ចិន​រៀប​ចំ​ផែន​ការ​យុទ្ធ​សាស្ត្រ​សម្រាប់​រយៈ​ពេល​5​ឆ្នាំ​ខាងមុខ

ចិន​រៀប​ចំ​ផែន​ការ​យុទ្ធ​សាស្ត្រ​សម្រាប់​រយៈ​ពេល​5​ឆ្នាំ​ខាងមុខ

ផែន​ការ​5ឆ្នាំ​បន្ទាប់​កំពុង​ត្រូវ​បាន​ប្រទេស​ចិន​រៀប​ចំ​ធ្វើ​ឡើង​ដោយ​មាន​ការ​ដាក់​គោលដៅ​ “ម្ចាស់​ការ​ និង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​ទៅ​លើ​បច្ចេក​វិទ្យា​សហរដ្ឋ​អាមេរិក”។

ផែន​ការ​រយៈ​ពេល​5​ឆ្នាំ​ជា​លើក​ទី​14​របស់​ប្រទេស​ចិន​ ដែលនឹង​ដាក់​ចេញ​​គោលដៅ​នយោបាយ​ និងសេដ្ឋកិច្ច​សម្រាប់​ដំណាក់​កាល​​ឆ្នាំ​2021-2025 បង្ហាញ​អំពី​ការ​ផ្លាស់​ប្ដូរគោលនយោបាយ​របស់​ទីក្រុង​ប៉េកាំង​ក្នុង​កាលៈ​ទេសៈ​ប្រទេស​ចិន​​និង​សហរដ្ឋ​អាមេរិក​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ប្រកប​ដោយ​ភាព​តាន​តឹង​ទាក់​ទិន​នឹង​បញ្ហា​ជា​ច្រើន​​ ក៏ដូចជា​បញ្ហា​ដែល​ចិន​ត្រូវ​ប្រឈម​នឹង​គូ​ប្រជែង​ផ្សេង​ៗ​នៅ​ទូទាំង​ពិភពលោក​។ នេះ​បើ​តាម​ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ដែល​កំពុង​ចូល​រួម​រៀប​ចំ​ផែន​ការ​ខាង​លើ។

កំណែ​ចុង​ក្រោយ​របស់​ផែន​ការ​នេះ​នឹង​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​​នៅ​ក្នុង​ខែ​មីនា​ ឆ្នាំ​2021​ ប៉ុន្តែ​ការ​វិភាគ​បឋម​បាន​បង្ហាញ​ថា ប្រទេស​ចិន​នឹង​បង្កើន​ភាព​ម្ចាស់​ការ​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​​ ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​ទៅ​លើ​​សហរដ្ឋ​អាមេរិក​។

ទន្ទឹម​នឹង​នោះ ទីក្រុង​ប៉េកាំង​ក៏នឹង​នៅ​តែ​រក្សា​គោល​នយោបាល​ “បើក​ចំហ​ទ្វារ និង​រៀបចំរចនាសម្ព័ន្ធឡើងវិញ” ដើម្បី​រក្សា​តួនាទី​ជា​ចំណុច​កណ្ដាល​របស់​ខ្លួន​ក្នុង​ការ​ផ្គត់​ផ្គង់​ផលិត​ផល​សម្រាប់​ពិភពលោក​ ពិសេស​គឺ​សម្រាប់​បណ្ដា​ប្រទេស​នៅ​អាស៊ី និង​អឺរ៉ុប​ ព្រម​ទាំង​កាត់​បន្ថយ​ឥទ្ធិ​ពល​នៃ​ “ហានិភ័យ​នៃ​ការ​ឃ្លាតឃ្លា​” កាន់​តែ​ឆ្ងាយ​ពី​ទីក្រុង​វ៉ាស៊ីង​តោន​។

គំនិតខាង​លើ​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ប្រធានាធិបតី​ចិន​ លោក​ ស៊ី​ ជីន​ភីង​ ផងដែរ​។ តាម​រយៈ​ផែន​ការ​ខាងលើ​នេះ​ ទីក្រុង​ប៉េកាំង​នឹង​អនុវត្ត​រូប​មន្ត​អភិវឌ្ឍ​ថ្មី​ “រួម​មាន​ទាំង​បណ្ដាញ​សេដ្ឋកិច្ច​ក្នុង​ស្រុក​ទ្រង់​ទ្រាយ​ធំ និង​បណ្ដាញ​សេដ្ឋ​កិច្ច​អន្តរ​ជាតិ​” ដើម្បី​ជំនួស​ឱ្យ​ការ​ពឹង​ផ្អែក​ទៅ​លើ​តែ​ទីផ្សារ​ក្រៅ​ស្រុក​។

ចិន​រៀប​ចំ​ផែន​ការ​យុទ្ធ​សាស្ត្រ​សម្រាប់​រយៈ​ពេល​5​ឆ្នាំ​ខាងមុខ
ប្រធានាធិបតី​ចិន លោក​​ ស៊ី ជីនភីង ដើរ​កាត់​ក្រុម​អ្នក​តំណាង​រាស្ត្រ​នៅក្នុង​ពិធីបើក​កិច្ច​ប្រជុំ​សភា​ចិន​កាលពី​ថ្ងៃទី​​21 ឧសភា​ ឆ្នាំ2020។ រូប​ថត​៖ AFP

បច្ចេកវិទ្យា​ក៏​ជា​វិស័យ​សំខាន់​មួយ​ដែល​ត្រូវ​បាន​ចិន​សង្ឃឹម​ថា​នឹង​មាន​ភាព​អស្ចារ្យ​ជាង​នេះ​​នៅក្នុង​រយៈ​ពេល​5ឆ្នាំ​ទៅ​មុខ​​។​ ការ​ដែល​ទីក្រុង​វ៉ាស៊ីង​តោន​កៀប​សង្កត់​ទៅ​លើ​ក្រុម​ហ៊ុន Huawei និង​កាត់​បន្ថយ​ការ​នាំ​ចេញ​ផលិត​ផល​បច្ចេក​វិទ្យា​ខ្ពស់​ទៅកាន់​ប្រទេស​ចិន​ ក៏​បាន​ជំរុញ​ឱ្យ​ទីក្រុង​ប៉េកាំង​ស្វែង​រក​គ្រប់​មធ្យោបាយ​ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​ទៅ​លើ​បច្ចេកវិទ្យា​បរទេស​។

បណ្ដា​ផែន​ការ​5​ឆ្នាំ​របស់​ប្រទេស​ចិន​ ចាប់​ពី​ឆ្នាំ​1981​ រហូត​ដល់​បច្ចុប្បន្ន គឺ​សុទ្ធ​សឹង​តែ​ផ្ដល់​អាទិភាព​ទៅលើ​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​ ​ការ​ការ​ពារ​បរិស្ថាន​ និង​របប​សន្តិសុខ​សង្គម​។ ទាំង​នេះ​គឺជា​គ្រឹះ​សម្រាប់​ផែន​ការ​5ឆ្នាំចំនួន​រាប់​រយ​នៅ​​ថ្នាក់​ខេត្ត​​ ក្រុង​ និង​វិស័យ​ឧស្សាហ​កម្ម​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​រីកចម្រើន​ស្រប​គ្នា​នៅ​ទូទាំង​ប្រទេស​។

ក្នុង​ផែន​ការ​5ឆ្នាំ​ ដំណាក់​កាល​​ឆ្នាំ​2016-2020​ ប្រទេស​ចិន​បាន​ដាក់​ចេញ​​គោល​ដៅ​សំខាន់​ចំនួន​25​ ក្នុង​នោះ​មាន​គោល​ដៅ​ចំនួន​13​​ត្រូវ​បាន​កំណត់​ឱ្យ​សម្រេច​បាន​ជា​ដាច់​ខាត ដូច​ជា​កាត់បន្ថយ​ភាព​ក្រីក្រ និង​ធានា​ឱ្យ​មាន​ដី​គ្រប់​គ្រាន់​សម្រាប់​បង្ក​បង្កើន​ផល​។

លទ្ធ​ផល​នៃ​ការ​វាយ​តម្លៃ​ទៅលើ​ផែន​ការ​5​ឆ្នាំ សម្រាប់​ឆ្នាំ​2016-2020​ បាន​បង្ហាញ​ថា មានគោល​ដៅ​ចំនួន​4​បាន​យឺត​យ៉ាវ​ ក្នុង​នោះ​មាន​ថវិកា​សម្រាប់​ការ​អភិវឌ្ឍ និង​ស្រាវ​ជ្រាវ​បច្ចេកវិទ្យា​ថ្មី ក៏ដូចជា​គុណ​ភាព​ទឹក។ល​។

មេរោគ​រាត​ត្បាត​COVID-19 ក៏​បាន​​គំរាម​កំហែង​ដល់​គោល​ដៅ​បង្កើន​ទំហំ​សេដ្ឋ​កិច្ច​ទ្វេដង​ដែល​ជា​គោល​ដៅ​សំខាន់​បំផុត​​នៅក្នុង​ផែន​ការ​​ចាប់​ពី​ឆ្នាំ​2010-2020 បណ្ដាល​ឱ្យ​សេដ្ឋកិច្ច​ចិន​ធ្លាក់​ចុះ​6.8​%​ក្នុង​ត្រី​មាស​ទី​មួយ​នៃ​ឆ្នាំ2020​ ព្រម​ទាំង​បាន​កាត់​ផ្ដាច់​ក្ដី​សង្ឃឹម​ចំពោះ​កំណើន​ប្រាក់​ចំណូល​ជា​អប្ប​បរមា​ 6.5​% សម្រាប់​មនុស្ស​ម្នាក់​៕

ប្រភព​៖ សារ​ព័ត៌មានបរទេស

Advertisement