រថក្រោះ​របស់ តៃវ៉ាន់ បាញ់ប្រហារ​គោលដៅ​ដោយ​ប្រើ​គ្រាប់​ពិត ក្នុង​សមយុទ្ធ​ប្រឆាំង​ការ​វាយ​ឡើង​ច្រាំង (វីដេអូ)

កងអនុសេនាធំ​រថក្រោះ​យុទ្ធសាស្ត្រ​ចំនួន ២ ក្រុម​របស់ កងទ័ព​តៃវ៉ាន់ ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ប្រឆាំងនឹង​ការវាយប្រហារ​ឡើង​ច្រាំង នៅ​ភាគ​ពាយព្យ​នៃ​កោះ​នេះ។

កងរថក្រោះ​ចម្បាំង​យុទ្ធសាស្ត្រ CM-11 និង M60A3 របស់ កងទ័ព​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី ២១ ធ្នូ បាន​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​ប្រឆាំង​ការ​វាយ​ឡើង​ច្រាំង នៅឯ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន Kengzikou ភាគ​ពាយព្យ​នៃ កោះ​តៃវ៉ាន់។

មន្ត្រី​យោធា​តៃវ៉ាន់ ឱ្យដឹងថា សមយុទ្ធ​នេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​បង្កើន​សមត្ថភាព​ក្នុងការ​សហការ​រវាង​កងកម្លាំង​រថក្រោះ កែលម្អ​យុទ្ធវិធី​ក្នុង​បេសកកម្ម​ប្រយុទ្ធ​រវាង​ក្រុម​រថក្រោះ ទីបញ្ជាការ និង​កងអនុសេនាធំ។

សកម្មភាព​ក្នុង​វីដេអូ បង្ហាញថា ក្រុម​រថក្រោះ​របស់ កងទ័ព​តៃវ៉ាន់ ត្រូវបាន​បញ្ជា​ឱ្យចូល​កាន់​ទីតាំង និង​បើក​ការវាយប្រហារ​ទៅលើ​គោលដៅ​ដែលជា «កងកម្លាំង​វាយ​ឡើង​ច្រាំង» រួម​នឹង​វិញ្ញាសា​ស្ដីពី​យុទ្ធវិធី​ជាច្រើន​ផ្សេងទៀត​ផងដែរ។

កងទ័ព​តៃវ៉ាន់ មាន​រថក្រោះ​ប្រភេទ M60A3 ប្រមាណ ៤៨០ គ្រឿង, ប្រភេទ CM-11 ចំនួន ៤៥០ គ្រឿង និង CM-12 ចំនួន ២៥០ គ្រឿង។

តៃវ៉ាន់ បានអនុម័ត​ថវិកា​ប្រមាណ ១.៤៥ ពាន់​លាន​ដុល្លារ​អាម៉េរិក ដើម្បី​ទិញ​រថក្រោះ​យុទ្ធសាស្ត្រ M1A2T Abrams របស់ សហរដ្ឋ​អាម៉េរិក ចំនួន ១០៨ គ្រឿង ដើម្បី​បន្ថែម​ទៅលើ​ចំនួន​រថក្រោះ រថពាសដែក​ជាង ១,០០០ គ្រឿង​ដែល កោះ​នេះ​កំពុង​ប្រើប្រាស់ ក្នុង​បំណង​បង្កើន​កម្លាំង​ការពារ​ខ្លួន​ពី​ការវាយលុក​ណាមួយ​ពី​ខាងក្រៅ៕

Advertisement