(វីដេអូ)-ភ្នំភ្លើង​នៅ​ឥណ្ឌូនេស៊ី ផ្ទុះ​ជាថ្មី! ផ្សែង និង​ផេះ​កម្ពស់ 5,000ម៉ែត្រ

ភ្នំភ្លើង Sinabung នៅលើ​កោះ Sumatra បាន​ផ្ទុះឡើង​កាលពី​ព្រឹក​នេះ បង្កឱ្យមាន​ផេះ និង​ធូលី​កម្ពស់ 5,000 ម៉ែត្រ ប៉ុន្តែ​មិនទាន់មាន​បទបញ្ជា​ឱ្យ​ជម្លៀស​ពលរដ្ឋ​នៅឡើយ។

ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​រកឃើញ​មាន​ករណី​ផ្ទុះផ្សេងៗគ្នា​ចំនួន 13 ករណី នៅពេល​ភ្នំភ្លើង Sinabung មាន​សកម្មភាព​ឡើងវិញ។ ក្រុមមន្ត្រី​រដ្ឋាភិបាល​ឱ្យដឹងថា ភ្នំភ្លើង​នេះ​មិន​គំរាមកំហែង​ដល់​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ពលរ​ដ្ឋ​នោះទេ ព្រោះថា ផ្ទៃដី​ប្រវែង 5 គីឡូម៉ែត្រ​នៅ​ជុំវិញ​ភ្នំភ្លើង​នេះ ត្រូវបាន​បោះបង់ចោល​អស់​ជាច្រើន​ឆ្នាំ​មកហើយ។

បើទោះជា​មិនមាន​បទបញ្ជា​ឱ្យ​ជម្លៀស និង​មិនមាន​របាយការណ៍​អំពី​ជើងហោះហើរ​ដែល​ត្រូវ​ពន្យារពេល​ដោយសារ​ការផ្ទុះ​ភ្នំភ្លើង​នេះ​ក៏ដោយ ប៉ុន្តែ ពលរដ្ឋ​ក្នុង​តំបន់​នៅតែ​ភ័យព្រួយ។

«ប្រជាជនមាន​ការភ័យខ្លាច មនុស្សម្នា​នៅក្នុង​ផ្ទះ​ដើម្បី​ចៀស​ពី​ផេះ​ធូលី​ដ៏​ក្រាស់​របស់​ភ្នំភ្លើង» Roy Bangun អាយុ 41 ឆ្នាំ បាន​និយាយ​ដូច្នេះ។

Muhammad Nurul Asrori ដែលជា​មន្ត្រី​តាមដាន​ភ្នំភ្លើង Sinabung ឱ្យដឹងថា នេះ​គឺជា​ផ្សែង និង​ផេះ​ធូលី​ធំ​បំផុត​ដែល​គាត់​មិន​ធ្លាប់​បានឃើញ​រាប់​ចាប់ពី​ឆ្នាំ 2010។ មន្ត្រី​រូបនេះ​ក៏បាន​ព្រមាន​ថា ផេះ និង​ធូលី​នៅតែ​អាច​កើតឡើង​ច្រើនជាង​នេះ ព្រោះថា ក​ម្អែ​ដ៏​ធំ​របស់​ភ្នំភ្លើង​នេះ អាច​ផ្ទុះឡើង​គ្រប់ពេល។

ភ្នំភ្លើង Sinabung មាន​កម្ពស់ 2,460 ម៉ែត្រ បាន​អសកម្ម​អស់​ជាច្រើន​សតវត្សរ៍ មុនពេល​វា​ផ្ទុះ​ឡើងវិញ​កាលពី​ឆ្នាំ 2010 ដែល​បានសម្លាប់​មនុស្ស​អស់ 2នាក់។ ក្រោយ​ការ «ដេកលក់» រយៈពេល 3 ឆ្នាំ ភ្នំភ្លើង​នេះ​ក៏​បន្តធ្វើ​សកម្មភាព​ឡើងវិញ​កាលពី​ឆ្នាំ 2013 ហើយ​តាំងពី​ពេលនោះ វា​បាន​ផ្ទុះ​ជា​ញឹកញាប់។ ការផ្ទុះ​កាលពី​ឆ្នាំ 2014 បាន​បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​ចំនួន 16 នាក់ និង​ឆ្នាំ 2016 វា​បានសម្លាប់​មនុស្ស 7 នាក់។

ឥណ្ឌូនេស៊ី​គឺជា​ប្រជុំ​កោះ​មួយ រួមមាន​កោះ​តូចធំ​ជាង 17,000 ក្នុងនោះ​មាន​ភ្នំភ្លើង​ជិត 130 កំពុងមាន​សកម្មភាព។ ប្រ​ទស​នេះ​ស្ថិតនៅលើ​តំបន់ «ខ្សែក្រវាត់​ភ្លើង» (Ring of Fire) ដែល «ឡោមព័ទ្ធ» មហាសមុទ្រ​ប៉ាស៊ីហ្វិក។ តំបន់​ខ្សែ​ក្រវាត់ភ្លើង​តែង​កើតមាន​គ្រោះ​រញ្ជួយ​ដី និង​ករណី​ផ្ទុះ​ភ្នំភ្លើង​ជា​ញឹកញាប់៕

ប្រភព៖ AFP
ប្រែ​សម្រួល៖ បុត្រា

Advertisement