​ចិន​ប្រកាស​ថា​នឹងអនុម័ត​ ហើយ​អនុវត្តច្បាប់​សន្តិសុខ​ហុង​កុង​ “​ឱ្យ​ទាល់​តែ​បាន​”

​ចិន​ប្រកាស​ថា​នឹងអនុម័ត​ និង​​អនុវត្តច្បាប់​សន្តិសុខ​ហុង​កុង​
ឧបនាយក​រដ្ឋ​មន្ត្រី​ចិន​ លោក Han Zheng

ឧបនាយក​រដ្ឋ​មន្ត្រី​ចិន​ លោក Han Zheng បាន​ថ្លែង​ប្រាប់​ប្រតិភូ​ហុង​កុង​ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​​របស់​សភា​​ជាតិ​ថា ទីក្រុង​ប៉េកាំង​នឹង​ “ធ្វើ​ឱ្យ​ទាល់​តែ​បាន​”​ នូវ​ច្បាប់​សន្តិសុខ​ហុង​កុង​។

លោក Han Zheng មេដឹក​នាំ​ចិន​ដែល​ទទួល​បន្ទុក​គ្រប់​គ្រង​បញ្ហា​ហុង​កុង​ និង​ម៉ាកៅ​ បាន​ជួប​ពិភាក្សា​ជា​មួយ​ប្រតិភូ​​មក​ពី​ហុង​កុង​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​នៅ​មហាសាល​ប្រជាជន​ (Great Hall of the People) នា​រដ្ឋ​ធានី​ប៉េកាំង​កាល​ពីម្សិល​មិញ(24​ឧសភា)​។

Wong Yuk-shan អនុប្រធាន​នៃ​ប្រតិ​ភូ​ហុងកុង​​ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​សភា​​ចិន បាន​ដក​ស្រង់​សម្ដី​របស់​ឧបនាយក​រដ្ឋ​មន្ត្រី​ចិន​ លោក Han Zheng បាន​ឱ្យ​ដឹង​ថា “កុំវាយ​តម្លៃ​ទាប​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ទីក្រុង​ប៉េកាំង​ឱ្យសោះ​។ នៅ​ពេល​សេចក្ដី​សម្រេច​បាន​ដាក់​ចេញ យើង​នឹង​អនុវត្ត​វា​ឱ្យ​ខាង​តែ​បាន​”។ លោក Han Zheng សង្កត់​ធ្ងន់​ថា សេចក្ដី​សម្រេច​​ត្រូវ​បាន​លើក​ឡើង​ក្រោយពី​ទីក្រុង​ប៉េកាំង​បាន​ពិចារណា​យ៉ាង​ល្អិត​ល្អន់​​ ដោយ​គិត​ទៅ​លើ​ផល​ប្រយោជន៍​យូរ​អង្វែង​របស់​ហុង​កុង​ ហើយ​សំខាន់​ជាង​នេះ​ គឺ​ដើម្បី​ផល​ប្រយោជន៍​ប្រទេស​ជាតិទាំង​មូល​​។

សេចក្ដី​ប្រកាសខាងលើ​​ត្រូវ​បាន​ឧបនាយក​រដ្ឋ​មន្ត្រី​ចិន​លើក​ឡើង​​ក្នុង​គ្រា​ដែល​សាធារណមតិ​កំពុង​​ផ្ដោត​ទៅ​លើ​ដែន​ដី​ពិសេស​ នៅ​ប៉ុន្មាន​ម៉ោង​មុន​ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​ប៉ូលិស​ហុង​កុង និង​ក្រុម​បាតករ​រាប់​ពាន់​នាក់​ដែល​តវ៉ា​ប្រឆាំង​នឹង​សេចក្ដីព្រាង​ច្បាប់​សន្តិសុខហុងកុង​នេះ។

លោក Han Zheng ក៏​បាន​ធានា​ថា “​ប្រទេស​មួយ របបពីរ​” គឺជា​ច្បាប់​មូលដ្ឋាន​ដើម្បី​កែ​លម្អ​ទំនាក់​ទំនង​រវាង​ទីក្រុង​ហុង​កុង​ និង​រដ្ឋាភិបាល​ចិន​ ក្នុង​នោះ​ទីក្រុង​ប៉េកាំង​នឹង​អនុវត្ត​ពេញ​លេញ​នូវ​គោលនយោបាយ​នានា និង​គោរព​ដល់​គោលការណ៍​ “អ្នក​ហុងកុង​គ្រប់​គ្រង​​អ្នក​ហុង​កុង​” ផងដែរ​។

សេចក្ដី​ព្រាង​ច្បាប់​សន្តិសុខ​ហុង​កុង​នេះ​ តាម​គម្រោង​នឹង​ត្រូវ​អនុម័ត​ជា​ផ្លូវ​ការ​នៅ​ថ្ងៃទៅ​28​ឧសភា​ខាង​មុខ​ ដែល​ជា​ថ្ងៃ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សភា​ចិន​។ គណៈកម្មាធិការ​អចិន្ត្រៃយ៍នៃ​​​សភា​ចិន បាន​ទទួល​សិទ្ធិ​ក្នុងការ​តាក់​តែង​សេចក្ដី​ព្រាង​ច្បាប់​លម្អិត​ និង​អនុវត្ត​នៅ​ទីក្រុង​ហុង​កុង​ដោយ​មិនចាំបាច់​ឆ្លងកាត់​សភានីតិប្បញ្ញត្តិ​របស់​​ហុង​កុង​នោះឡើយ​។ សភានីតិប្បញ្ញត្តិ​នឹង​ពិភាក្សា​អំពី​សេចក្ដី​ព្រាងច្បាប់​សន្តិ​សុខ​ហុង​កុង​នេះ​នៅ​ថ្ងៃទី​27​ឧសភា​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement