សហរដ្ឋ​អាម៉េរិក រម្លឹក​ខួប ២១ ឆ្នាំ​នៃ «​ព្រឹត្តិការណ៍​ភេរវកម្ម ១១ កញ្ញា ២០០១»

ពលរដ្ឋ​អាម៉េរិក រម្លឹក​ឈ្មោះ​ជនរងគ្រោះ ធ្វើ​កិច្ចការ​មនុស្សធម៌ និង​ចូលរួម​ព្រឹត្តិការណ៍​នានា​​ដើម្បី​ជា​ការ​​រម្លឹក​ខួប​ទី ២១ ឆ្នាំ នៃ​ហេតុការណ៍​ភេរវកម្ម ១១ កញ្ញា ឆ្នាំ​ ២០០១ ដែល​បាន​បណ្ដាលឱ្យ​មនុស្ស​ជិត ៣,០០០ នាក់​ត្រូវ​​បាត់​បង់ជីវិត។

ពិធី​​រម្លឹក​ខួប ២១ ឆ្នាំ​នៃ​ព្រឹត្តិការណ៍ ១១ កញ្ញា ត្រូវបាន​ធ្វើឡើង​នៅក្នុង​តំបន់​ដែល​អគារ​ភ្លោះ​របស់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាម៉េរិក បាន​ដួលរលំ​នៅក្នុង​ហេតុការណ៍​វាយប្រហារ​ភេរវកម្ម​កាលពីឆ្នាំ​ ២០០១ (២១ ឆ្នាំមុន)។ សាច់ញាតិ​របស់​ជនរ​ង​គ្រោះ និង​ក្រុមមន្ត្រី​អាម៉េរិក ក៏បាន​ចូលរួម​ព្រឹត្តិការណ៍​រម្លឹក​ខួប​ដ៏​សោកសៅ​នេះ​នៅ​ទីកន្លែង ២ ទៀត គឺ មន្ទីរ​បញ្ច​កោណ និង​វាលស្រែ​នៅក្នុង​រដ្ឋ Pennsylvania។

សហគមន៍​នានា​នៅ​ពាសពេញ​ទឹកដី​អាម៉េរិក បាន​រម្លឹក​ខួប​ព្រឹត្តិការណ៍ ១១ កញ្ញា ទៅតាម​រូបភាពផ្សេងៗ មានដូចជា ពិធីបួងសួង​ក្រោម​ពន្លឺ​ភ្លើងទៀន ពិធី​សាសនានានា និង​សកម្មភាព​រម្លឹក​ខួបផ្សេងៗទៀត។ល។

កាលពី​ជាង ២ ទសវត្សរ៍​មុន ហេតុការណ៍​វាយប្រហារ​ភេរវកម្ម ១១ កញ្ញា បាន​ក្លាយជា​ព្រឹត្តិការណ៍​ដែលនាំឱ្យ សហរដ្ឋ​អាម៉េរិក ត្រូវ​ស្ដារ​គោលនយោបាយ​សន្តិ​សុខ​ជាតិ និង​ចាប់ផ្ដើម «សង្គ្រាម​ប្រឆាំង​ភេរវកម្ម» នៅ​ទូទាំង​ពិភពលោក។

នៅមុន​ថ្ងៃ​រម្លឹក​ខួប​នៃ​ព្រឹត្តិការណ៍ ១១ កញ្ញា នៅក្នុង​ឆ្នាំនេះ កងទ័ព​អាម៉េរិក បាន​បញ្ជូន​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) ទៅ​ប្រហារ Ayman al-Zawahri ដែលជា​សមាជិក​សំខាន់​មួយរូប​​របស់​ក្រុម​ភេរ​វករ al-Qaeda និង​ជា​អ្នក​ដែល​ជាប់​ទាក់ទិន​នឹង​ហេតុការណ៍ ១១ កញ្ញា។

ករណី ១១ កញ្ញា បាន​នាំឱ្យ ប្រជាជន​អាម៉េរិក សាមគ្គី​គ្នា​​ក្នុង​មួយរយៈ​ពេល ប៉ុន្តែ​ក៏បាន​បណ្ដាលឱ្យ​សហគមន៍​​អ៊ីស្លាម​សាសនិក​នៅ​ប្រទេស​នេះ រង​ការសង្ស័យ និង​ការរើសអើង​អស់​ជាច្រើន​ឆ្នាំ។

ព្រឹត្តិការណ៍ ១១ កញ្ញា ក៏ត្រូវ​បាន​គេ​អះអាងថា បាន និង​កំពុង​ជះឥទ្ធិពល​អាក្រក់​ក្នុងសង្គម​​​អាម៉េរិក ទាំង​ក្នុង​វិស័យ​នយោបាយ ទាំង​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ រហូតដល់​បច្ចុប្បន្ន៕

Advertisement