អគារ​ការិយាល័យ​ទំនាក់​ទំនង​រវាង​​កូរ៉េទាំង​ពីរ​ “អាច​មិន​ទាន់​ដួល​រលំ”

អគារ​ការិយាល័យ​ទំនាក់​ទំនង​រវាង​​កូរ៉េខាង​ទាំង​ពីរ​

រូប​ភាព​បាន​ពី​ផ្កាយ​រណបបង្ហាញ​ថា ការិយាល័យ​ទំនាក់​ទំនង​រវាង​ប្រទេស​កូរ៉េខាង​ជើង​និង​កូរ៉េខាង​ត្បូង​ត្រូវ​រង​ការ​ខូច​ខាត ប៉ុន្តែ​នៅ​តែ​ឈរ​ត្រង់​នៅ​ឡើយ ដែល​នេះ​គឺខុស​គ្នា​ដាច់​ស្រលះ​ទៅ​នឹង​រូប​ភាព​ដែល​បាន​មក​ពី​កូរ៉េខាង​ជើង​។

បណ្ដា​រូប​ភាព​ដែល​បាន​មក​ពី​​ផ្កាយ​រណប​ពាណិជ្ជ​កម្ម​ដែល​ថត​ទៅ​លើ​តំបន់​ការិយាល័យ​ទំនាក់​ទំនង​រវាង​​កូរ៉េខាង​ខាង​ជើង​និង​កូរ៉េខាង​ត្បូង​នៅ​ទីក្រុង​ Kaesong ក្នុង​តំបន់​ក្បែរ​ព្រំ​ដែនកូរ៉េខាង​ជើង​កាល​ពី​ថ្ងៃទី​22​មិថុនា​បាន​បង្ហាញ​ថា អគារ​កម្ពស់​4​ជាន់​នេះ​នៅឈរ​ត្រង់​ដូច​ដើម​ ប៉ុន្តែ​ត្រូវ​រង​ការ​ខូច​ខាត​ច្រើន​។

កូរ៉េខាង​ជើង​ កាល​ពី​សប្ដាហ៍​មុន​បាន​បញ្ចេញ​រូប​ភាព​ស្ដីអំពី​គំនរ​បាក់​បែក​នៅកន្លែង​កើត​ហេតុ​មួយ​ដែល​បង្ហាញ​ថា​ អគារ​នេះ​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​។

ក្រុម​អ្នក​វិភាគ​នៅ​ 38 North ជា​កន្លែង​តាម​ដាន​ស្ថាន​ការណ៍​នៅ​កូរ៉េខាង​ជើង​ កាលពី​សប្ដាហ៍​កន្លង​ទៅ​បាន​បញ្ចេញ​មតិ​ថា “ជាក់​ស្ដែង​ នេះ​មិន​មែនជា​ការ​បំផ្ទុះ​ដែលមាន​ការ​​គ្រប់​គ្រង​នោះ​ទេ​ ព្រោះ​ថា​ អគារ​នេះ​មិន​ត្រូវ​បាន​ធ្វើ​ឱ្យ​ដួល​រលំ​រាប​ដល់​ដី​ និង​បង្កការ​ខូច​ខាត​ដល់​អគារ​នៅ​ក្បែរ​ខាង​”។ នៅក្នុង​រូប​ភាព​ដែល​ចេញ​ផ្សាយ​ដោយ​សារ​ព័ត៌មាន​កូរ៉េខាង​ជើង​ក៏​ឃើញ​មាន​អគារ​មជ្ឈមណ្ឌល​​គាំពារ​មួយ​ដែល​មាន​កម្ពស់​ច្រើន​ជាន់នៅ​ពី​ខាង​ក្រោយ​អគារ​ការិយល័យ​ទំនាក់​ទំនង​ ត្រូវ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​​ផងដែរ​។

អគារ​ការិយាល័យ​ទំនាក់​ទំនង​រវាង​​កូរ៉េ​ទាំង​ពីរ​ "អាច​មិន​ទាន់​ដួល​រលំ"
ទិដ្ឋ​ភាព​អគារ​ការិយាល័យ​ទំនាក់​ទំនង​រវាង​​កូរ៉េទាំង​ពីរ​ “មុន​” ការ​បំផ្ទុះ​គ្រាប់​បែក

កាល​ពី​ថ្ងៃទី16​មិថុនា​កន្លង​ទៅ​ ការិយាល័យ​ទំនាក់​ទំនង​រួម​រវាង​កូរ៉េខាង​ជើង​និង​កូរ៉េខាង​ត្បូង​ត្រូវ​បាន​បំផ្ទុះ​ឱ្យ​ដួល​រលំ​ បន្ទាប់​ពី​កូរ៉េខាង​ជើង​បាន​បន្ទោស​ជា​ច្រើន​លើក​ទៅ​លើ​កូរ៉េខាង​ត្បូង​ថា មិន​បាន​ទប់​ស្កាត់​សកម្ម​ភាព​បាច់​ខិត្ត​ប័ណ្ណចូល​ទឹក​ដី​កូរ៉េខាង​ជើង​។ ក្រោយ​មក កូរ៉េខាង​ជើង​ក៏បាន​ប្រកាស​ថា ការ​បំផ្លាញ​ការិយាល័យ​នេះ​គឺគ្រាន់​តែ​ជា​ “ការ​ចាប់​ផ្ដើម​ប៉ុណ្ណោះ” ហើយ​ភាព​តាន​តឹង​នឹង​កើន​ឡើង​ “ហួស​ពី​ការ​ស្មាន​”។

អគារ​ការិយាល័យ​ទំនាក់​ទំនង​រវាង​​កូរ៉េទាំង​ពីរ​ "អាច​មិន​ទាន់​ដួល​រលំ"
អគារ​ការិយាល័យ​ទំនាក់​ទំនង​រវាង​​កូរ៉េទាំង​ពីរ​ “ក្រោយ​” ការ​បំផ្ទុះ​គ្រាប់​បែក

ភាគីកូរ៉េខាង​ត្បូង​បាន​ឱ្យ​ដឹង​ថា កូរ៉េខាង​ជើង​បាន​ចាប់​ផ្ដើម​ដាក់​ប្រដាប់​បំពង​សំឡេង​នៅ​ក្បែរ​តំបន់គ្មាន​យោធា​​ (DMZ)។ ប្រព័ន្ធ​បំពងសំឡេង​ទាំង​នេះ​ធ្លាប់​ត្រូវ​បាន​ដក​ចេញ​រួច​មក​ហើយ​បន្ទាប់​ពី​កូរ៉េ​​ទាំង​ពីរ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​កាល​ពី​ឆ្នាំ​2018​ ដើម្បី​កាត់​បន្ថយ​ “សកម្ម​ភាព​បង្កជម្លោះ​ទាំង​ស្រុង​”។

មន្ត្រី​យោធាកូរ៉េខាង​ត្បូង​ម្នាក់​បាន​ថ្លែងថា “យើង​ក៏កំពុង​តែ​ពិចារណា​ទៅ​លើ​ការ​ដាក់​ពង្រាយ​ប្រដាប់​បំពង​សំឡេង​របស់​យើង​។ ប៉ុន្តែ​កូរ៉េខាង​ជើង​មិន​ទាន់​ចាប់​ផ្ដើម​ឃោសនា​តាម​ប្រព័ន្ធ​បំពង​សំឡេង​ទាំង​នោះ​នៅ​ឡើយ​។ ចំណែក​យើង​ខ្ញុំ​វិញ​គឺ​បាន​ត្រៀម​រួច​រាល់​ហើយសម្រាប់​ការ​ឆ្លើយ​តប​”។

អគារ​ការិយាល័យ​ទំនាក់​ទំនង​រវាង​​កូរ៉េ​ទាំង​ពីរ​ "អាច​មិន​ទាន់​ដួល​រលំ"
រូប​ភាព​​អគារ​ការិយាល័យ​ទំនាក់​ទំនង​រវាង​​កូរ៉េ​ទាំង​ពីរ​ដែល​ត្រូវ​បាន​កូរ៉េខាង​ជើង​អះអាង​ថា ត្រូវ​បាន​កម្ទេច​ចោល​ទាំង​ស្រុង

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កូរ៉េខាង​ត្បូង​មិន​ទាន់​ញ្ចេញ​មតិ​ជុំវិញ​សកម្ម​ភាព​របស់​កូរ៉េខាង​ជើង​នៅ​ឡើយដែរ​ ប៉ុន្តែ​បាន​រំឭក​ថា កូរ៉េខាង​ជើង​នឹង​ទទួល​រង​ផល​អាក្រក់​បើ​សិន​នៅ​តែ​បន្តសកម្ម​ភាព​ខាង​លើ​ ដោយ​មិន​អើពើ​ដល់​កិច្ច​ប្រឹង​ប្រែងរួម​​ក្នុងការ​ជំរុញ​ឱ្យ​មាន​សន្តិ​ភាព​ពេញ​លេញ៕

ប្រភព៖ Reuters

Advertisement