Pfizer និយាយថា វ៉ាក់សាំង​របស់ខ្លួន​មាន​ប្រសិទ្ធភាព 100% ចំពោះ​ក្មេង​ជំទង់ ក្រោយ​ការចាក់​ដូ​ស​ទី​ពីរបាន 4 ខែ

ក្រុមហ៊ុន Pfizer បានប្រកាស​ឱ្យដឹងថា វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 របស់​ពួកគេ ធានា​ប្រសិទ្ធភាព 100% នៅលើ​ក្មេង​អាយុ​ចាប់ពី 12 ឆ្នាំ ដល់ 15 ឆ្នាំ បន្ទាប់ពី​ការចាក់​ដូ​ស​ទី​ពីរបាន 4 ខែ ដែល​នេះ​គឺជា​លទ្ធផល​នៃ​ការពិសោធ​លើ​មនុស្ស​ជាង 2,000 នាក់។

កាលពី​ម្សិលមិញ (22 វិច្ឆិកា 2021) Pfizer បាន​បញ្ចេញ​ទិន្នន័យ​ស្ដីពី​ការពិសោធ​ដែល​ប្រមូលបាន​ពី​អ្នកស្ម័គ្រចិត្ត​ចំនួន 2,228 នាក់ បង្ហាញថា វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ពុំបាន​បង្ក​ផលប៉ះពាល់​គួរឱ្យ​ព្រួយបារម្ភ​ណាមួយ​ទេ នៅលើ​ក្រុម​អ្នកស្ម័គ្រចិត្ត​ដែល​ត្រូវបាន​តាមដាន​យ៉ាងតិច 6 ខែ បន្ទាប់ពី​បាន​ចាក់​ដូ​ស​ទី​ពីរ។

ក្នុងចំណោម​ក្មេង​ជំទង់​អាយុ​ពី 12 ឆ្នាំ ដល់ 15 ឆ្នាំ រាប់ពាន់នាក់​ដែល​បាន​ចូលរួម​ការពិសោធ មាន 30 ករណី​ឆ្លង COVID-19 ដែលមាន​រោគសញ្ញា ប៉ុន្តែ ពួកគេ​សុទ្ធតែជា​អ្នកប្រើប្រាស់​ថ្នាំ​បញ្ឆោត (placebo)។ Pfizer យល់ថា ប្រការ​នេះ​​មាន​ន័យ​ថា វ៉ាក់សាំង​មាន​ប្រសិទ្ធភាព 100% នៅលើ​មនុស្ស​គ្រប់​ភេទ គ្រប់​ជាតិ​សាសន៍ គ្រប់​កម្រិត​នៃ​ភាពធាត់​និង​មាន​ជំងឺ​ប្រចាំកាយ។

ការព្រួយបារម្ភ​តែមួយគត់​ចំពោះ​ក្មេង​ដែលមាន​វ័យ​ចាប់ពី 12 ដល់ 15 ឆ្នាំ នោះ​គឺ​ហានិភ័យ​នៃ​បញ្ហា​រលាក​សាច់ដុំ​បេះដូង​នៅ​ក្មេងប្រុស​បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង។ ក៏ប៉ុន្តែ ទិន្នន័យ​បានបង្ហាញ​ថា នេះ​គឺជា​បញ្ហា​កម្រ​បំផុត ហើយ​អត្ថប្រយោជន៍​នៃ​ការចាក់​វ៉ាក់សាំង​ធំធេង​ជាង​ហានិភ័យ។ វីរុស COVID-19 ក៏បង្ក​ឱ្យមាន​បញ្ហា​រលា​ក​សាច់ដុំ​បេះដូង​ក្នុង​អត្រា​ខ្ពស់ជាង និង​ធ្ងន់ធ្ងរ​ជាង។

នាយក​ប្រតិបត្តិ​របស់ Pfizer លោក Albert Bourla បាន​អះអាងថា លទ្ធផល​នៃ​ការពិសោធ​ខាងលើ​នឹង​ជួយ​ឱ្យ​វ៉ាក់សាំង Pfizer ទទួលបាន​ការអនុញ្ញាត​ឱ្យប្រើ​ប្រាស់​ពេញលេញ​នៅ សហរដ្ឋ​អាម៉េរិក និង​នៅ​ទូទាំង​សកលលោក។ បច្ចុប្បន្ន វ៉ាក់សាំង Pfizer ទើបតែ​ទទួលបាន​ការអនុញ្ញាត​ឱ្យប្រើ​ប្រាស់​ពេញលេញ​សម្រាប់​មនុស្ស​អាយុ​ចាប់ពី 16 ឆ្នាំ​ឡើង​ប៉ុណ្ណោះ៕

Advertisement