លិច​កប៉ាល់​ដឹក​មនុស្ស 19នាក់​នៅ​កណ្ដាល​សមុទ្រ សង្ស័យ​ថា​​ មក​ពី​ទឹក​កក

កប៉ាល់​សង្គ្រោះ​មួយ​គ្រឿង​របស់​រុស្ស៊ី នៅក្នុង​​ការ​ហាត់​សមមួយ​នៅ​លើ​សមុទ្រ​ Barent

កប៉ាល់​នេសាទ​ត្រី Onega បាន​លិច​នៅក្នុង​សមុទ្រ Barents បណ្ដាលឱ្យ​មនុស្ស 19 នាក់​បាត់​ខ្លួន និង 2 នាក់​ទៀត​ត្រូវបាន​សង្គ្រោះ​ដោយ​កប៉ាល់​មួយ​នៅក្បែរនោះ។

ក្រសួង​កិច្ចការ​បន្ទាន់​របស់​រុស្ស៊ី (Ministry of Emergency Situations of the Russian Federation) ថ្ងៃនេះ (28 ធ្នូ) បានឱ្យដឹងថា កប៉ាល់​នេសាទ​ត្រី​ឯកជន​ដែលមាន​ឈ្មោះថា Onega បាន​លិច​នៅវេលា​ម៉ោង 7កន្លះ (ម៉ោង 11កន្លះ​នៅ​ភ្នំពេញ) នៅក្បែរ​ប្រជុំ​កោះ Novaya Zemlya។

«នាវិក​របស់​កប៉ាល់​នេះ មាន​ចំនួន 19 នាក់។ 2 នាក់​ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេល» ខណៈដែល 17 នាក់​ផ្សេងទៀត​បាន​បាត់​ខ្លួន នេះ​បើតាម​ក្រសួង​ខាងលើ។ ក្នុងចំណោម​នាវិក 2 រូប​ដែល​រួច​ផុតពី​ការស្លាប់​នោះ មាន​ម្នាក់​ជា​អ្នកដឹកនាំ​កប៉ាល់ និង​ម្នាក់​ជា​បុគ្គលិក​ធម្មតា​របស់ Onega។

ក្រុមមន្ត្រី​រុស្ស៊ី​ជឿថា ទឹកកក​ដែល​កក​នៅលើ​កប៉ាល់​គឺជា​មូល​ហេតុដែល​នាំឱ្យមាន​ហេតុការណ៍​លិច​កើតឡើង។ បច្ចុប្បន្ន ប្រតិបត្តិការ​ជួយសង្គ្រោះ​កំពុង​ត្រូវបាន​ធ្វើឡើង​ដោយមាន​ការចូលរួមរ​បស់​កប៉ាល់​ចំនួន 5 គ្រឿង។ ចំណែក​យន្តហោះ ឬ​ឧទ្ធម្ភាគចក្រ​វិញ មិនអាច​ចូលរួម​សង្គ្រោះបាន ដោយសារ​អាកាសធាតុ​មិន​អំណោយផល។

ប្រភពព័ត៌មាន​របស់​កាសែត​រុស្ស៊ី TASS ឱ្យដឹងថា អាកាសធាតុ​ត្រជាក់​ខ្លាំង​ធ្វើឱ្យ​ដងខ្លួន​របស់​កប៉ាល់ Onega ត្រូវ​ជាប់​ពេញ​ដោយ​ទឹកកក​យ៉ាង​ក្រាស់។ នៅក្បែរ​ប្រជុំ​កោះ Novaya Zemlya សីតុណ្ហភាព​ធ្លាក់ចុះ​ដល់ 0អង្សា​សេ ដែល​នេះ​មានន័យថា ទឹកភ្លៀង​នឹង​កក​ជា​ទឹកកក​នៅពេល​វា​ស្ថិតនៅលើ​វត្ថុ​អ្វីមួយ។

ប្រភពព័ត៌មាន​មួយ​របស់ Interfax និយាយថា ក្រុម​នាវិក​ត្រូវបាន​ទឹក​គួច​អណ្ដែត​ចេញពី​កប៉ាល់​ដោយសារ​មាន​ព្យុះ​មួយ​កើតឡើង។ ចំណែក TASS ចុះផ្សាយ​ថា ក្រុម​នាវិក​ដែល​បាន​បាត់​ខ្លួន ត្រូវគេ​ជឿថា បាន​បាត់បង់​ជីវិត​ទៅហើយ។

Onega គឺជា​កប៉ាល់​នេសាទ​មួយគ្រឿង​ដែល​ត្រូវបាន​ផលិត​កាលពី​ឆ្នាំ 1979 និង​មាន​ដោត​ទង់ជាតិ​រុស្ស៊ី។ អាជ្ញាធរ​​រុស្ស៊ី បានចាប់ផ្ដើម​ធ្វើការ​ស៊ើបអង្កេត​លើ​ករណីនេះ៕

ប្រភព៖ Reuters, AFP, RT

Advertisement