ម៉ាឡេស៊ី លក់ផ្លែទុរេន “មូសាំង ឃីង” ឱ្យចិន ក្នុង 1ម៉ោង បានជាង 3សែនផ្លែ

ទីភ្នាក់ងារព័ត៌មាន សៅ ឆាយណា ម៉នីង ផូស្ត បានរាយការណ៍កាលពីសប្ដាហ៍មុនថា ប្រទេសម៉ាឡេស៊ី លក់ផ្លែទុរេន “មូសាំង ឃីង” រយៈពេលត្រឹមតែ 1ម៉ោងគត់ បាន 300,000ផ្លែ តាមប្រព័ន្ធអនឡាញ។

មូសាំង ឃីង(Musang King) ឬភាសាចិនហៅថា ម៉ៅ សានវ៉ាង ដែលប្រែថា “ស្ដេចឆ្មាព្រៃ” គឺជាទុរេនកម្រិតកំពូលរបស់ប្រទេសម៉ាឡេស៊ី ដោយជនជាតិម៉ាឡេស៊ីបានអួតអាងថា មានរសជាតិល្អបំផុតលើពិភពលោក និងមានតម្លៃ ថ្លៃជាងទុរេនប្រភេទផ្សេងៗទៀត។ តែយ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្ននេះ ផ្លែទុរេនដែលប្រទេសចិននាំចូលទៅបរិភោគនៅក្នុងប្រទេសនោះ គឺភាគច្រើន នាំចូលពីប្រទេសថៃ។

ការលក់ទុរេនខាងលើ បានក្លាយជាផ្នែកមួយ របស់រដូវកាលប្រពៃណីលក់ទុរេនតាមអនឡាញនៅក្នុងប្រទេសចិន(កួងស៊ី)-ម៉ាឡេស៊ីប្រចាំឆ្នាំ2020 ដោយអាចលក់ផ្លែទុរេនបានចំនួន 60តោន ក្នុងរយៈពេលតែ 50នាទី 48វិនាទី ដែលគិតជាទឹកប្រាក់ ក៏ប្រមាណជា 61.2លានរីងហ្គីត ឬប្រហែលជាង 12លានដុល្លារ។

លោក Tong King Sing ទូតពិសេសរបស់ម៉ាឡេស៊ី ប្រចាំប្រទេសចិន បានបញ្ជាក់ថា លោកជឿជាក់ក្នុងចិត្តថា ការលក់ផ្លែទុរេនទៅប្រទេសចិន នឹងក្លាយជាគុណប្រយោជន៍ដល់ការបង្កើនតម្លៃពាណិជ្ជកម្មរួម រវាងប្រទេសទាំង2។

កាលពីឆ្នាំ2019 ប្រទេសចិន បាននាំចូលផ្លែទុរេន 6សែនតោន គិតជាទឹកប្រាក់ ប្រមាណជា 1.7ពាន់លានដុល្លារ ដោយនៅក្នុងចំនួននោះ នាំចូលពីប្រទេសម៉ាឡេស៊ី 7,700តោន គិតជាទឹកប្រាក់ 67លានដុល្លារ។ ក្រៅពីនេះ ប្រទេសចិននៅនាំចូល សាច់ទុរេនក្លាស្សេរឹង ពីប្រទេសម៉ាឡេស៊ី គិតជាទឹកប្រាក់សរុប 41លានដុល្លារ កាលពីឆ្នាំ2018។

កន្លងមក ប្រទេសម៉ាឡេស៊ី បានព្យាយាមបង្កើនបរិមាណការនាំចេញទុរេនទៅប្រទេសចិន ដោយដាក់ទិសដៅថា នឹងនាំចេញទាំងផ្លែទុរេនស្រស់ និងទុរេនក្លាស្សេទៅកាន់ប្រទេសចិន ជាទីផ្សារដែលពេញនិយមក្នុងការបរិភោគផ្លែទុរេន កំពុងរីកធំធាត់យ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

តម្រូវការផ្លែទុរេនរបស់ប្រទេសចិន ថែមទាំងក្លាយជាបច្ច័យជំរុញឱ្យតម្លៃរបស់ផ្លែទុរេនម៉ាឡេស៊ី កើនឡើង ដោយកាលពីឆ្នាំ2012 កសិករចម្ការទុរេនម៉ាឡេស៊ី អាចលក់ផ្លែទុរេនបានក្នុង 1គីឡូក្រាម តម្លៃត្រឹមតែ 9រិងហ្គីត(ប្រមាណជាង 2ដុល្លារ)ប៉ុណ្ណោះ តែបច្ចុប្បន្ន តម្លៃទុរេនម៉ាឡេស៊ី បានកើនឡើងខ្ពស់ ដល់ទៅ 30រិងហ្គីតក្នុង 1គីឡូក្រាម(ប្រមាណជិត 9ដុល្លារ)។

ប្រភព៖ សារព័ត៌មានបរទេស

 

 

Advertisement