូច្នេះ។ «ខ្ញុំ​ចង់​និយាយថា បើសិនជា​ពួកគេ​មិន​ភ័យខ្លាច​នៅ​ចំពោះមុខ​សមត្ថភាព​របស់​កងទ័ព​ចិន​ទេ នោះ​ចូរ​យើង​ជួបគ្នា​នៅលើ​អាកាស»។

យន្តហោះ​គ្មានមនុស្ស​បើក​ (UAV) របស់​ ចិន​ នៅ​ក្នុង​ពិព័រណ៍​យន្ត​ហោះ ចិន​ 2021

ការអធិប្បាយ​របស់​មេ​ទ័ព​ចិន​រូបនេះ ទំនងជា​ត្រូវបាន​ធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​ការប្រកាស​របស់​លេខាធិការ​នៃ​កងទ័ពអាកាស សហរដ្ឋ​អាម៉េរិក Frank Kendall កាលពី​ខែសីហា ដែល​បាន​និយាយថា អាម៉េរិក ត្រូវតែ​ឈានមុខ​គេ​ជាមួយនឹង​បច្ចេកវិទ្យា​លំដាប់​កំពូល ដែល​អាច «ធ្វើឱ្យ ចិន ខ្លបខ្លាច»។ លោក Kendall ទទួលស្គាល់ថា កម្មវិធី​ធ្វើ​ទំនើបកម្ម​យោធា​របស់ ចិន ដំណើរការ​លឿន​ជាង​ការ​ព្យាករ​របស់ អាម៉េរិក។

អាម៉េរិក និង ចិន ត្រូវបាន​គេ​មើលឃើញថា កំពុង​ប្រណាំងប្រជែង​គ្នា ក្នុង​ការធ្វើ​ទំនើបកម្ម​សព្វាវុធ។ ប្រទេស​ចិន កាលពី​ខែសីហា បានឱ្យដឹងថា បាន​បាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ចំនួន 2 គ្រាប់ ដែល​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដើម្បី​កម្ទេច​ប្រព័ន្ធ​ទំនាក់ទំនង​របស់​សត្រូវ។

លេខាធិការ​នៃ​កងទ័ព សហរដ្ឋ​អាម៉េរិក លោក Kendall កាលពី​ថ្ងៃទី 13 សីហា បាន​អះអាងថា ការដែល ចិន ធ្វើ​ទំនើបកម្ម​យោធា ពិតជា​ជះឥទ្ធិពល​ដល់​សន្តិសុខ​របស់ អាម៉េរិក។ លោក Kendall ក៏បាន​លើកឡើង​អំពី​កម្មវិធី​អាវុធ​ទំនើប​របស់ អាម៉េរិក ដែល​អាច​កំញើញ​ដល់​សត្រូវ ក្នុងនោះ​មានដូចជា យន្តហោះ​ទម្លាក់​គ្រាប់បែក B-21 និង យន្តហោះ​ចម្បាំង​បំបាំងកាយ F-35 ផងដែរ៕

Advertisement