បារាំង​បញ្ជូន​ប៉ូលិស​បង្រាប​កុបកម្ម​ ទៅ​ទប់​ទល់​នឹង​បាតុករ​

បាតុកម្ម​នៅ​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃទី​2​មិថុនា

ប៉ូលិស​បង្រាប​កុបកម្ម​របស់​បារាំង​​ ប្រើ​ប្រាស់​គ្រាប់​បែក​ផ្សែង​បង្ហូរ​ទឹក​ភ្នែក​ដើម្បី​បំបែក​ហ្វូង​បាតុករ​នៅ​រដ្ឋ​ធានី​ប៉ារីស​ នៅពេល​ដែល​បាតុករ​នាំ​គ្នា​ដុត​ភ្លើង​នៅ​លើ​ដង​ផ្លូវ ក្រោយ​ពី​ការ​ស្លាប់​របស់​ George Floyd នៅ​សហរដ្ឋ​អាមេរិក​។

ក្រុម​បាតុករ​នៅ​ទីក្រុង​បារីស​ កាល​ពីម្សិល​មិញ​បាន​នាំ​គ្នា​លុត​ជង្គង់​ និង​លើក​កណ្ដាប់​ដៃ​ក្នុង​បាតុកម្ម​ចម្រុះ​ជាតិ​សាសន៍ដែល​ភាគ​ច្រើន​​​ប្រកប​ដោយ​សន្តិវិធី និង​មាន​ករណី​តាន​តឹង​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ ដោយ​សារ​មាន​ការ​ដុត​ភ្លើង​នៅ​តាម​ដង​ផ្លូវ​ ប៉ុន្តែ ត្រូវ​បាន​ក្រុម​ពន្លត់​អគ្គិស​ភ័យ​​ចាត់​ការ​ទាន់​​ពេល​។

សមត្ថ​កិច្ច​នៃ​ទីក្រុង​បារីស​ ប្រទេស​បារាំង បាន​ឱ្យ​ដឹង​ថា​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​20,000​នាក់​បាន​ចូល​រួម​ធ្វើ​បាតុ​កម្ម​ ដោយ​មិន​អើ​ពើ​ដល់​បម្រាម​ទាក់​ទិន​នឹង​ COVID-19 ដើម្បី​បង្ហាញ​ការ​គោរព​ដល់​ George Ployd ដែល​បាន​ស្លាប់​នៅ​ពេល​ប៉ូលិស​ចាប់​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក និង​ Adama Traore ដែល​ជា​ជន​ជាតិ​ស្បែក​ខ្មៅ​​នៅ​បារាំង​បាន​ស្លាប់​​ក្នុង​ពេល​ត្រូវ​ឃុំ​ខ្លួន​កាល​ពី​ឆ្នាំ​2016​។

បាតុករ​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា​ ស្ថាន​ភាព​ហិង្សា​របស់​ក្រុម​សមត្ថកិច្ច​ បាន​ប្រែ​ជា​អាក្រក់​ឡើង​ៗ​នៅ​ក្នុង​ការ​អនុវត្ត​វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​វីរុស​ COVID-19 ដែល​បណ្ដាល​ឱ្យ​កម្មករ​នៅ​ជាយ​ក្រុង​ ដែល​ជា​ក្រុម​ភាគ​តិច​ក្នុង​សង្គម​ កាន់​តែ​ក្ដៅ​ក្រហាយ​ព្រោះ​តែ​អយុត្តិ​ធម៌។

ប៉ូលិស​បាន​បង្ហាញ​វត្តមាន​តិច​ជាង​ បើ​ធៀប​នឹង​បាតុកម្ម​ផ្សេង​ៗ​នៅ​បារីស​។ ពួក​គេ​បាន​បាញ់​ឧស្ម័ន​​បង្ហូរ​ទឹក​ភ្នែក​ ក្រោយ​មក​ក៏បាន​ផ្ទុះ​អាវុធ​នៅ​ពេល​បាតុករ​គប់​​វត្ថុ​នានា​ទៅ​កាន់​ប៉ូលិស​។ ការ​ប៉ះទង្គិច​គ្នា​ប្រកប​ដោយ​ភាព​តាន​តឹង​ក៏បាន​កើត​ឡើង​នៅ​ក្នុង​បាតុកម្ម​ដែល​ទាក់​ទិន​នឹង​រឿង​ខាង​លើ​នៅឯ​​ទីក្រុង​ Marseille ផង​ដែរ​។

បាតុកម្ម​នានា​បាន​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​នៅ​ទីក្រុង​ Minneapolis ក្នុង​រដ្ឋ​ Minnesota សហរដ្ឋ​អាមេរិក​ ជា​កន្លែង​ដែល​បុរស​ជន​ជាតិ​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ​ George Floyd ត្រូវ​បាន​ប៉ូលីស​សង្កត់​ក​រហូត​ដល់​ស្លាប់​ ធ្វើ​ឱ្យ​មាន​ការ​ក្ដៅ​ក្រហាយ​​ដោយ​សារ​ស្ថាន​ភាព​រើស​អើង​ពូជ​សាសន៍​ និង​អំពើ​ហិង្សា​របស់​ប៉ូលីស​។ តំបន់​ជា​ច្រើន​នៅ​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​ដាក់​បម្រាម​គោចរ​ និង​ដាក់​ពង្រាយ​ទាហាន​ការ​ពារ​ជាតិ​ ក្នុង​គ្រា​ដែល​មាន​ក្រុម​ជ្រុល​និយម​នាំ​គ្នា​ឆក់​ប្លន់​ និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​។

បាតុកម្ម​នេះ​ ក្រោយ​មក​ក៏បាន​រាល​ដាល​ដល់​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក​ ដូច​ជា​ អូស្ត្រាលី​ ហូឡង់ អ៊ីស្រាអែល ដោយ​នាំ​គ្នា​​​លើក​បដា និង​ស្រែក​​​ថា “ខ្ញុំ​មិន​អាច​ដក​ដង្ហើម​”។​ ការ​ខឹង​សម្បា​នេះ​ក៏ត្រូវ​បាន​បង្ហាញ​នៅ​លើ​បណ្ដាញ​សង្គម​ផងដែរ​ នៅ​ពេល​​ប្រជា​ជន​ស៊ុយ​អែត​​រាប់​ពាន់​នាក់​បាន​ចូល​​រួម​ធ្វើ​បាតុកម្ម​តាម​អ៊ីនធើណិត​៕

ប្រភព​៖ AP

Advertisement