ស៊ី ជីន ភីង និងពាក្យប្រៀនប្រដៅរបស់ម្ដាយ

ស៊ី ជីន ភីង និងពាក្យប្រៀនប្រដៅរបស់ម្ដាយ

ទីភ្នាក់ងារព័ត៌មាន CRI និង CMG បានចេញផ្សាយអត្ថបទថ្ងៃអាទិត្យ ទី2 នៃខែឧសភា(ពេលវេលារាប់តាមប្រតិទិនចិន) ជាថ្ងៃមាតាពិភពលោក ដែលត្រូវនឹងថ្ងៃទី10 ខែឧសភា ឆ្នាំ2020 ដោយបាននាំយករឿងរ៉ាវរបស់លោកប្រធានាធិបតីនៃប្រទេសចិន ស៊ី ជីនភីង ជាមួយសេចក្ដីស្រឡាញ់ ចំណងសម្ព័ន្ធភាព និងពាក្យអប់រំប្រៀនប្រដៅរបស់ម្ដាយមកចុះផ្សាយដូចតទៅ…៖

នៅក្នុងបន្ទប់ធ្វើការរបស់លោកប្រធានាធិបតី នៃប្រទេសចិន ស៊ី ជីនភីង មានដាក់តាំងរូបថតរបស់បិតា-មាតា និងសមាជិកគ្រួសារជាច្រើនរូប…មួយនៅក្នុងចំណោមនោះ គឺជារូបភាពដែលកត់ត្រាពីភាពកក់ក្ដៅ រវាងលោក ស៊ី ជីនភីង ជាមួយនឹងម្ដាយរបស់លោក កាន់ដៃគ្នាដើរលេង ធ្វើឱ្យកើតមានក្ដីរំភើបចិត្តយ៉ាងខ្លាំងដល់អ្នកដែលបានឃើញរូបថតមួយផ្ទាំងនេះ។

ការធ្វើខ្លួនជាគំរូដ៏ល្អ និងការស្ដាប់ពាក្យប្រៀនប្រដៅរបស់ម្ដាយ គឺជាសិរីមង្គលជីវិតសម្រាប់លោកស៊ី ជីនភីង មករហូត។

លោកប្រធានាធិបតី ស៊ី ជីនភីង បានរៀបរាប់ថា កាលពីអំឡុងពេលដែលលោកទើបតែមានអាយុ 5-6ឆ្នាំ អ្នកម្ដាយបានស្ពាយលោក ទៅទិញសៀវភៅរូបភាពសម្រាប់និទានរឿងខ្នាតតូច របស់ យេវ ហ្វ៊ើយ ឬង៉ាក់ ហ៊ុយ នៅឯតូបលក់សៀវភៅស៊ីនហួ។ អ្នកម្ដាយ បានអានរឿងនិទានពាក់ព័ន្ធនឹងអ្នកម្ដាយរបស់វីរបុរស យេវ ហ្វ៊ើយ ដែលបានឆ្លាក់តួអក្សរ 4ពាក្យថា “មានបេះដូងស្រឡាញ់ជាតិ” នៅចំកណ្ដាលខ្នងរបស់យេវ ហ្វ៊ើយ ដើម្បីឱ្យគេក្លាយជាមនុស្សស្មោះត្រង់ មានភក្ដីភាព ដឹងគុណដឹងទោស និងលះបង់ដើម្បីប្រទេសជាតិ។

អក្សរ 4តួនេះ ប្រៀបដូចជាគ្រាប់ពូជដែលកប់ជ្រៅនៅក្នុងបេះដូងរបស់លោកស៊ី ជីនភីង ប្រធានាធិបតីចិន ដែលធ្វើឱ្យលោកចងចាំរហូតដល់សព្វថ្ងៃនេះ និងក្លាយជាពាក្យសច្ចាប្រណិធានជីវិត។

ស៊ី ជីន ភីង និងពាក្យប្រៀនប្រដៅរបស់ម្ដាយ
ឪពុក​ម្ដាយ​ និង​បងប្អូន​របស់​លោក​ស៊ី ជីន ភីង​ (1975. /CCTV)

នៅក្នុងគ្រួសាររបស់លោកស៊ី ជីនភីង មានរបៀបវិន័យដែលប្រៀនប្រដៅកូនយ៉ាងម៉ឺងម៉ាត់ និងការគ្រប់គ្រងផ្ទៃក្នុងផ្ទះដោយក្ដីសន្សំសំចៃ និងឧស្សាហ៍ព្យាយាម។ បង្ហាត់បង្រៀនកូនចៅ ដោយប្រពៃណីដ៏ល្អផូរផង់របស់ក្រុមគ្រួសារ ដោយម្ដាយត្រូវមើលថែទាំកូន និងថែមទាំងត្រូវធ្វើការងាររបស់ខ្លួនឱ្យបានល្អទៀតផង។ ទោះជាលំបាក ឬហត់នឿយយ៉ាងណា ក៏នឹងនៅតែប្រកាន់ខ្ជាប់លើការងារជាចម្បង និងពេលមានក្ដីលំបាក ក៏នឹងចាត់ការដោយខ្លួនឯង។

លោកស៊ី ជីន ភីង ផ្ដល់ភាពសំខាន់ចំពោះក្រុមគ្រួសារ និងមានចំណងសម្ព័ន្ធភាពជាមួយសមាជិកក្នុងគ្រួសារខ្លាំងណាស់ តែដោយសារតែលោកជាមន្ត្រីថ្នាក់ខ្ពស់ ទើបច្រើនតែមិនអាចត្រឡប់មកផ្ទះនៅជាមួយក្រុមគ្រួសារក្នុងថ្ងៃឈប់សម្រាក ឬថ្ងៃបុណ្យបាន។

មានរឿងរៀបរាប់ថា ក្នុងអំឡុងពេលចូលឆ្នាំចិនក្នុងឆ្នាំ2000 អ្នកស្រី ឈី ស៊ីន ដែលជាម្ដាយ បានទូរស័ព្ទនិយាយគ្នាជាមួយលោកស៊ី ជីនភីង ដែលនៅពេលនោះមានតំណែងជាអភិបាលមណ្ឌល ហ៊្វូចៀន ដោយបានសួរសុខទុក្ខ និងដាស់តឿនកូនប្រុសថា “ការធ្វើការងារឱ្យល្អ គឺជាការសម្ដែងក្ដីកតញ្ញូដ៏ធំធេងបំផុតចំពោះឪពុកម្ដាយ ហើយក៏ជាការទទួលខុសត្រូវចំពោះក្រុមគ្រួសារ និងខ្លួនឯងដែរ ដែលអាចហៅបានថា វាជារឿងតែមួយ”

ច្រើនឆ្នាំកន្លងមកនេះ លោក ស៊ី ជីនភីង ក៏នៅតែចងចាំពាក្យប្រៀនប្រដៅ និងពាក្យដាស់តឿនរបស់ម្ដាយ ហើយរូបថតរបស់លោកស៊ី ជីនភីង ជាមួយម្ដាយ កាន់ដៃគ្នាដើរលេងក្នុងសួនច្បារ នៅតែស្ថិតនៅក្នុងបន្ទប់ធ្វើការរបស់លោកជានិច្ច មិនថាមុខតំណែង និងតួនាទីផ្លាស់ប្ដូរយ៉ាងណាក៏ដោយ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement