ព្យុះសៃខ្លូន កម្រិត5 វាយប្រហារ វ៉ានូអាទូ ធ្ងន់ធ្ងរ កាត់ផ្ដាច់កោះមួយនេះពីពិភពខាងក្រៅ

ព្យុះសៃខ្លូន កម្រិត5 វាយប្រហារ វ៉ានូអាទូ ធ្ងន់ធ្ងរ កាត់ផ្ដាច់កោះមួយនេះពីពិភពខាងក្រៅ

ទីភ្នាក់ងារសារព័ត៌មានAFP បានរាយការណ៍នៅព្រឹកថ្ងៃនេះ(ទី7មេសា)ថា បណ្ដុំកោះភាគខាងជើងរបស់​កោះវ៉ានូអាទូ ត្រូវបានកាត់ផ្ដាច់ពីពិភពខាងក្រៅទាំងស្រុង ក្រោយពីត្រូវព្យុះសៃខ្លូន ហារ៉ូល វាយប្រហារ ដោយកាលពីសប្ដាហ៍កន្លងទៅ ព្យុះសៃខ្លូន ហារ៉ូលនេះ បានបោកបក់កម្ទេចបណ្ដុំកោះសូឡូម៉ុន ធ្វើឱ្យមានអ្នកស្លាប់ដល់ទៅ 27នាក់ មុននឹងបន្តឆ្ពោះទៅភាគខាងជើងរបស់កោះវ៉ានូអាទូកាលពីអំឡុងរាត្រីកន្លងមក ដោយមានភាពខ្លាំងក្លាក្នុងកម្រិតខ្ពស់បំផុត គឺកម្រិត5។

ព្យុះសៃខ្លូន កម្រិត5 វាយប្រហារ វ៉ានូអាទូ ធ្ងន់ធ្ងរ កាត់ផ្ដាច់កោះមួយនេះពីពិភពខាងក្រៅលោកស្រី ជែកឃើលីន ដឹ ក្លេយ៉ន់ អគ្គលេខាធិការកាកបាតក្រហមវ៉ានូអាទូ បានថ្លែងថា ព្យុះសៃខ្លូនមួយនោះ មានល្បឿនខ្យល់ដល់ទៅ 235គីឡូម៉ែត្រក្នុង 1ម៉ោង បានធ្វើឱ្យអគារជាច្រើនបាក់ដួលរលំ និងថែមទាំងកើតមានទឹកជំនន់ទាន់ហន់ទៀតផង តែនៅមិនទាន់អាចបញ្ជាក់បានអំពីព័ត៌មានលម្អិតរបស់ការខូចខាតដែលកើតឡើងបាននៅឡើយ ដោយសារតែការទំនាក់ទំនង ត្រូវបានកាត់ផ្ដាច់ទាំងស្រុង មានត្រឹមតែរូបភាពការខូចខាតដែលត្រូវបានផ្សព្វផ្សាយតាមរយៈពិភពបណ្ដាញសង្គមអនឡាញ ដែលបង្ហាញឱ្យឃើញពីភាពខូចខាតដ៏ច្រើន និងធំធេងតែប៉ុណ្ណោះ និងនៅមិនទាន់បានដឹងថា មានអ្នកស្លាប់ច្រើន ឬតិចប៉ុនណានៅឡើយ។

ព័ត៌មានបានបញ្ជាក់ថា សម្រាប់ព្យុះសៃខ្លូន ដែលមានភាពខ្លាំងក្លាកម្រិត5 ដែលបានវាយប្រហារវ៉ានូអាទូ លើកចុងក្រោយបំផុត កាលពីឆ្នាំ2015នោះ បានធ្វើឱ្យទីក្រុងផតវិឡា ខ្ទេចរាបដូចកន្ទេល និងមានអ្នកស្លាប់ 11នាក់។

លោកស្រី ដឹ ក្លេយ៉ន់ បានថ្លែងទៀតថា ទោះជាទីក្រុងផតវិឡា បានរួចផុតពីភាពកាចសាហាវបំផុតរបស់ព្យុះសៃខ្លូនលើកនេះក្ដី តែលោកស្រីក៏នៅតែមានការបារម្ភដដែលថា តំបន់ចាប់ពីភាគខាងជើងឡើងទៅ អាចនឹងត្រូវជួបនឹងភាពធ្ងន់ធ្ងររបស់ព្យុះកំណាចមួយនេះ ដែលធ្វើឱ្យលោកស្រីមានការកង្វល់បារម្ភយ៉ាងខ្លាំង ព្រោះផ្ទះសំបែងនៅក្នុងវ៉ានូអាទូ បានសាងសង់ឡើងបែបមិនសូវជារឹងមាំប៉ុន្មានឡើយ និងបារម្ភថា ប្រជាជនអាចនឹងត្រូវខូចខាតបាត់បង់ទ្រព្យសម្បត្តិរបស់ខ្លួន និងគ្មានទីស្នាក់អាស្រ័យ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement