UN ប៉ាន​ប្រមាណ​ថា ប៉ុន្មាន​ខែ​ខាងមុខ ប្រជាជន​មី​យ៉ាន់​ម៉ា ច្រើន​លាន​នាក់ នឹង​ប្រឈម​នឹង​គ្រោះ​ទុរភិក្ស ដោយសារ​វិបត្តិ​ផ្ទៃក្នុង

ភាព​គ្មាន​ស្ថិរភាព​ខាង​ស្បៀង កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​នេះ​ជា​ផលប៉ះពាល់​បណ្ដាលមកពី​រដ្ឋប្រហារ និង​វិបត្តិ​ហិរញ្ញវត្ថុ ដែលមាន​ភាព​ធ្ងន់ធ្ងរ​ទ្វេ​ឡើង ដោយ​អង្គការសហប្រជាជាតិ បាន​ប៉ាន់ប្រមាណ​ថា នឹងមាន​មនុស្ស​ជាច្រើន​លាន​នាក់ ប្រឈម​នឹង​ភាពអត់ឃ្លាន ក្នុងអំឡុងពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ។

អង្គការ​ចំណីអាហារ​ពិភពលោក ឬ WFP បាន​វិភាគ​ថា មនុស្សម្នា​ច្រើន​ដល់ 3.4លាន​នាក់ នឹងត្រូវ​តស៊ូ ដើម្បី​រក​ទិញ​ស្បៀងអាហារ ក្នុង​រយៈពេល 3-6ខែ​ខាងមុខ ដោយ​ទីប្រជុំជន​នឹង​ទទួលរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ បណ្ដាលមកពី​អត្រា​គ្មាន​ការងារ​ធ្វើ ដែល​កើនឡើង​ក្នុង​វិស័យ​ផលិតកម្ម ការសាងសង់ និង​សេវាកម្ម រួមទាំង​តម្លៃ​ម្ហូបអាហារ​ដែល​កើនឡើង​ខ្ពស់​ដូចគ្នា។

“អ្នកក្រ ចំនួន​ដ៏​ច្រើន លែងមាន​ការងារ​ធ្វើ និង​មិនអាច​រក​ទិញ​ចំណីអាហារ​បានឡើយ ដូច្នេះ​ចាំបាច់​ត្រូវ​មានការ​តបស្នង​យ៉ាង​ព្រមព្រៀងគ្នា ដើម្បី​សម្រាល​ការលំបាក​លំបិនភ្លាមៗ និង​ការពារ​មិនឱ្យ​កើតមាន​ភាពចុះ​ខ្សោយ​ខាង​ស្ថិរភាព​ចំណីអាហារ” លោក ស្ទី​ហ្វេ​ន អ៊ែន​ដឺ​សុន ប្រធាន​អង្គការ​ចំណីអាហារ​ពិភពលោក ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា បាន​ថ្លែង​បែបនេះ​នៅក្នុង​សេចក្ដី​ថ្លែង​ព័ត៌មាន។

WFP បាន​បញ្ជាក់ថា តម្លៃ​ទីផ្សារ​អង្ករ និង​ប្រេងឆា កើនឡើង 5% និង 18% តាម​លំដាប់ ចាប់តាំងពី​ដំណាច់ខែ​កុម្ភៈ​មក និង​មាន​សញ្ញា​ថា ក្រុមគ្រួសារ​ជនជាតិ​មី​យ៉ាន់​ម៉ា​មួយចំនួន ក្នុង​ទីក្រុង​យ៉ាំង​ហ្គោ​ន កំពុង​រំលង​ពេលបាយ​ចោល​ខ្លះ ហូប​អាហារ​ដែលមាន​គុណ​តម្លៃ​ខាង​ភោជនាហារ​ទាប និង​កំពុងមាន​បំណុល​ច្រើន។

ក្រុមការងារ បាន​រៀប​ផែនការ​ក្នុងការ​ពង្រីក​ប្រតិបត្តិ​ការផ្ដល់​ការជួយ​សង្គ្រោះ​មនុស្ស កើនឡើង 3ដង ស្មើនឹង 3.3លាន​នាក់ និង​កំពុង​ប្រមូលផ្ដុំ​ថវិកា ដើម្បី​ប្រើប្រាស់​ក្នុងការ​ជួយសង្គ្រោះ​ឱ្យបាន​ដល់ 106លាន​ដុល្លារ។ នេះ​បើតាម​ការ​ឱ្យដឹងពី​ស្ថាប័ន​ខាងលើ។

ទាំងអស់នេះ អ្នកនាំពាក្យ​រដ្ឋបាល​ទាហាន​មី​យ៉ាន់​ម៉ា មិនបាន​ឆ្លើយតប​ទូរស័ព្ទ​ដែល​ទីភ្នាក់ងារ​ព័ត៌មាន Reuters ទំនាក់ទំនង ដើម្បី​សុំ​ការអធិប្បាយ​ឡើយ៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters
ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

Advertisement