ឪពុកចិត្តឃោរឃៅ ដាក់ច្រវាក់កូន​អាយុ​12​ឆ្នាំ​ឱ្យរស់​នៅក្នុងក្រោលសត្វ និង​យកចំណី​ពពែជាអាហារអស់​រយៈពេលជាង​2ឆ្នាំ

ឪពុកបង្កើត រួមជាមួយនឹងម្ដាយចុងចំនួន3នាក់របស់ក្មេងប្រុសនេះ ត្រូវបានចាប់ខ្លួនក្រោយពីក្រុមអ្នក​ជួយ​សង្គ្រោះ​បានប្រទះឃើញជនរងគ្រោះត្រូវចងនឹងច្រវាក់នៅក្នុងក្រោលសត្វចិញ្ចឹម ព្រមទាំងមានរូបរាងស្គាំងស្គម និងបាក់កម្លាំងទៀតផង។

បន្ទាប់ពីទទួលបានព័ត៌មានពីក្រុមមេធាវីសិទ្ធិមនុស្ស កាលពីថ្ងៃទី9សីហា បុគ្គលិកជួយសង្គ្រោះមួយក្រុមបាននាំគ្នាទៅកាន់​ក្រោលសត្វចិញ្ចឹមនៅឯទីលំនៅរបស់កុមារនេះ ដែលស្ថិតក្នុងតំបន់ Badariya នៃប្រទេសនីហ្សេរីយ៉ា ហើយក៏បានរកឃើញជនរងគ្រោះកំពុងជាប់ច្រវាក់នៅទីនោះ។ ស្ថានភាពរបស់កុមាររូបនេះ ពិតជាគួរឱ្យអាណិតអាសូរ​ខ្លាំងណាស់ ដោយរូបរាងកាយ​មានសភាពទ្រុឌ​ទ្រោម​ ស្គមស្គាំង ដោយសារត្រូវបង្អត់អាហារ និងមិនអាចក្រោកឈរដោយខ្លួនឯងបាន។

យោងតាម BBC កុមារនេះត្រូវបានចងទៅនឹងគំនរឈើមួយ និងទុកឱ្យរស់នៅជាមួយសត្វមាន់​ និងពពែអស់រយៈពេល2ឆ្នាំ។ Hamza Attahiru Wala ដែលជាប្រធានក្រុមអ្នកជួយសង្គ្រោះ បានឱ្យដឹងថា គ្រួសាររបស់ក្មេងប្រុសនេះ រួមមានឪពុកបង្កើត និងម្ដាយចុង3នាក់ កំពុងរស់នៅយ៉ាងសុខស្រួល និងមានជីវភាពល្អ ជាមួយនឹងកូនៗចំនួន17នាក់ផ្សេងទៀតនៅក្នុងផ្ទះ។ ពួកគេបានឱ្យដឹងថា ម្ដាយបង្កើតរបស់កុមាររងគ្រោះនេះ បានស្លាប់កាល​ពី​2​ឆ្នាំ​មុនមកម្លេះ។

ដោយសារតែត្រូវបង្អត់អាហារ កុមាររងគ្រោះក៏ត្រូវបង្ខំចិត្ត ហូបស្មៅ និងអាហារផ្សេងៗដែលជារបស់សត្វពពែដើម្បីចម្អែក​ក្រពះ​។

ឪពុកចិត្តឃោរឃៅ ដាក់ច្រវាក់កូន​អាយុ​12​ឆ្នាំ​ឱ្យរស់​នៅក្នុងក្រោលសត្វ និង​យកចំណី​ពពែជាអាហារអស់​រយៈពេលជាង​2ឆ្នាំក្រោយពីបានរំដោះជនរងគ្រោះ ក្រុមអ្នកជួយសង្គ្រោះក៏បាននាំកុមារនេះទៅកាន់មន្ទីរពេទ្យនៅ Birnin Kebbi ជាកន្លែងដែលក្មេងនេះត្រូវបញ្ជូនចូលបន្ទប់ថែទាំពិសេស។

Nafi’u Abubakar ដែលជាមន្ត្រីផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមជួយសង្គ្រោះ បានថ្លែងថា៖ “ក្រុមរបស់យើង បានចាប់ខ្លួន Jibrin Aliyu ដែលជាឪពុកបង្កើតរបស់កុមាររងគ្រោះ រួមនឹងប្រពន្ធ3នាក់របស់បុរសនេះ ក្រោមបទល្មើស “ដាក់ច្រវាក់ និងឃុំឃាំងកូនរបស់ខ្លួនក្នុងក្រោលសត្វជាង2ឆ្នាំ។ យើងកំពុងតែបន្តស៊ើបអង្កេតលើ​ករណី​នេះ”។

បងប្រុសម្នាក់របស់កុមាររងគ្រោះបាននិយាយប្រាប់អ្នកយកព័ត៌មានថា កុមាររងគ្រោះនេះមានជំងឺឆ្កួតជ្រូក (តំបន់ខ្លះហៅថា ជំងឺប្រកាច់ជ្រូក) ហើយគ្រួសារក៏ចងកុមារនេះឱ្យនៅមួយកន្លែងដើម្បីកុំឱ្យដើរវង្វេងបាត់ពីផ្ទះ។ បុរសដែលជាបងប្រុសរបស់កុមាររងគ្រោះបាននិយាយបន្ត​ថា ប្អូនរបស់ខ្លួនត្រូវចងតែពេលថ្ងៃប៉ុណ្ណោះ។ ក្រុមគ្រួសារនេះក៏បានអះអាងថា ធ្លាប់បានលក់ផ្ទះ លក់មធ្យោបាយធ្វើដំណើរផ្សេង​ៗ​ដើម្បីយកប្រាក់មកព្យាបាលជំងឺឱ្យកុមារនេះទៀតផង៕

ប្រភព៖ Mail

Advertisement