អា​ហ្វ​ហ្គា​នី​ស្ថាន៖ ចិន ត្រៀម​​ខ្លួន​​ដើម្បី​សហការ ខណៈ រុស្ស៊ី ជិត​ជួប​ពិភាក្សា​នឹង​ តា​លី​បង់

អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying

ប្រទេស​ចិន បានប្រកាសថា បាន​ត្រៀមខ្លួន​រួចហើយ ដើម្បី​លើកកម្ពស់ «ទំនាក់ទំនង​ទ្វេភាគី» ជាមួយ​ឧទ្ទាម តា​លី​បង់ ចំណែកឯ រុស្សី វិញ ក៏បាន​និយាយថា ឯកអគ្គរដ្ឋទូត​រប​ស់​ខ្លួន នឹង​ជួបប្រជុំ​ជាមួយ​ក្រុម​នេះ ក្រោយពី​ពួកគេ​ដណ្ដើមបាន​អំណាច​ពី​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​បណ្ដា​ប្រទេស​លោកខាងលិច។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Hua Chunying បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នា​ថ្ងៃនេះ​ថា៖ «ប្រទេស​ចិន គោរព​សិទ្ធិ​របស់​ប្រជាជន អា​ហ្វ​ហ្គា​នី​ស្ថាន នៅក្នុង​ការសម្រេចចិត្ត​លើ​ជោគវាសនា​របស់ខ្លួន ហើយ​ក៏បាន​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ជាមួយ អា​ហ្វ​ហ្គា​នី​ស្ថាន»។

ចំណែកឯ Zamir Kabulov ដែលជា​មន្ត្រីការទូត​នៃ​ប្រទេស​រុស្ស៊ី ឯណោះ​វិញ ក៏បាន​ប្រាប់​វិទ្យុ Ekho Moskvy ថា៖ «ឯកអគ្គរដ្ឋទូត​រប​ស់​យើង កំពុងតែ​ទាក់ទង​ទៅកាន់​មេដឹកនាំ តា​លី​បង់។ ស្អែក​នេះ ឯកអគ្គរដ្ឋទូត នឹង​ជួបពិភាក្សា​ជាមួយ​មន្ត្រី​សម្របសម្រួល​ដែល​ទទួលបន្ទុក​ផ្នែក​សន្តិសុខ​របស់ តា​លី​បង់»។

សមាជិកនៃក្រុមឧទ្ទាម តាលីបង់ បានចូលកាន់កាប់វិមានប្រធានាធិបតី អាហ្វហ្គានីស្ថាន កាលពីថ្ងៃសៅរ៍កន្លងទៅ

មន្ត្រីការទូត​រុស្ស៊ី​រូបនេះ បាន​បញ្ជាក់ថា ទីក្រុង​មូ​ស្គូ នឹងធ្វើ​ការសម្រេចចិត្ត​ក្នុងការ​ទទួលស្គាល់​រដ្ឋា​ភិ​បាល​ថ្មី​នៅ អា​ហ្វ​ហ្កា​នី​ស្ថាន ដោយយោង​ទៅតាម​ឥរិយាបថ​ជាក់ស្ដែង​របស់​ពួកគេ។

ក្រោយ​ការ​ដណ្ដើមបាន​អំណាច​គ្រប់គ្រង​រដ្ឋធានី​កា​ប៊ុល ក្រុម​តា​លី​បង់ បានប្រកាសថា សង្គ្រាម​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន បានបញ្ចប់ ហើយ​បាន​អំពាវនាវ​រក​សន្តិភាព​ជាមួយនឹង​សហគមន៍​អន្តរជាតិ។ តា​លី​បង់ បាន​បញ្ជាក់ថា រដ្ឋាភិបាល​ថ្មី អាច​រួមមាន​ទាំង​ក្រុមមនុស្ស​ដែល​មិន​ស្ថិតក្នុង​ជួរ​កងកម្លាំង​តា​លី​បង់ និង​ក្រុមមនុស្ស​ដែល​ស្ថិតក្នុង​រដ្ឋាភិបាល​ចាស់​ផងដែរ៕

Advertisement