ក្រុមហ៊ុន SpaceX ទទួល​បាន​​កិច្ចព្រមព្រៀង​ដឹកទំនិញ​តម្លៃ ១០២ លាន​ដុល្លារ

ទ័ពអាកាស​អាម៉េរិក បានប្រគល់​កិច្ចព្រមព្រៀង​រយៈពេល ៥ ឆ្នាំ ឱ្យ SpaceX ដើម្បី​អភិវឌ្ឍ​មធ្យោបាយ​ដឹកទំនិញ និង​ជំនួយ​ដោយ​ប្រើប្រាស់​រ៉ុក្កែត។

កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី ១៤ មករា ប៉ុន្តែ ទើបត្រូវ​បាន AviationWeek ចុះផ្សាយ​កាលពីពេលថ្មីៗនេះ គឺ​ស្ថិតក្នុង​កម្មវិធី​ដឹកជញ្ជូន​តាម​រ៉ុក្កែត​របស់​បន្ទប់ពិសោធន៍-ស្រាវជ្រាវ​នៃ​កងទ័ពអាកាស​អាម៉េរិក (AFRL) ដើម្បី​ទាញយក​អត្ថប្រយោជន៍​នៃ​រ៉ុក្កែត​ពាណិជ្ជកម្ម​ខ្នាត​ធំ​សម្រាប់​កិច្ចការ​ដឹកជញ្ជូន​សក​ល​របស់​ក្រសួងការពារជាតិ​សហរដ្ឋ​អាម៉េរិក។

ដោយមាន​តម្លៃ​ឡើងដល់ ១០២ លាន​ដុល្លារ នេះ​គឺជា​កិច្ចព្រមព្រៀង​ធំ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក ចំពោះ​ការដឹកជញ្ជូន​ទំនិញ​តាម​រ៉ុក្កែត នេះ​បើតាម​ប្រធាន​កម្មវិធី លោក Greg Spanjers ដែល​បាន​ប្រាប់ Space News កាលពីពេលថ្មីៗនេះ។

កិច្ចព្រមព្រៀង​នេះ​មិនបាន​និយាយ​លម្អិត​ថា​នឹង​ប្រើប្រាស់​មធ្យោបាយ​មួយណា​របស់ SpaceX ប៉ុន្តែ កន្លងមក SpaceX ធ្លាប់បាន​ប្រើប្រាស់​រ៉ុក្កែត Falcon 9 និង Falcon Heavy នៅក្នុង​បេសកកម្ម​យោធា ស្រាប​ពេលដែល ប្រធាន​នាយក​ប្រតិបត្តិ​របស់ SpaceX គឺ​មហាសេដ្ឋី Elon Musk បាន​និយាយថា លោក​ចាត់ទុក Starship ជា​យាន​របស់​អនាគត។

AFRL មិនទាន់​បង្ហើប​ឱ្យដឹង​អំពី​ពេលវេលា​ដែល​ជើងហោះហើរ​ដំបូង​ត្រូវបាន​ធ្វើឡើង ប៉ុន្តែ មាន​ផែនការ​បន្ថែម​ក្រុមហ៊ុន​ជាច្រើន​ផ្សេងទៀត​ទៅក្នុង​កម្មវិធី​នេះ ទៅតាម​ពេលវេលា​ជាក់ស្ដែង៕

Advertisement