ផ្ទុះ​កក្រើក​ទីក្រុង​នៅ​អាមេរិក​ក្នុង​ថ្ងៃបុណ្យ​ណូអែល​ឆ្នាំនេះ

ករណី​ផ្ទុះ​មួយ​បាន​កើតឡើង​នៅ​កណ្ដាល​ទីក្រុង Nashville រដ្ឋ Tennessee សហរដ្ឋអាមេរិក កាលពី​ព្រឹក​ថ្ងៃទី 25 ខែធ្នូ បណ្ដាលឱ្យ​អគារ​មួយចំនួន​រង​ការខូចខាត ប៉ុន្តែ​មិនទាន់មាន​សេចក្ដីរាយការណ៍​អំពី​ការរង​របួស ឬ​បាត់បង់​ជីវិត​មនុស្ស​នៅឡើយ។

បណ្ដាល​អគារ​នៅ​កណ្ដាល​ទីក្រុង Nashville និង​តំបន់​ជុំវិញ បាន​រង​ការ​ញាប់​ញ័រ នៅពេល​មាន​ករណី​ផ្ទុះ​មួយ​បានកើត​ឡើង នាំឱ្យមាន​ផ្សែង​យ៉ាង​ខ្មួលខ្មាញ់ និង​អណ្ដាតភ្លើង​បាញ់​ឡើង​ទៅលើ។ ភ្លាមៗនេះ ក្រុមប៉ូលិស និង​ក្រុម​ពន្លត់​អគ្គិភ័យ ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ។

អាជ្ញាធរ Nashville បានឱ្យដឹងថា រថយន្ត​មួយគ្រឿង​ដែល​កំពុង​ចត​នៅក្នុង​តំបន់​នេះ បាន​ផ្ទុះ និង​បណ្ដាលឱ្យ​អគារ​មួយចំនួន​រង​ការខូចខាត។ បច្ចុប្បន្ន​មិនទាន់មាន​ព័ត៌មាន​អំពី​ការស្លាប់ ឬ​រង​បួស​នៅឡើយ ហើយ​ក្រុមមន្ត្រី​ក៏បាន​អះអាងថា ករណី​ផ្ទុះ​នេះ ទំនងជា «មិនមាន​អ្វី​គួរឱ្យ​សង្ស័យ» នោះទេ។

Muck McCoy ដែលជា​ពលរដ្ឋ​ម្នាក់​រស់នៅក្នុង​តំបន់​កើតហេតុ បាន​បង្ហោះ​វីដេអូ​មួយ​បង្ហាញឱ្យឃើញថា ទឹក​កំពុងតែ​ហូរ​ធ្លាក់ចូល​ផ្ទះ​របស់គាត់ ខណៈដែល​សំឡេង​សា​រ៉ែ​ន​ប្រកាសអាសន្ន និង​សំឡេង​ស្រែក​របស់​មនុស្ស​កំពុង​លាន់ឮ​ពេញ​ទឹក​ពេញ​ដី។

Buck McCoy បាន​ប្រាប់​សារព័ត៌មាន AP ថា៖ «បង្អួច​ទាំងអស់​របស់ខ្ញុំ​បាន​បែក ហើយ​បើ​ខ្ញុំ​ឈរ​នៅ​ទីនោះ វា​ពិតជា​គ្រោះថ្នាក់​ណាស់។ វា​ដូច​ទៅនឹង​ការផ្ទុះ​របស់​គ្រាប់បែក»។

ថៅកែ​របស់​អគារ Nashville Downtown Hostel ឱ្យដឹងថា ពួកគេ​បាន​ប្រញាប់​ជម្លៀស​ភ្ញៀវ​ចេញពី​អគារ នៅពេល​មាន​សំឡេង​ផ្ទុះ​យ៉ាង​ធំ​មួយ និង​សំឡេង​ជួង​ប្រកាសអាសន្ន​បាន​បន្លឺឡើង។ លោក​បន្តថា អគារ​របស់ខ្លួន​រង​ការខូចខាត។

WeGo ដែលជា​បណ្ដាញ​រថយន្ត​ក្រុង​របស់ Nashville បាន​ប្រាប់ថា ពួកគេ​មិនបាន​រង​ផលប៉ះពាល់​ពី​ករណី​ផ្ទុះ​នេះ​ទេ។ ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ជួយ​រៀបចំ​តំបន់​កើតហេតុ និង​ប្រើប្រាស់​រថយន្ត​របស់ខ្លួន​ធ្វើជា​កន្លែង​ជ្រោក​កោន​ដើម្បីឱ្យ​ជន​រង​ផលប៉ះពាល់​ស្នាក់នៅ​ក្នុង​គ្រា​អាកាសធាតុ​ត្រជាក់​ខ្លាំង។ ក្រុមប៉ូលិស និង​ក្រុម​ពន្លត់​អគ្គិភ័យ​នៅ​ទីក្រុង Nashville នៅតែ​ធ្វើ​សកម្មភាព​នៅ​កន្លែងកើតហេតុ ព្រមទាំង​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចៀស​ឆ្ងាយ​ពី​តំបន់​កើតហេតុ​នេះ៕

ប្រភព៖ Fox News, AP

Advertisement