មជ្ឈិមបូព៌ា បង្កើន​ការផលិត​ឧស្ម័ន​ដើម្បី​បំពេញតម្រូវការ​ពិភពលោក

មជ្ឈិមបូព៌ា ដែលជា​តំបន់​នាំចេញ​ប្រេង​រ៉ែ​លំដាប់​កំពូល​របស់​ពិភពលោក កំពុង​រក​វិធី​បង្កើន​ការផលិត និង​នាំចេញ​ឧស្ម័ន​ធម្មជាតិ នៅពេល​តម្រូវការ​ចំពោះ​ថាមពល​ប្រភេទ​នេះ​នឹង​កើនឡើង​នៅក្នុង​ប្រទេស ក៏ដូចជា​នៅ​ទូទាំង​សកលលោក​នា​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។

ទំព័រ oilprice.com បាន​ចុះផ្សាយ​ថា កាតា ដែលជា​ប្រទេស​នាំចេញ​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) ធំជាងគេ​មួយ​ក្នុង​ពិភពលោក បាន​នាំមុខគេ​ក្នុង​វិស័យ​ឧស្ម័ន​នៅ មជ្ឈិមបូព៌ា ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ គ្រា​ដែល​បណ្ដា​ប្រទេស​ដទៃ​ក្នុង​តំបន់​ដែល​សម្បូរ​ឧស្ម័ន​ធម្មជាតិ​នេះ បែរជា​មិនបាន​យកចិត្តទុកដាក់​ក្នុងការ​វិនិយោគ​ទៅលើ​វិស័យនេះ។ ក៏ប៉ុន្តែ ពេលនេះ ប្រទេស​ទាំងនោះ​សុទ្ធតែ​កំពុង​ចាប់ផ្ដើម​ប្ដូរផ្លាស់​ឥរិយាបថ​ដើម្បី​ចាប់យក​ឱកាស ក្នុងពេល​តម្លៃ​ឧស្ម័ន​ធម្មជាតិ​កើនឡើង​ខ្ពស់។

ក្រុម​អ្នក​ផលិត​ប្រេងធំៗក្នុង​អង្គការ OPEC មានដូចជា អា​រ៉ា​ប៊ី​សា​អូឌីត និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម (UAE) ជាដើម បាន និង​កំពុង​បង្កើន​បរិមាណ​ឧស្ម័ន​ក្នុងប្រទេស។

ទីផ្សារ​ឧស្ម័ន​ទូទាំង​ពិភពលោក បាន​ប្រែប្រួល​ខ្លាំង​ចាប់តាំងពី រុស្ស៊ី ចូលលុកលុយ អ៊ុយ​ក្រែ​ន។ តម្រូវការ​ចំពោះ LNG ត្រូវបាន​គេ​ព្យាករ​ថា នឹង​កើនឡើង​ខ្ពស់​ខ្លាំង​នៅ អឺរ៉ុប នៅពេល​ទ្វីប​នេះ ស្វែងរក​វិធី​ដើម្បី​បញ្ចប់​ការពឹង​ផ្អែកលើ​ប្រេង និង​ឧស្ម័ន​របស់ រុស្ស៊ី។ នេះ​គឺជា​កត្តា​វិជ្ជមាន​សម្រាប់​បណ្ដា​ប្រទេស​ផលិត​ប្រេងឥន្ធនៈ​នៅ មជ្ឈិមបូព៌ា សម្រាប់​ការបង្កើន​បរិមាណ​ឧស្ម័ន LNG។

នៅ ប្រទេស​កាតា កាលពី​ឆ្នាំមុន រដ្ឋាភិបាល​បានប្រកាស​គម្រោង LNG ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក នោះ​គឺ​គម្រោង North Field East (NFE) ដើម្បី​បង្កើន​ការផលិត LNG របស់​ប្រទេស​នេះ ពី ៧៧ លាន​តោន ឱ្យ​ឡើងដល់ ១១០ លាន​តោន​ជា​រៀងរាល់ឆ្នាំ។ គម្រោង​នេះ​នឹង​ចាប់ផ្ដើម​ការផលិត​នៅ​ត្រីមាស​ទី ៤ ឆ្នាំ ២០២៥ ដោយ​ត្រូវ​ចំណាយ​ប្រាក់​វិនិយោគ​ប្រមាណ ២៨.៧៥ ពាន់​លាន​ដុល្លារ​អាម៉េរិក។ ដំណាក់កាល​ទី​ពីរ​នៃ​ការពង្រីក​គម្រោង​ខាងលើ នោះ​គឺ​គម្រោង North Field South (NFS) ដែល​គ្រោង​នឹង​បង្កើន​ការផលិត​ពី ១១០ លាន​តោន ដល់​ឡើង ១២៦ លាន​តោន​ជា​រៀងរាល់ឆ្នាំ ដោយ​គ្រោង​នឹង​ផ្ដើម​ការផលិត​ចាប់ពី​ឆ្នាំ ២០២៧។

ក្រៅពី ប្រទេស​កាតា បណ្ដា​ប្រទេស​ក្នុង​តំបន់ មជ្ឈិមបូព៌ា ដទៃទៀត​ក៏​កំពុង​ពង្រីក​សកម្មភាព​ក្នុង​វិស័យ​ផលិត និង​នាំចេញ​ឧស្ម័ន​ធម្មជាតិ​រាវ​នេះដែរ ក្នុងនោះ ប្រទេស​ដែល​លេចធ្លោ​ជាងគេ​បន្ទាប់ពី កាតា គឺ អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង ប្រទេស​អូ​ម៉​ង់។

 

Advertisement