Meghan ភរិយា​អតីត​ព្រះអង្គម្ចាស់​អង់គ្លេស នឹង​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធាន​ធិបតី​អាមេរិក នៅ​ឆ្នាំ 2024 ក្រោយ​កិច្ច​សម្ភាស​ចោទប្រកាន់​រាជវាំង

សារព័ត៌មាន​អង់គ្លេស Daily Mail ដកស្រង់​ប្រភពព័ត៌មាន​ពី​មន្ត្រីជាន់ខ្ពស់​ម្នាក់​នៅក្នុង​គណបក្ស​ការងារ​អង់គ្លេស (Labour Party) ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យដឹងថា Meghan Markle កំពុងតែ​រក​វិធី​ប្រើប្រាស់​ស្ថានការណ៍​ក្រោយ​កិច្ច​សម្ភាស​ដែល​បាន​ចោទប្រកាន់​រាជវង្ស​អង់គ្លេស​ថា «រើសអើង​ពូជសាសន៍» ដើម្បី​ចាប់ផ្ដើម​ជីវិត​នយោបាយ​របស់ខ្លួន ដែល​នេះ​អាច​នាំ​នាង​ចូលកាន់​កាប់​សេត​វិមាន។

Meghan Markle ត្រូវបាន​គេ​ដឹងថា កំពុងត​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​ក្រុមមន្ត្រី​ជាន់ខ្ពស់​របស់​ប​ក្ស​ប្រជាធិបតេយ្យ​អាមេរិក ដើម្បី​ផ្ដើម​យុទ្ធនាការ និង​រក​វិធី​ប្រកួតប្រជែង​ក្នុងការ​ឈរឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី។ យោងតាម Daily Mail បណ្ដាញ​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Tony Blair និង​បក្ស​ប្រជាធិបតេយ្យ កំពុងតែ​ពិភាក្សាគ្នា​អំពី​មហិច្ឆតា​នយោបាយ​របស់ Meghan និង​ក្រុម​អ្នកគាំទ្រ​ប្រកបដោយ​សក្ដានុពល​រប​ស់​នាង។

នាង​ Meghan Markle

ប្រភពព័ត៌មាន​សម្ងាត់​របស់ Daily Mail សង្កត់ធ្ងន់ថា Meghan កំពុង​ពិចារណា​អំពី​ការ​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​សម្រាប់​ឆ្នាំ 2024 នៅពេលដែល​លោក Joe Biden មាន​អាយុ 82 ឆ្នាំ ដែល​នឹង​អាច​ប្រជែង​ឆ្នោត​ក្នុង​អាណត្តិ​ទី​ពីរ។

ព័ត៌មាន​ខាងលើ​ត្រូវ​បានលើកឡើង បន្ទាប់ពី Meghan និង​ស្វាមី Harry អតីត​ព្រះអង្គម្ចាស់​អង់គ្លេស​ដែលជា​ព្រះរាជ​នត្តា​នៃ​មហាក្សត្រី Elizabeth ទី​ពីរ បានធ្វើ​បទ​សម្ភាស​រយៈពេល​ជាង 2 ម៉ោង ជាមួយនឹង​ពិធី​ការិនី និង​ជាម​ហា​សេដ្ឋិនី Oprah Winfrey ដែល​បាន​ចាក់ផ្សាយ​នៅលើ​ទូរទស្សន៍​អាមេរិក កាលពី​ថ្ងៃទី 7 មីនា។

ព្រះអង្គ​ម្ចាស់​ Harry (Henry Charles Albert David)

ក្នុង​កិច្ច​សម្ភាស នាង Meghan បាន​បង្ហើប​ឱ្យដឹង​អំពី​ព័ត៌មាន​គួរឱ្យ​ចាប់អារម្មណ៍​ជាច្រើន ដូចជា​ថា នាង​ធ្លាប់​មានបំណង​ធ្វើអត្តឃាត​ដោយសារ​ទាល់ច្រក មិន​ទទួលបាន​ចម្លើយ ឬ​ជំនួយ​ពី​រាជវាំង ព្រមទាំង​បាន​ចោទប្រកាន់ថា រាជវង្ស​អង់គ្លេស​មានការ​រើសអើង​ពូជសាសន៍​នៅពេល​នាង​កំពុងមាន​គ័ភ៌, មិន​ចង់​ផ្ដល់​ឋានៈ​ជា​ព្រះអង្គម្ចាស់ ឬ​ព្រះ​នាង​ដល់​កូន​របស់​នាង និង​ថែមទាំង​យកចិត្តទុកដាក់​លើស​ម្បុ​រ​ស្បែក​របស់​ទារក​ក្នុង​ផ្ទៃ​ទៀតផង។ល។

ប្រភព៖ Daily Mail
ប្រែ​សម្រួល៖ បុត្រា

Advertisement