COVID-19! អាល្លឺម៉ងថា​​អាមេរិក​ “ប្លន់” ម៉ាស់​​របស់​ខ្លួន ប៉ុន្តែ​អាមេរិក​ទាត់​ចោល​ការ​ចោទ​ប្រកាន់​នេះ​

COVID-19! អាល្លឺម៉ងថា​​អាមេរិក​

សារ​ព័ត៌មាន​អាល្លឺម៉ង់ បាន​ចុះ​ផ្សាយ​ថា សហរដ្ឋអាមេរិក​បាន​ “ដណ្ដើម​” ម៉ាស់​ចំនួន​200,000​បន្ទះ​ដែល​ដឹក​ពី​ប្រទេស​ចិន​ ប៉ុន្តែ​សហរដ្ឋអាមេរិក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​។

សារ​ព័ត៌មាន​ Tagesspiegel របស់​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី​3មេសា​បាន​ដក​ស្រង់​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សន្តិសុខ​ជាតិ​បាន​ឱ្យ​ដឹង​ថា​​​ ម៉ាស់ប្រភេទ FFP2 (N95) និង​ FFP3 ចំនួន​2សែន​បន្ទះ​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​អាល្លឺម៉ង់​បញ្ជា​ទិញ​សម្រាប់​ទុក​ឱ្យ​កង​កម្លាំង​នគរ​បាល​ប្រើប្រាស់​ ​ត្រូវ​បាន​ “ស្កាត់​យក និង​បញ្ជូន​ទៅ​កាន់​សហរដ្ឋ​អាមេរិក​”។

សារ​ព័ត៌មាន​ខាង​លើ បាន​ដកស្រង់​សម្ដី​របស់​លោក Nadreas Geisel ដែលជា​មេដឹកនាំ​អង្គ​ភាព​កិច្ច​ការ​ផ្ទៃ​ក្នុង​​របស់​ទីក្រុង​ Berlin បាន​ឱ្យ​ដឹង​ថា ពួក​គេ​បាន​បញ្ជា​ទិញ​ម៉ាស់​ប្រភេទ​ FFP2 និង​ FFP3 ចំនួន​400,000​បន្ទះ​ ពី​ក្រុម​អាមេរិកាំង​មួយ​ ដើម្បី​ផ្គត់​ផ្គង់​ឱ្យ​កង​កម្លាំង​នគរ​បាល​នៅ​រដ្ឋ​ធានី​នៃ​ប្រទេស​អាល្លឺម៉ង់​សម្រាប់​ទប់​ទល់​នឹង​វីរុស​COVID-19។ ក៏ប៉ុន្តែ នៅ​ពេល​ដែល​ម៉ាស់​ចំនួន​​200,000​បន្ទះ​​ ​ត្រូវ​បាន​ដឹក​​ពី​រោង​ចក្រ​មួយ​នៅ​ប្រទេស​ចិន​ទៅ​កាន់​អាល្លឺម៉ង់ វា​ក៏​ត្រូវ​បាន​មន្ត្រី​សហរដ្ឋ​អាមេរិក​រឹប​អូសនៅ​ឯព្រលាន​យន្ត​ហោះ​ក្នុង​ទីក្រុង​បាង​កក ប្រទេស​ថៃ​។

បុគ្គលិក​ចិន កំពុង​ជញ្ជូន​​ម៉ាស់​ឡើង​យន្ត​ហោះ​អាមេរិក

Geisel ថ្លែង​ថា​ អាល្លឺម៉ង់ “ចាត់​ទុក​ទង្វើ​នេះ​ថា​ជា​សកម្ម​ភាព​ប្លន់​ក្នុង​សម័យ​ទំនើ​ប”។ ប៉ុន្តែ ស្នងការ​នគរ​បាល​ក្រុង​ Berlin លោក​ស្រី​ Barbara Slowik ថ្លែង​ថា បម្រាម​លើ​ការ​នាំ​ចេញ​ម៉ាស់​របស់​សហរដ្ឋ​អាមេរិក អាច​ជា​មូលហេតុ​នៃ​សកម្ម​ភាព​រឹប​អូស​ខាង​លើ​។

ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ T-Online របស់​អាល្លឺម៉ង់ បាន​ទាក់​ទង​ទៅកាន់​សេត​វិមាន​ដើម្បី​សាក​សួរ​ព័ត៌មាន​ ប៉ុន្តែ រដ្ឋាភិបាល​អាមេរិកាំង​បាន​ទាត់​ចោល​ការ​ចោទ​ប្រកាន់​ពី​អាល្លឺម៉ង់​។ “នេះ​គឺជា​ព័ត៌មាន​ខុស​ពីការ​ពិត។ សហរដ្ឋអាមេរិក មិន​បាន​រឹប​អូស ឬ​យក​ម៉ាស់​ណា​មួយ​ដែល​​ត្រូវបញ្ជូន​ទៅកាន់​ប្រទេស​ណា​មួយ​នោះ​ទេ​។ សហរដ្ឋ​អាមេរិកនឹង​ផលិត​សម្ភារ​វេជ្ជ​សាស្ត្រ​នៅ​ក្នុង​ប្រទេស​ ដោយ​ទិញ​វត្ថុ​ធាតុ​ដើម​ពី​ប្រទេស​ផ្សេង​”។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៅ​សេត​វិមាន​។

សូម​រំឭក​ថា ប្រធានាធិបតី​ Donald Trump កាល​ពី​ថ្ងៃទី​3មេសា បាន​ចេញបញ្ជា​ហាម​មិន​ឱ្យ​នាំ​ចេញ​ម៉ាស់​ និង​សម្ភារ​ការ​ពារ​សុខ​ភាព​បុគ្គល​ ដើម្បី​ធានា​មិន​ឱ្យ​មាន​ការ​ខ្វះ​ខាត​ ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម​មុខ​ជាមួយ​នឹង​បញ្ហា​ជា​ច្រើន​ដែល​កើត​ឡើង​ដោយ​វីរុស​COVID-19។

មន្ត្រី​ម្នាក់​សហរដ្ឋអាមេរិកម្នាក់ ថ្លែង​ជា​សាធារណៈ បន្ទាប់​ពី​បាន​ទទួល​ម៉ាស់​ដែល​ដឹក​ពី​ប្រទេស​ចិន​
មន្ត្រី​ម្នាក់​សហរដ្ឋអាមេរិកម្នាក់ ថ្លែង​ជា​សាធារណៈ បន្ទាប់​ពី​បាន​ទទួល​ម៉ាស់​ដែល​ដឹក​ពី​ប្រទេស​ចិន​

សហរដ្ឋ​អាមេរិក គឺ​ជា​សម្បុក​មេរោគ​កូរ៉ូណាCOVID-19 ​ធំ​បំផុត​ក្នុង​ពិភពលោក ដោយ​មាន​អ្នក​ជំងឺ​សរុប​​ជាង​ 311,600​នាក់​ ក្នុង​នោះ​មាន​ 8,454នាក់​បាន​បាត់បង់ជីវិត​។ ក្រុម​អ្ន​ក​ជំនាញ​ការ​បាន​ព្យាករ​ថា ជនជាតិ​អាមេរិកាំង​ប្រមាណ​ពី​100,000​នាក់ ទៅ​ 240,000​នាក់​ អាច​ស្លាប់​ដោយ​សារ​វីរុស​COVID-19។

ចំណែក​អាល្លឺម៉ង់​វិញ គឺជា​សម្បុក​មេរោគ​ធំ​ជាង​គេ​លំដាប់​ទី​3នៅ​អឺរ៉ុប ដោយ​មាន​អ្នក​ឆ្លង​មេរោគ​ចំនួន​96,092​នាក់​ និង​ស្លាប់​​1,444នាក់​។

ប្រភព៖ Sputnik, T-Online

Advertisement