សារព័ត៌មានចិនបានដៃ…ប្រើករណីចលាចលជាតិសាសន៍នៅអាមេរិក សងសឹកវ៉ាស៊ីន​តោន​ ​ដែល​រិះគន់​ប៉េកាំង ​រឿង​ហុងកុង…

បាតុករម្នាក់ កំពុងរត់កាត់រថយន្ត និងអគារដែលកំពុងត្រូវភ្លើងឆេះបំផ្លាញ នៅលើដងផ្លូវមួយកាលពីថ្ងៃអាទិត្យ(ទី31ឧសភា) ក្នុងទីក្រុងសេនត៍ ផូល រដ្ឋមីននីសូតា ខណៈដែលការប្រឆាំងតវ៉ានៅតែដំណើរការទៅមុខជាបន្តបន្ទាប់ ក្រោយពីការស្លាប់របស់ ចច ហ្វ្លយ ដែលបានស្លាប់ដោយសារតែប៉ូលិសដែលចូលទៅចាប់ខ្លួនគេ បានប្រើជង្គង់សង្កត់កគេ អស់រយៈពេលជិត 9នាទី កាលពីថ្ងៃទី25 ឧសភាកន្លងទៅ

ខណៈដែលទីក្រុងធំៗនៅក្នុងប្រទេសអាមេរិកជាច្រើន កំពុងកើតហេតុការណ៍ប្រឆាំងតវ៉ា និងបានប៉ះទង្គិចគ្នាយ៉ាងក្ដៅគគុក កាលពីប៉ុន្មានថ្ងៃកន្លងទៅ សារព័ត៌មានរបស់រដ្ឋចិនកំពុងបានដៃ នាំគ្នាតម្រង់គោលដៅ វាយប្រហាររដ្ឋបាលសហរដ្ឋអាមេរិក ដោយបានប្រៀបធៀបជាមួយនឹងការចលាចលនៅក្នុងទីក្រុងហុងកុង ដែលកើតឡើងដោយសារបាតុកម្មទាមទារប្រជាធិបតេត្យកាលពីឆ្នាំកន្លងទៅ។

ក្រុងប៉េកាំង ក្ដៅក្រហាយមកយូរហើយ អំពីការរិះគន់របស់ពួកប្រទេសលោកខាងលិច ជាពិសេសបំផុតសហរដ្ឋអាមេរិក ក្នុងរឿងដែលចិនបានចាត់ការលើបាតុកម្មទាមទារប្រជាធិបតេយ្យ ដែលបានអង្រួនកោះហុងកុងឱ្យរង្គោះរង្គើយ៉ាងខ្លាំងក្លាកាលពីឆ្នាំ2019 កន្លងទៅ។

ហើយខណៈដែលភាពអសន្តិសុខ កំពុងតែផ្ទុះឡើងទូទាំងសហរដ្ឋអាមេរិកដោយសារតែភាពមិនស្មើគ្នាខាងជាតិសាសន៍ និងភាពកាចឃោរឃៅរបស់ប៉ូលិស ក្រោយការស្លាប់ក្នុងអំឡុងពេលចាប់ខ្លួនបុរសស្បែកខ្មៅម្នាក់ ដែលគ្មានអាវុធក្នុងដៃ ក្នុងទីក្រុងមីននីអាប៉ូលិស រដ្ឋមីនីសូតាមក បណ្ដាអ្នកនាំពាក្យរបស់រដ្ឋាភិបាល និងសារព័ត៌មានផ្លូវការរបស់ចិន បាននាំគ្នាចេញមកលើកយករឿងរ៉ាវនេះ មកវាយប្រហារសងសឹកពួកអាជ្ញាធរអាមេរិកាំងយ៉ាងគគ្រឹកគគ្រេង។

សារព័ត៌មានចិន បានផ្សព្វផ្សាយឃ្លីបវីដេអូ 1ខ្សែ ដែលបង្ហាញឱ្យឃើញថា ប៉ូលិសហុងកុងមានភាព “ថ្នមដៃ” ច្រើនជាង បើប្រៀបធៀបនឹងទង្វើរបស់ប៉ូលិសដែលគេមើលឃើញនៅក្នុងសហរដ្ឋអាមេរិក នាពេលនេះ។

លោក ហ៊ូ ស៊ីជីន អគ្គបណ្ណាធិការរបស់ទីភ្នាក់ងារព័ត៌មាន ហ្គ្លោប៊ល ថាមស៍ ដែលមានផ្នត់គំនិតជាតិនិយម ដែលស្ថិតក្នុងខ្សែបណ្ដាញរបស់សារព័ត៌មាន ភីផល ដេលី របស់បក្សកុម្មុយនីស្តចិន បានសរសេរចុះផ្សាយកាលពីថ្ងៃសៅរ៍(ទី30ឧសភា)ថា “ប្រធានសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក នែនស៊ី ប៉េឡូហ្ស៊ី ដែលកាលពីមុន ធ្លាប់ហៅការធ្វើបាតុកម្មទាមទារយ៉ាងខ្លាំងក្លានៅក្នុងទីក្រុងហុងកុងថា ជា “ទិដ្ឋភាពដ៏ល្អស្រស់ដែលបានឃើញទុកជាបុណ្យវាសនារបស់ភ្នែក”…ពួកអ្នកនយោបាយអាមេរិកនោះ ពេលនេះ អាចស្ងើចសរសើរទិដ្ឋភាពដូចគ្នានេះ តាមមាត់បង្អួចរបស់ពួកគេខ្លួនឯងបានហើយ”។ លោកបានសរសេរបន្តថា “វាប្រៀបដូចជា ដោយសារវិធីណាមួយ ពួកបង្កចលាចលក្បាលរឹងនៅក្នុងហុងកុង បានលបលួចចូលទៅក្នុងសហរដ្ឋអាមេរិក ហើយសាងភាពរញ៉េរញ៉ៃច្របូកច្របល់ឡើង ដូចគ្នានឹងអ្វីដែលពួកគេធ្លាប់បានធ្វើកាលពីឆ្នាំទៅ នៅក្នុងហុងកុងដូច្នោះដែរ”

ចិនបានអះអាងថា ត្រូវថ្កោលទោស “កងកម្លាំងបរទេស” ដែលសាងភាពច្របូកច្របល់ឡើងនៅហុងកុង ដែលមានអ្នកតវ៉ាទាមទារប្រជាធិបតេយ្យ ដែលក្រុងប៉េកាំងបានប្រាប់ថា ជា “ពួកបង្កចលាចល” ជំនុំគ្នាដើរក្បួនតវ៉ា ជួនកាលរាប់សែននាក់ ចាប់តាំងពីខែមិថុនាឆ្នាំទៅ និងកើតមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា ញឹកញាប់ណាស់ជាមួយប៉ូលិស។

ក្រុងប៉េកាំង បានបង្កឱ្យកើតក្ដីក្ដៅក្រហាយ និងបារម្ភកង្វល់យ៉ាងខ្លាំងនៅក្នុងខែឧសភា ដោយសារមានផែនការក្នុងការបញ្ជាឱ្យបើច្បាប់ថ្មីមួយនៅហុងកុង ដោយបានបញ្ជាក់ថា មានភាពចាំបាច់ដើម្បីគ្រប់គ្រង និងការពារសន្តិសុខជាតិ និងកម្ចាត់ “ការបង្កភេរវកម្ម” ដែលធ្វើឱ្យបណ្ដាអ្នកធ្វើសកម្មភាពទាមទារប្រជាធិបតេយ្យ និងប្រទេសលោកខាងលិច នាំគ្នាចេញមកថ្កោលទោសថា ជាការព្យាយាមកាត់បន្ថយសិទ្ធិសេរីភាពដែលមាននៅក្នុងទីក្រុងហុងកុង។

បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ប្រកាសកាលពីថ្ងៃសុក្រ(ទី29ឧសភា)ថា លោកនឹងដកសិទ្ធិពិសេសផ្សេងៗដែលសហរដ្ឋអាមេរិកបានផ្ដល់ឱ្យទៅហុងកុងនោះ ឆៃណា ដេលី សារព័ត៌មានជាភាសាអង់គ្លេសរបស់រដ្ឋការចិន ក៏បានបោះពុម្ពផ្សាយបទវិចារណកថាមួយឡើង កាលពីថ្ងៃអាទិត្យ(ទី31ឧសភា) ដោយបាននិយាយថា ពួកអ្នកនយោបាយអាមេរិក កំពុងស្រមើស្រមៃក្នុងការចង់ធ្វើឱ្យចិនក្លាយជាជនរងគ្រោះ។

បទវិចារណកថានេះបន្តថា “ឈប់ស្រមើស្រមៃទៅ ប្រសើរជាង! ហើយងាកមករកការពិតវិញ…អំពើហិង្សាកំពុងរាលដាលទូទាំងសហរដ្ឋអាមេរិក ពួកអ្នកនយោបាយអាមេរិក គួរតែត្រូវងាកមកធ្វើការងាររបស់ពួកគេ និងជួយដោះស្រាយបញ្ហានៅក្នុងសហរដ្ឋអាមេរិកវិញ ជំនួសឱ្យការចង់ព្យាយាមសាងបញ្ហា និងបង្កើតភាពរញ៉េរញ៉ៃថ្មីៗនៅក្នុងប្រទេសអ្នកដទៃ”

ប៉ូលិសក្នុងទីក្រុងនីវយ៉ក កំពុងចាប់ឃុំខ្លួនអ្នកប្រឆាំងតវ៉ាម្នាក់ ក្នុងអំឡុងពេលធ្វើបាតុកម្ម និងដើរក្បួនតវ៉ាទាមទារ ដើម្បីបង្ហាញភាពជាធ្លុងមួយជាមួយនឹង ចច ហ្វ្លយ កាលពីថ្ងៃសៅរ៍(ទី30ឧសភា)

ចំណែកលោកស្រី ហួ ឈុនអ៊ិង អ្នកនាំពាក្យនៃក្រសួងការបរទេសចិន ក៏ចេញមកតម្រង់គោលដៅវាយប្រហារក្រុងវ៉ាស៊ីនតោនដូចគ្នាដែរ…។

“ខ្ញុំដកដង្ហើមមិនរួចទេ” លោកស្រីបានផូស្តពាក្យនេះនៅលើធ្វីតធើរ ដោយមានរូបភាពគួបផ្សំជាសំណេរដែលធ្លាប់បានសរសេរធ្វីតដោយលោក ម័រហ្គែន អូតាហ្គុស អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលមានខ្លឹមសាររិះគន់រដ្ឋបាលចិនក្នុងរឿងគោលនយោបាយចំពោះទីក្រុងហុងកុង។

ពាក្យដែលអ្នកនាំពាក្យចិនរូបនេះនាំយកមកផូស្ត គឺជាពាក្យសម្ដីរបស់ ចច ហ្វ្លយ ដែលតាមរយៈឃ្លីបវីដេអូ ដែលមានអ្នកថតបាន និងបានឮ ចច ហ្វ្លយ និយាយពាក្យនេះជាច្រើនដង ដដែលៗ មុននឹងដាច់ខ្យល់ស្លាប់ ខណៈដែលប៉ូលិសមីននីអាប៉ូលិសម្នាក់ បានយកជង្គង់សង្កត់ករបស់គេអស់រយៈពេលជិត 9នាទី ហើយហេតុការណ៍នេះ គឺជាខ្សែដុតបញ្ឆេះឱ្យកើតការចលាចលឡើងទូទាំងសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន។

កាលពីអំឡុងចុងសប្ដាហ៍កន្លងទៅ សារព័ត៌មានចិនថែមទាំងបានផ្សព្វផ្សាយឃ្លីបវីដេអូ នៃអំពើហិង្សារបស់ប៉ូលិសនៅក្នុងប្រទេសអាមេរិក ព្រមទាំងភ្ជាប់ហ៊ែចធែកថា “តើប៉ូលិសហុងកុង ថ្នមដៃ ប៉ុនណា?” នៅលើប្រព័ន្ធបណ្ដាញសង្គម “វេយពួ” របស់ចិនទៀតផង។

ឃ្លីបមួយទៀតដែលផូស្តដោយ រឹនមីន រីប៉ៅ បណ្ដាញព័ត៌មានរបស់ ភីផល ដេលី កាលពីថ្ងៃអាទិត្យ(ទី31ឧសភា) ដោយបានប្រៀបធៀបពីការដែលលោក អូម៉ារ ជិមេនេហ្ស អ្នកយកព័ត៌មានរបស់ ស៊ីអិនអិន ត្រូវប៉ូលិសចាប់ខ្លួននៅមុខអេក្រង់ទូរទស្សន៍ ខណៈដែលលោកកំពុងរាយការណ៍ព័ត៌មានអសន្តិសុខនៅក្នុងទីក្រុងមីនីអាប៉ូលិស កាលពីថ្ងៃសុក្រ(ទី29ឧសភា) ជាមួយនឹងរូបភាពប៉ូលិសហុងកុង ដែលមើលទៅហាក់ដូចជាដកថយចេញឆ្ងាយពីធនធានមនុស្សខាងផ្នែកព័ត៌មាន៕

ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា

Advertisement