Hubble ថត​បាន​ «សង្គ្រាម​ដណ្ដើម​ទឹកដី» រវាង កាឡាក់ស៊ី​ចំនួន​បី ក្នុង​ប្រព័ន្ធ Arp 195

កែវយឹត​អវកាស Hubble ទើបតែ​បាន​ផ្ញើមក​កាន់​ផែនដី​នូវ​រូបថត​របស់​ក្រុម​កាឡាក់ស៊ី Arp 195 ដែលជា​ប្រព័ន្ធ​មួយ​ដ៏​អស្ចារ្យ​បំផុត​នៅក្នុង​ចក្រវាល។

ក្រោយ​ការបាញ់​បង្ហោះ​បាន​ជាង 30 ឆ្នាំ កែវយឹត​អវកាស Hubble របស់ NASA (ទីភ្នាក់ងារ​អវកាស​អាមេរិក) និង ESA (ទីភ្នាក់ងារ​អវកាស​អឺរ៉ុប) កំពុងស្ថិត​ក្នុងដំណាក់កាល​ចុងក្រោយ​នៃ​អាយុកាល​របស់​វា ដូច្នេះ ក្រុម​អ្នកវិទ្យាសាស្ត្រ​មិន​ចង់​បាត់បង់​ពេលវេលា​មួយ​វិនាទី​ណា​ទាំងអស់ ក្នុងការ​ប្រើប្រាស់​ឧបករណ៍​នេះ។ ដូច្នេះ Hubble ត្រូវបាន​បញ្ជា​ឱ្យ​ថត​យក​រូបភាព​ដោយ​ប្រើពេល​ខ្លី នៅ​ចន្លោះ​ដំណាក់កាលនីមួយៗនៃ​ការសង្កេត​តារា​រយៈពេល​វែង។ រូបថត​ថ្មី​ស្ដីពី Arp 195 គឺជា​ឧទាហរណ៍​មួយ​ក្នុងករណីនេះ។

Arp 195 គឺជា​ប្រព័ន្ធ​កាឡាក់ស៊ី​បី ដែល​កំពុង​ប៉ះទង្គិច​គ្នា រួមមាន​កាឡាក់ស៊ី UGC 04653, LEDA 24981 និង 2MASX J08535462+3508439។ ប្រព័ន្ធ​នេះ​ស្ថិតនៅ​ចម្ងាយ​ប្រមាណ 763 លាន​ឆ្នាំ​ពន្លឺ​ពី​ផែនដី និង​នៅក្នុង​កញ្ចុំ​ផ្កាយ Lynx (Lynx Constellation) ហើយ​វា​ត្រូវបាន​ដាក់ចូល​ក្នុង​ក្រុម​កាឡាក់ស៊ី​ពិសេស​បំផុត​ក្នុង​ចក្រវាល ដែលមាន​ឈ្មោះថា Atlas of Peculiar Galaxies។

រូបថត​នេះ​បង្ហាញថា បណ្ដា​កាឡាក់ស៊ី​របស់ Arp 195 កំពុង​ជាប់​នៅក្នុង «សង្គ្រាម​ដណ្ដើម​ទឹកដី» ប្រកបដោយ​ភាព​ទាក់ទាញ។ ដោយសារតែ​គោចរ​មក​ក្បែរ​គ្នា​ខ្លាំងពេក ពួកវា​ក៏​ហែកហួរ​គ្នា​ចេញ​ជា 3 ទិស ជា​ដំណើរការ​មួយ​ដែល​ចុងក្រោយ​អាច​នាំឱ្យមាន​ព្រឹត្តិការណ៍​ច្របាច់​បញ្ចូល​គ្នា​ជា​កាឡាក់ស៊ី​តែមួយ។

រូបថត​នេះ​ត្រូវបាន​ផ្ដិត​យក​ដោយ​ឧបករណ៍​សង្កេត​កម្រិត​ខ្ពស់ (ACS) និង​កាមេរ៉ា​សង្កេត​ផ្ទៃមេឃ​ឌីជីថល Sloan (SDSS) របស់​យាន ឬ​កែវយឹត Hubble។

បើ​ត្រូវបាន​បាញ់​បង្ហោះ​ឡើងទៅ​ទី​អវកាស​កាលពី​ថ្ងៃទី 24 មេសា ឆ្នាំ 1990 ប៉ុន្តែ Hubble បាន​ដំណើរការ​យូរ​ជាង​អាយុ​កាលដែល​បានកំណត់​រហូតដល់ 15 ឆ្នាំ។ NASA បានរៀបចំ​គម្រោង​ជំនួស​ឧបករណ៍​នេះ ដោយ​គម្រោង​កែវយឹត​អវកាស James Webb ដែល​គ្រោង​នឹងត្រូវ​បាញ់​បង្ហោះ​នៅ​ចុងខែ​តុលា ឬ​ខែវិច្ឆិកា ឆ្នាំ 2021 នេះ៕

Advertisement