ឱកាសដែលកូវីដ-19 នឹងឆ្លងរាតត្បាតធំ ជុំទី2 នៅក្នុងប្រទេសចិន មានទាបបំផុត…អ្នកជំនាញការ បង្ហើបឱ្យដឹងពីគន្លឹះបង្ក្រាបកូវីដ យ៉ាងជោគជ័យ

អ្នកជំនាញការចិន ប្រាប់ថា សភាពបរិស្ថាននៅក្នុងប្រទេសចិន នាពេលនេះ មានសុវត្ថិភាព ទោះជាមានការឆ្លងរាលដាលកូវីដ-19 បន្តិចបន្តួចក្ដី តែអ្វីដែលសំខាន់គឺ “កុំប្រហែសខ្លួន”។ រូបភាព៖ អ្នកទេសចរចិនដែលមានពាក់ម៉ាស់អនាម័យការពារ នាំគ្នាសម្រុកទៅដើរលេងកម្សាន្តនៅឯមហាកំពែងចិន កាលពីថ្ងៃទី31 តុលា

ក្រុមសារព័ត៌មានចិន បានរាយការណ៍កាលពីចុងសប្ដាហ៍កន្លងទៅថា ប្រទេសលោកខាងលិច កំពុងប្រឈមនឹងជំងឺរាតត្បាតកូវីដ-19 យ៉ាងធ្ងន់ធ្ងរ។ ប្រទេសអឺរ៉ុប កំពុងតម្រង់ជួរគ្នា “បិទប្រទេស” ជាថ្មីម្ដងទៀត ខណៈដែលតួលេខការឆ្លងមេរោគទូទាំងពិភពលោក ក្នុងអំឡុង 1សប្ដាហ៍មកនេះ បានហក់ឡើងខ្ពស់ជាប្រវត្តិសាស្ត្រ ដល់ទៅ 2000,000នាក់។ ចំណែកខាងប្រទេសចិនវិញ អ្នកជំនាញការខាងជំងឺសួត និងប្រព័ន្ធដង្ហើម ដ៏ល្បីឈ្មោះម្នាក់ លោកវេជ្ជបណ្ឌិត ចុង ណាន់សាន បានអះអាងថា ឱកាសដែលនឹងកើតការឆ្លងរាលដាលធំ នៅក្នុងប្រទេសចិន មានទាបបំផុត ហើយលោកព្រមទាំងបានបង្ហើបឱ្យដឹងពីគន្លឹះក្នុងការគ្រប់គ្រងកូវីដ-19 បានយ៉ាងជោគជ័យទៀតផង នោះគឺការព្យាយាមខ្លាំងបំផុត លើការផ្ដុំវិធានការគ្រប់គ្រងដើមហេតុឱ្យបាន។

លោកវេជ្ជបណ្ឌិត ចុង ណានសាន វ័យ 84ឆ្នាំ បានថ្លែងថា “កិច្ចប្រជុំកំពូលសុខភាពចិន និងការជំរុញផ្នែកវេជ្ជសាស្ត្របុរាណចិន” នៅឯទីក្រុង ស៊ឺ យ៉ាចួង មណ្ឌលហ៊ូពេយ ដែលរៀបចំឡើងកាលពីថ្ងៃចុងសប្ដាហ៍(30-31តុលា) បានឱ្យដឹងថា ទោះជាខណៈនេះ ចិននៅតែរកឃើញការឆ្លងរាលដាលនៅក្នុងតំបន់ផ្សេងៗបន្តិចបន្តួចក្ដី តែរយៈពេលនៃការរាលដាលនីមួយៗ កាន់តែខ្លីឡើង…។

“យើងបានប្រមូលសន្សំបទពិសោធដ៏មានតម្លៃ រដ្ឋបាលកណ្ដាលបានប្រើយុទ្ធសាស្ត្រទប់ស្កាត់ជំងឺរាតត្បាត ពីចំណុចកណ្ដាលនៃការរាលដាល និងបានព្យាយាមប្រមូលផ្ដុំវិធានការគ្រប់គ្រងពីដើមហេតុនៅគ្រប់ទីកន្លែង ដែលរកឃើញការឆ្លង…នេះគឺគន្លឺះសម្ងាត់ នៃការសម្រេចបានជោគជ័យយ៉ាងស្រស់បំព្រង ក្នុងការគ្រប់គ្រងជំងឺរាតត្បាតដោយសារវីរុសកូរ៉ូណាក្នុងគ្រានេះ” លោកចុង ណានសាន បានថ្លែងដូច្នេះ កាលពីថ្ងៃសៅរ៍(ទី31តុលា) ហើយយើងជឿជាក់ថា ប្រទេសចិន នឹងលែងមានអ្នកឆ្លងមេរោគក្នុងចំនួនច្រើន ដល់ថ្នាក់រាប់ម៉ឺននាក់ទៀតហើយ។

ខណៈនេះ ការរាតត្បាតដ៏ធំរបស់ជំងឺកូវីដ-19 ទូទាំងពិភពលោក ជុំទី2 បានបើកឆាកឡើងហើយ គួបផ្សំនឹងអាកាសធាតុត្រជាក់ក្នុងរដូវរងា ដែលជំងឺគ្រុនផ្ដាសាយចូលចិត្តឆ្លងរាលដាល ជាពិសេសនៅក្នុងតំបន់ប៉ូលផែនដីខាងជើង នឹងរឹតតែធ្វើឱ្យស្ថានការណ៍ឆ្លងរាតត្បាតកាន់តែអាក្រក់ឡើង។

លោកវេជ្ជបណ្ឌិត ចុង នៅបានលើកឡើងពីតួលេខប្រៀបធៀប 1ឈុតមកបង្ហាញថា អត្រាការឆ្លងមេរោគរបស់អ្នកជំងឺកូវីដ-19 ក្នុងប្រទេសចិនគឺ ក្នុងមនុស្ស 1លាននាក់ មានអ្នកឆ្លងមេរោគត្រឹមតែ 3នាក់ប៉ុណ្ណោះ ខណៈដែលសហរដ្ឋអាមេរិក មានដល់ទៅ 500នាក់។

លោកវេជ្ជបណ្ឌិត ចុង បានដាស់តឿនថា “ខណៈនេះសភាពបរិស្ថាននៅក្នុងប្រទេសចិន មានសុវត្ថិភាពខ្លាំងណាស់ តែក៏សូមដាស់តឿនថា នៅក្នុងប្រទេសចិន នៅតែកើតមានការឆ្លងរាលដាលបន្តិចបន្តួច ប្រមាណជា 8លើក តែរយៈពេលនៃការឆ្លង 1លើកៗ កាន់តែខ្លីឡើង តែវាអាចនឹងកើតឡើងមកទៀត ដូច្នេះ ចូរកុំប្រហែសខ្លួនឱ្យសោះ”៕

លោកវេជ្ជបណ្ឌិត ចុង ណានសាន(កណ្ដាល) វ័យ 84ឆ្នាំ អ្នកជំនាញការល្បីឈ្មោះផ្នែកជំងឺសួត និងប្រព័ន្ធដង្ហើម នៅក្នុងកិច្ចប្រជុំកំពូលស្ដីពីសុខភាពចិន និងការជំរុញផ្នែកវេជ្ជសាស្ត្របុរាណចិន នៅឯទីក្រុងស៊ឺ យ៉ាចួង មណ្ឌលហ៊ូពេយ ដែលរៀបចំឡើងកាលពីថ្ងៃចុងសប្ដាហ៍(30-31តុលា)

ប្រភព៖ សារព័ត៌មានបរទេស

Advertisement