ឥណ្ឌា​ថា ​​វ៉ាក់​សាំង​ទប់​ទល់​ COVID-19 នឹង​បង្ហាញ​វត្តមាន​នៅ​ខែ​ឧសភា​ខាងមុខ

ឥណ្ឌា​ថា ​​វ៉ាក់​សាំង​ទប់​ទល់​ COVID-19 នឹង​បង្ហាញ​វត្តមាន​នៅ​ខែ​ឧសភា​ខាងមុខ

ឥណ្ឌា​ទើប​តែ​បាន​ប្រកាស​អំពី​គម្រោង​ផលិត​វ៉ាក់សាំង​ទប់​ស្កាត់​ COVID-19 ដែលនឹង​ត្រូវ​ចាប់​ផ្ដើម​ផលិត​ក្នុង​ខែ​ឧសភា​ខាងមុខ​ ជាមួយ​នឹង​តម្លៃ​​ប្រមាណជា​1,000​រូពីក្នុង​1អំពូល។

វិទ្យា​ស្ថាន​ Serum ដែល​ជា​ក្រុម​ហ៊ុន​ផលិត​ឱសថ​ឥណ្ឌា​មួយ​ មាន​ទីស្នាក់​ការ​កណ្ដាល​នៅ​ទីក្រុង​ Pune រដ្ឋ Maharashtra ទើប​តែ​បាន​ប្រកាស​អំពី​គម្រោង​ផលិត​វ៉ាក់​សាំង​សម្រាប់​ទប់​ទល់​នឹង​ COVID-19។ ​ពួក​គេ​បាន​សន្យា​ថា​ វ៉ាក់​សាំង​នេះ​នឹង​មាន​វត្តមាន​​នៅក្នុង​ខែ​ឧសភា​។ ​វ៉ាក់​សាំង​នេះ ត្រូវ​បាន​គេ​ឱ្យ​ដឹ​ងថា នឹង​មាន​តម្លៃ​​ 1,000​រូពី (ប្រហែល​13​ដុល្លារ​អាមេរិក) ក្នុង​1​អំពូល(Ampoule)។ ការ​ផលិត​វ៉ាក់​សាំង​របស់ក្រុម​ហ៊ុន Serum​ នេះ​ នឹង​យោង​ទៅ​លើ​រូបមន្ត​ និង​លទ្ធ​ផល​នៃការ​សាកល្បង​ថ្នាំ​ព្យាបាល COVID-19 នៅលើ​មនុស្ស​ ដែល​សាកល​វិទ្យា​ល័យ​ Oxford (អង់គ្លេស) បាន​ធ្វើ​ឡើង​កាលពីថ្ងៃទី​23​មេសា​កន្លង​ទៅ​។

នាយក​ប្រតិបត្តិ​របស់​វិទ្យា​ស្ថាន Serum លោក Adar Poonawalla ថ្លែង​ថា “យើង​សង្ឃឹម​ថា នឹង​អាច​សាកល្បង​វ៉ាក់​សាំង​នេះ​នៅ​ឥណ្ឌា​ក្នុង​ខែ​ឧសភា​ នៅ​លើ​មនុស្ស​ប្រហែល​100​នាក់​។ ក្រោយ​មក​នឹង​ត្រូវ​ផលិត​ជា​ផ្លូវ​ការ​​ចាប់​ពី​ខែ​កញ្ញា​ ឬ​ខែ​តុលា បើ​សិន​ការ​ពិសោធ​ទទួល​បាន​ជោគ​ជ័យ​។

ក្រុម​ហ៊ុន​ឥណ្ឌា​បាន​ឱ្យ​ដឹង​ថា នឹង​មិន​រង់ចាំដល់​ខែកញ្ញា​ ជា​ពេល​ដែល​អង់គ្លេស​ប្រកាស​លទ្ធ​ផល​នៃ​ការ​សាក​ល្បង​វ៉ាក់​សាំង​នេះ​ជា​ផ្លូវ​ការ​នោះ​ទេ តែ​ឥណ្ឌា​នឹង​រៀប​គម្រោង​ជាមុន​ដើម្បី​​អាច​ផលិត​ថ្នាំ​នេះ​បាន​ឆាប់​ និង​ក្នុង​បរិមាណ​ច្រើន​។ ក្នុង​ខែ​ដំបូង​នៃ​ការ​ផលិត វិទ្យា​ស្ថាន​ Serum គ្រោង​នឹង​ផលិត​បាន​10​លាន​អំពូល​ក្នុង1ខែ​ ហើយ​បន្ទាប់​មក​នឹង​បង្កើន​បរិមាណ​ពី​20-40​អំពូល​នៅ​ខែ​តុលា​។ Serum គឺជា​ក្រុម​ហ៊ុន​ធំ​មួយ​នៅ​ឥណ្ឌា​ ដែល​មាន​ជំនាញ​ខាង​អភិវឌ្ឍន៍ និង​ផលិត​វ៉ាក់​សាំង​​នៅ​ឥណ្ឌា​៕

ប្រភព៖​ សារ​ព័ត៌មានបរទេស​

Advertisement