សម្ព័ន្ធ 54ប្រទេស តំណាងដោយ​​​ក្សត្រី Elizabeth ទីពីរ កំពុងរង្គោះរង្គើ ក្រោយអតីតអង្គម្ចាស់ Harry និងនាង Meghan ចោទថា «រាជវង្សអង់គ្លេស រើសអើងពូជសាសន៍»

កិច្ច​សម្ភាស Harry – Meghan បាន​បង្កឱ្យមាន​ហានិភ័យ​បែកបាក់​ក្នុង «គ្រួសារ» នៃ​ក្រុម​ប្រទេស​របស់​សម្ព័ន្ធ​កុម្ម៉ង់​វែ​ល (Commonwealth of Nations) ជា​សមាគម​ដែលមាន​ប្រទេស​ចំនួន 54 ដែល​ភាគច្រើន​គឺជា​អតីត​ប្រទេស​ក្រោម​អាណានិគម​អង់គ្លេស។

ក្នុង​បណ្ដា​ប្រទេស​ដែលមាន​ទំនាក់​ទំ​ង​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​ចក្រភព​អង់គ្លេស ការចោទប្រកាន់​របស់​អតីត​ព្រះអង្គម្ចាស់ Harry និង​នាង Meghan ដែលថា មាន «សមាជិក​រាជរ​ង្ស​ខ្លួន​មានការ​ព្រួយបារម្ភ​ថា កូនៗរបស់​ពួកគេ​នឹងមាន​សម្បុរស្បែក​ពណ៌​ខ្មៅ» នោះ បាន​នាំឱ្យមាន​ការលើកឡើង​នូវ​សំណួរ​ជាច្រើន៖ «តើ​ប្រទេស​ទាំងនោះ (ប្រទេស​ដែល​ស្ថិតក្នុង​សម្ព័ន្ធ​ប្រជាជាតិ​កុម្ម៉ង់​វែ​ល) ពិតជា​ចង់ភ្ជាប់​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​អង់គ្លេស និង​រាជវាំង​អង់គ្លេស ឬទេ?»។

សូមបញ្ជាក់ថា មហាក្សត្រី Elizabeth ទី​ពីរ មិន​ត្រឹមតែ​ជា​មេដឹកនាំ​របស់​អង់គ្លេស​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​មេដឹកនាំ​របស់​កុម្ម៉ង់​វែ​ល ដែលជា​សមាគម​អន្តររដ្ឋាភិបាល​មួយ​ដែលមាន​ការចូលរួមរ​បស់​ប្រទេស​អង់គ្លេស និង​ប្រទេស​ចំនួន 53 ផ្សេងទៀត ដែល​សុទ្ធសឹងតែ​ធ្លាប់ជា​ប្រទេស​ស្ថិតក្រោម​អាណានិគម​របស់​អង់គ្លេស។ សម្ព័ន្ធ​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រកាស​មួយនា​ទីក្រុង​ឡុង​ដ៍​កាលពី​ឆ្នាំ 1949 ដែល​កំណត់ថា ប្រទេស​ជា​សមាជិក «មាន​សេរីភាព និង​សមភាព»។ មហាក្សត្រី​របស់​អង់គ្លេស​គឺជា​និមិត្តរូប​នៃ​សម្ព័ន្ធ​នេះ។ ក្រៅពី​អង់គ្លេស មហាក្សត្រី Elizabeth ទី​ពីរ ក៏​ជា​ក្ស​ត្រី​របស់​ប្រទេស​ចំនួន 15 ទៀត​ដែល​ស្ថិតក្នុង​សម្ព័ន្ធ​កុម្ម៉ង់​វែ​ល​នេះដែរ (រួមមាន​ប្រទេស Antigua and Barbuda, Australia, the Bahamas, Barbados, Belize, Canada, Grenada, Jamaica, New Zealand, Papua New Guinea, St. Kitts and Nevis, St. Lucia, St. Vincent and the Grenadines, the Solomon Islands, និង​ប្រទេស Tuvalu)។

នាង​ Meghan នៅ​អាហ្វ្រិក​ កាល​ពី​ឆ្នាំ​ 2019

កិច្ច​សម្ភាស​របស់​អតីត​ព្រះអង្គម្ចាស់ Harry របស់​អង់គ្លេស និង​នាង Meghan ត្រូវបាន​ចាក់ផ្សាយ​លើ​ទូរទស្សន៍​អាមេរិក កាលពី​យប់​ថ្ងៃទី 7 មីនា មុន​ទិវា​នៃ​សម្ព័ន្ធ​ប្រជាជាតិ​កុម្ម៉ង់​វែ​ល 8 មីនា។ អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull បាន​និយាយថា ការ​បង្ហើប​ឱ្យដឹង​នៅក្នុង​កិច្ច​សម្ភាស​នេះ​គឺជា​មូល​ហេតុដែល​ប្រទេស​នេះ​អាច​កាត់ផ្ដាច់​ទំនាក់ទំនង​ជា​លក្ខណ​ធម្មនុញ្ញ​ជាមួយនឹង​របប​រាជាធិបតេយ្យ​អង់គ្លេស។

«យើង​គួរតែបញ្ឈប់ នៅពេល​សម័យកាល​កាន់អំណាច​របស់​មហាក្សត្រី​បានបញ្ចប់» លោក Turnbull និយាយ​ដូច្នេះ។ «តើ​យើង​ពិតជា​ចង់ឱ្យ​មនុស្សម្នា​ក់មក​ធ្វើជា​មេដឹកនាំ​ប្រទេស​របស់ខ្លួន ព្រោះតែ​អ្នកនោះ​ជា​ក្សត្រា ឬ​ក្ស​ត្រី​របស់​អង់គ្លេស?»។

តម្លៃ​របស់​សម្ព័ន្ធ​កុម្ម៉ង់​វែ​ល ធ្លាប់​ត្រូវបាន​លើក​យកមក​ជជែក​វែក​ញែក​ជាច្រើនលើក​មកហើយ ក្នុងនោះ ក្រុម​អ្នក​រិះគន់​បាន​ចោទ​សួរថា តើ​បណ្ដា​ប្រទេស និង​ប្រជាជាតិ​ដែល​ធ្លាប់​ស្ថិតក្រោម​អាណានិគម និង​ធ្លាប់​ត្រូវបាន​កៀបសង្កត់ គួរតែ​បន្ត​ទំនាក់ទំនង​ដូច្នេះ​ជាមួយនឹង​ប្រទេស​អង់គ្លេស ឬទេ?

គោលបំណង​នៃ​ការបង្កើត​សម្ព័ន្ធ​កុម្ម៉ង់​វែ​ល គឺ​ដើម្បី​កែលម្អ​ទំនាក់ទំនង​អន្តរជាតិ ប៉ុន្តែ ទំនាក់ទំនង​របស់​អង់គ្លេស​ជាមួយ​បណ្ដា​ប្រទេស​ជា​សមាជិក ត្រូវបាន​កំហុសឆ្គង​ក្នុង​ការទូត និង​ប្រវត្តិសាស្ត្រ​នៃ​ជំនាន់​អាណានិគម ធ្វើឱ្យ​ល្អក់កករ។ ក្នុង​សុន្ទរកថា​អបអរ​ទិវា​សម្ព័ន្ធ​កុម្ម៉ង់​វែ​ល កាលពី​ថ្ងៃទី 8 មីនា មហាក្សត្រី​អង់គ្លេស​បាន​សង្កត់ធ្ងន់​ទៅលើ «ស្មារតី​រួបរួម»។

កិច្ច​សម្ភាស​របស់​អតីត​អង្គ​ម្ចាស់ Harry និង​អ្នក​ម្នាង Meghan «ជួយ​ឱ្យ​យើង​អាច​មើលឃើញ​លម្អិត​ជាង​មុន» អំពី​តម្លៃ​របស់​សម្ព័ន្ធ​កុម្ម៉ង់​វែ​ល នេះ​បើតាម Nicholas Sengoba ដែលជា​អ្នកកាសែត​ប្រចាំ​ប្រទេស​អ៊ូ​ហ្គ​ង់​ដា អតីត​ប្រទេស​ក្រោម​អាណានិគម​របស់​អង់គ្លេស។

ផែន​ទី​នៃ​បណ្ដា​ប្រទេស​ដែល​ស្ថិត​ក្នុង​សម្ព័ន្ធ​កុម្ម៉ង់វែល​ ដែល​តំណាង​ដោយ​មហា​ក្សត្រី​អង់គ្លេស​ Elizabeth ទី​ពីរ​

លោក Nicholas Sengoba និយាយថា នៅ​ប្រទេស​អ៊ូ​ហ្គ​ង់​ដា នៅមាន «បញ្ហា​ជាច្រើន​មិនទាន់​ដោះស្រាយ» ទាក់ទិន​នឹង​ទង្វើ​រំលោភបំពាន​កាលពី​ជំនាន់​អាណានិគម និង​បាន​ចោទសួរ ក្រោយពី​មាន​កិច្ច​សម្ភាស​ខាងលើ ថា «តើ​មេដឹកនាំ​បណ្ដា​ប្រទេស​ក្នុង​សម្ព័ន្ធ​កុម្ម៉ង់​វែ​ល គួរ​មាន​មោទកភាព​នៅពេល​បានទទួល​ទាន​អាហារ​ពេលយប់​ជាមួយ​សមាជិក​របស់​រា​ជ​វង្ស​អង់គ្លេស ឬ​យ៉ាងណា?»។

ចំណែក​ភាគី​ខាង​រាជវាំង Buckingham វិញ បាន​ប្រតិកម្ម​ថា ការចោទប្រកាន់​របស់ Harry និង Meghan ទាក់ទង​នឹង​បញ្ហា​រើសអើង​ពូជសាសន៍​នៅក្នុង​រាជវាំង​អង់គ្លេស នោះ នឹង​ត្រូវបាន​ដោះស្រាយ​ដោយឡែក។ នាង Meghan មាន​ឪពុក​ជា​ជនជាតិ​ស្បែក​ខ្មៅ រីឯ​ម្ដាយ​ជា​ជនជាតិ​ស្បែ​កស។

ក្រោយ​កិច្ច​សម្ភាស​របស់ Harry និង Meghan ប្រជាជន​នៅ​អាហ្វ្រិក មានការ​ប្រតិកម្ម​យ៉ាងខ្លាំង​ក្លា។ «ប្រទេស​អង់គ្លេស និង​រាជវាំង គឺ​បែបនេះ។ គ្រប់គ្នា​សង្ឃឹម​អ្វី​ទៀត? ពួកគេ​ធ្លាប់​កៀបសង្កត់​យើង​អស់​ជាច្រើន​ឆ្នាំ» អ្នកលេង Twitter នៅ​អាហ្វ្រិក​ខាងត្បូង​ម្នាក់ បង្ហោះ​សារ​យ៉ាង​ដូច្នេះ។

Mohammed Groenewald ជា​អ្នក​ដែល​ធ្លាប់បាន​នាំ Harry និង Meghan ទៅ​ទស្សនកិច្ច​វិហារ​អ៊ីស្លាម​មួយ​នៅ​ទីក្រុង Cape Town បាន​និយាយថា កិច្ច​សម្ភាស​ខាងលើ បាន​រំលឹក និង​លាតត្រដាង​ឡើងវិញ​អំពី​បញ្ហា «រើសអើង​ពូជសាសន៍​របស់​ចក្រពត្តិ​អង់គ្លេស»។ លោក​បន្ថែមថា បញ្ហា​នេះ «បានបង្ហាញ​យ៉ាងច្បាស់​លាស់​ហើយ»។

មហាក្សត្រី​ Elizabeth ទី​ពីរ​

កេ​ន​យ៉ា​គឺជា​អតីត​ប្រទេស​ក្រោម​អាណានិគម​ដែ​លក្ស​ត្រី Elizabeth ធ្លាប់​មក​ធ្វើ​ទស្សនកិច្ច​កាលពី​ឆ្នាំ 1952 ក្នុងនាម​ជា​មហាក្សត្រី។ «យើង​មាន​ការខឹង​ខ្លាំងណាស់​នៅពេល​បានដឹងថា ប្អូនស្រី​មាន​ដើមកំណើត​អាហ្វ្រិក ត្រូវគេ​ធ្វើបាប​ដោយសារតែ​នាង​ជា​ជនជាតិ​ស្បែក​ខ្មៅ» Sylvia Wangari ជា​ពលរដ្ឋ​ម្នាក់​នៅ​រដ្ឋធានី Nairobi និយាយ​អំពី​នាង Meghan។ Wangari បន្ថែមថា កាលពី​ក្ស​ត្រី Elizabeth មក​ធ្វើ​ទស្សនកិច្ច​កេ​ន​យ៉ា ប្រជាជន​ប្រទេស​នេះ​មិនបាន «សំដែង​ឥរិយាបថ​ប្រកាន់ពូជសាសន៍​អ្វី​ឡើយ»។

ចំណែក​នាយករដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau វិញ បាន​និយាយថា «មិនគួរ​បោះបង់​កត្តា​ណាមួយភ្លាមៗ និង​ចាប់ផ្ដើម​ជាថ្មី​នោះទេ»។ រីឯ Jagmeet Singh ដែលជា​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​ថ្មី (New Democratic Party) វិញ បាន​និយាយថា របប​រាជាធិបតេយ្យ «មិនមាន​ប្រយោជន៍​អ្វី​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​កាណាដា​នោះឡើយ»។

កិច្ច​សម្ភាស​របស់ Harry និង Meghan មិនបាន​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ឥណ្ឌា ដែលជា​ប្រទេសមួយ​មាន​មនុស្ស​រស់នៅ​ច្រើនជាងគេបង្អស់​នៅក្នុង​សម្ព័ន្ធ​កុម្ម៉ង់​វែ​ល ដោយមាន​ប្រជាជន​សរុប​ជាង 1.3 លាន​នាក់។ ក៏ប៉ុន្តែ សារព័ត៌មាន​នានា​នៅតែមាន​ការចុះផ្សាយ​អំពី​ប្រតិកម្ម​អវិជ្ជមាន​ចំពោះ​រាជវង្ស​អង់គ្លេស។

ទោះជា​យ៉ាងណាក៏ដោយ «សម្ព័ន្ធ​កុម្ម៉ង់​វែ​ល​ពិតជា​មាន​សារសំខាន់​សម្រាប់​រាជវង្ស​អង់គ្លេស ព្រោះ​វា​បង្ហាញថា ពួកគេ​បាន​គ្រប់គ្រង​ប្រទេស និង​តំបន់​ជាច្រើន ប៉ុន្តែ ចំណែក​ពួកយើង យ៉ាងណា​ទៅវិញ? ខ្ញុំ​មិន​យល់​សោះ​ថា ហេតុអ្វី​បានជា​យើង​នៅតែ​ស្ថិតក្នុង​សម្ព័ន្ធ​នេះ» នេះ​បើតាម​សម្ដី​របស់​មេធាវី Sunaina Phul៕

ប្រភព៖ AP
ប្រែ​សម្រួល៖ បុត្រា

Advertisement