ឥណ្ឌា ឃាត់​កប៉ាល់​របស់ រុស្ស៊ី ដែល​កំពុង​ដឹក​ឧបករណ៍​យោធា

រូបភាព​តំណាង

ស្ថានទូត​រុស្ស៊ី បានឱ្យដឹងថា កប៉ាល់​ដឹក​អាវុធ​មួយគ្រឿង​របស់​ប្រទេស​នេះ ត្រូវបាន​ឃាត់​នៅ​កំពង់ផែ Cochin ប្រទេស​ឥណ្ឌា។

«ស្ថានទូត​រុស្ស៊ី​ប្រចាំ​ឥណ្ឌា បានដឹង​អំពី​ករណី​ឃាត់​កប៉ាល់​ដឹកទំនិញ​របស់ រុស្ស៊ី នៅ​កំពង់ផែ Cochin របស់ ឥណ្ឌា។ លើក​ប៉ាល់​នេះ​មាន​ឧបករណ៍​យោធា​មួយឈុត​ដែល​ប្រគល់ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ឥណ្ឌា» សារព័ត៌មាន​ឥណ្ឌា ANI ដកស្រង់​សម្ដី​របស់ មន្ត្រី​ស្ថានទូត​រុស្ស៊ី ឱ្យដឹង​កាលពី​ថ្ងៃទី ១៩ កក្កដា។

ភាគី​ខាង​រុស្ស៊ី បន្តថា បាន​បញ្ជូន​សំណើ​ទៅកាន់ ក្រសួង​ការបទេស​ឥណ្ឌា ដើម្បីឱ្យ​បកស្រាយ​អំពី​ហេតុការណ៍​ដែល​បាន​កើតឡើង ក៏ដូចជា​ស្នើឱ្យ​ស្ថាប័ន​នេះ «គោរព​ដោយ​គ្មាន​លក្ខខណ្ឌ​ចំពោះ​សិទ្ធិ​របស់​ម្ចាស់​កប៉ាល់ រួម​នឹង​ក្រុម​នាវិក​រុស្ស៊ី»។

ទាក់​ទិននឹង​បញ្ហា​ខាងលើ ភាគី​ខាង​ឥណ្ឌា មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​នៅឡើយ​។

កាលពី​ដើមខែ​នេះ កប៉ាល់​ដឹកទំនិញ Zhibek Zholy ដែល​ដោត​ទង់ជាតិ​រុស្ស៊ី ក៏ត្រូវ​បាន​ឃាត់​នៅឯ​កំពង់ផែ Karasu ប្រទេស​តួ​ក​គី បន្ទាប់ពី​មានការ​សង្ស័យថា ដឹក​ធញ្ញជាតិ​ខុសច្បាប់​រាប់ពាន់​តោន​របស់ អ៊ុយ​ក្រែ​ន ចាក​ចេញពី​កំពង់ផែ Berdyansk ជាទី​ដែល​គ្រប់គ្រង​ដោយ​កងទ័ព​របស់ រុស្ស៊ី។

ឥណ្ឌា និង ចិន គឺជា​ប្រទេសធំៗដែល​មិន​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី ទាក់ទិន​នឹង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បើ​ទោះ​មាន​សម្ពាធ​ពី បស្ចិម​លោក។ ប្រទេស​ទាំងពីរ​នេះ សុទ្ធតែ​បង្កើន​ការទិញ​ប្រេង​តម្លៃ​ទាប​របស់ រុស្ស៊ី ក្នុង​រយៈពេល​ច្រើន​ខែ​មកនេះ។

កាលពី​សប្ដាហ៍​កន្លង សហរដ្ឋ​អាម៉េរិក បានស្នើ​ឱ្យ ឥណ្ឌា មិន​អនុញ្ញាតឱ្យ​កប៉ាល់​ដឹកទំនិញ​របស់ រុស្ស៊ី ចូល​ចត​ក្នុង​កំពង់ផែ ដើម្បី​ជាការ​ដាក់ទណ្ឌកម្ម ប៉ុន្តែ ទីក្រុង​ញូវដែលី បាន​បដិសេធ៕

Advertisement