អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​របស់​សហរដ្ឋ​អាម៉េរិក ព្រមាន​​ថា វីរុស​បំប្លែង​ខ្លួន​ថ្មី​ អូ​មី​ក្រុង​ (Omicron) អាច​​ឆ្លង​​រាល​ដាល​​លើស​ពី​ធម្មតា

លោក Anthony Fauci ប្រធានវិទ្យាស្ថានជាតិជំងឺឆ្លង និងជាទីប្រឹក្សាផ្នែកសុខាភិបាលរបស់ប្រធានាធិបតីអាម៉េរិក

ទីប្រឹក្សា​ផ្នែក​សុខាភិបាល​របស់​ប្រធានាធិបតី​អាម៉េរិក ព្រមាន​ថា រដូវរងា​ខាងមុខ អូ​មី​ក្រុង មានឱកាស​ឆ្លង​រាលដាល​ទូទាំង​សកលលោក។

«មាន​ប្រការ​ដ៏​ច្បាស់លាស់​មួយ​គឺ អូ​មី​ក្រុង មានលទ្ធភាព​ឆ្លង​រាលដាល​លើសពី​ធម្មតា» លោក Anthony Fauci ប្រធាន​វិទ្យាស្ថាន​ជាតិ​ជំងឺឆ្លង និង​ជាទី​ប្រឹក្សា​ផ្នែក​សុខាភិបាល​របស់​ប្រធានាធិបតី​អាម៉េរិក បាន​ប្រាប់ NBC News កាលពី​ថ្ងៃទី ១៩ ធ្នូ ដូច្នេះ និង​បាន​បន្ថែមថា «វា​នឹង​រាតត្បាត​ពាសពេញ​ពិភពលោក»។

ចាប់ពី​ត្រូវបាន​រកឃើញ​ដំបូង​នៅ អាហ្វ្រិក​ខាងត្បូង កាលពី​ខែវិច្ឆិកា មកដល់​បច្ចុប្បន្ន វីរុស​កូ​វីដ-១៩ ប្រភេទ​បំប្លែង​ខ្លួន​ថ្មី អូ​មី​ក្រុង បាន​ឆ្លង​រាលដាល​ដល់​ប្រទេស​ចំនួន​រាប់សិប​នៅ​ទូទាំង​សកលលោក ធ្វើឱ្យមាន​ការព្រួយបារម្ភ​កាន់តែខ្លាំង​ចំពោះ​រលក​នៃ​ការ​រាតត្បាត​ថ្មី។

បើទោះជា​សញ្ញា​មួយចំនួន​បង្ហាញថា អូ​មី​ក្រុង មិន​ធ្ងន់ធ្ងរ​ជាង ដេ​លតា (Delta) និង​មិនទាន់​ក្លាយជា វ៉ា​រ្យ៉​ង់ ដែល​ឈរ​លំដាប់​លេខ១ ប៉ុន្តែ ទិន្នន័យ​ដំបូង​បាន​បញ្ជាក់ថា វា​មានលទ្ធភាព​ទប់ទល់​នឹង​វ៉ាក់សាំង និង​បង្ក​ការឆ្លង​រាលដាល​ខ្ពស់ជាង។

លោក Fauci ថ្លែងថា៖ «បើសិនជា​ស្ថានភាព​នេះ​នៅតែ​បន្ត​អូសបន្លាយ ក្នុង​រយៈពេល​ពី ១ ទៅ ២ សប្ដាហ៍​ទៀត ប្រព័ន្ធ​សុខាភិបាល​របស់​យើង​នឹង​ប្រែជា​តានតឹង ពិសេស​គឺ​នៅ​តំបន់​ដែលមាន​អត្រា​ចាក់​វ៉ាក់សាំង​ទាប។

បច្ចុប្បន្ន វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង កំពុង​រួមចំណែក​ប្រមាណ ៣% នៃ​ករណី​ឆ្លង កូ​វីដ-១៩ នៅ សហរដ្ឋ​អាម៉េរិក ហើយ​តួលេខ​នេះ​ត្រូវបាន​ព្យាករ​ថា នឹង​កើនឡើង​ខ្ពស់​ដូច​អ្វីដែល​បានកើត​ឡើង​នៅក្នុង​បណ្ដា​ដទៃ៕

Advertisement