ខាង​ក្នុង​ “តំបន់​ស្វយ័ត​” នៅ​កណ្ដាល​ទឹក​ដី​សហរដ្ឋ​អាមេរិក​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​បាតុករ

ខាង​ក្នុង​

នៅ​តំបន់​ប្រជុំ​ជន​​ក្នុង​ទីក្រុង​ Seattle ក្រុម​បាតុករ​បាន​នាំគ្នា​ដាក់​របង​ការ​ពារ​នៅ​ជុំ​វិញ​ ហើយ​ដាក់​ឈ្មោះ​ទី​នេះ​ថាជា​ “តំបន់​ស្វយ័ត​ Capitol Hill” បន្ទាប់​ពី​អង្គ​ភាព​ប៉ូលិស​បាន​ “ចុះ​ចាញ់​”។

មុន​នោះ​ ការ​ប៉ះទង្គិចគ្នា​​រវាង​​ក្រុម​បាតុករ​ដែល​កើត​ឡើង​ដោយ​សារ​ការ​ស្លាប់​របស់​ George Floyd ជាមួយ​នឹង​ក្រុម​ប៉ូលិស​​នៅ​ទីក្រុង​ Seattle រដ្ឋ​វ៉ាស៊ីង​តោ​ន​​ សហរដ្ឋ​អាមេរិក​ បាន​ធ្លាក់ទៅក្នុង​ស្ថាន​ភាព​ទាល់​ច្រក​អស់​រយៈ​ពេល​មួយ​សប្ដាហ៍​។ ចុងក្រោយ​ ប្រតិកម្ម​កាន់​តែ​ខ្លាំង​ឡើង​ៗ​​របស់​ក្រុម​បាតុករ​ ក៏​បាន​ធ្វើ​ឱ្យ​អង្គ​ភាព​ប៉ូលិសក្នុង​តំបន់​​​Seattle​ ត្រូវ​បង្ខំ​ចិត្ត​ចុះ​ចាញ់​ ដោយ​ការ​ដក​មន្ត្រី​ប៉ូលិស​ទាំង​អស់​ចេញ​ពី​ប៉ូស្តិ៍​​ក្នុង​ទីប្រជុំជន​ Capitol Hill ហើយ​ទុក​ឱ្យ​ក្រុម​បាតុករ​ធ្វើ​សកម្ម​ភាព​តាម​អំពើ​ចិត្ត​។

“បរិវេណ​នេះ​ បច្ចុប្បន្ន​គឺជា​ទ្រព្យ​របស់​ប្រជា​ជន​ Seattle” បដា​មួយ​មាន​សរសេរ​បែប​នេះ​។ តំបន់​ដែល​នៅ​ជុំ​វិញ​បរិវេណ​នេះ​ មក​ដល់​បច្ចុប្បន្ន​ បាន​ក្លាយ​ជា​កន្លែង​សម្រាប់​ឱ្យ​ប្រជា​ជន​​សាក​ល្បង​រស់​នៅ​ដោយ​គ្មាន​វត្តមាន​របស់​សមត្ថ​កិច្ច​។

មនុស្ស​រាប់​រយ​នាក់​ដែល​នៅ​ខាង​ក្នុង​ទីប្រជុំ​ជន​នេះ តែង​មក​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​ស្ដាប់​សេចក្ដី​ថ្លែង​ការណ៍​​នានា រួម​ទាំង​កំណាព្យ​ និង​ចម្រៀង​ផងដែរ​។ កាល​ពី​យប់​ថ្ងៃទី​9​មិថុនា​កន្លង​ទៅ​ មនុស្ស​រាប់សិប​នាក់​បាន​នាំ​គ្នា​អង្គុយ​​កណ្ដាល​ផ្លូវ​បែក​ជា​មួយ​​ដើម្បី​ទស្សនា​​ខ្សែ​ភាព​យន្ត​ឯកសារ​ រឿង​ “វិសោធនកម្ម​លើកទី13” របស់​អ្នក​ដឹក​នាំ​រឿង​ Ava DuVernay ដែល​និយាយ​អំពី​ឥទ្ធិ​ពល​របស់​ប្រព័ន្ធ​យុត្តិ​ធម៌​ព្រហ្មទណ្ឌ​ចំពោះ​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​។ មួយ​ថ្ងៃ​ក្រោយ​មក​ នៅ​ទីនេះ​គេ​ឃើញ​មាន​ក្មេង​ៗ​ជាច្រើន​នាំ​គ្នា​យក​ដី​ស​ និង​ទឹក​ថ្នាំ​មក​គូស​លេង​នៅ​កណ្ដាល​ផ្លូវ​។

ខាង​លើ​​​នេះ​គ្រាន់​តែ​ជា​ការ​រៀប​រាប់​អំពី​ទិដ្ឋ​ភាព​ខ្លះ​ៗ​ដែល​បង្ហាញ​អំពី​ការ​រស់​នៅ​ដោយ​គ្មាន​នគរ​បាល នៅ​​​​ក្នុង​តំបន់​Seattle​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement