ពេទ្យភ្ញាក់ព្រើត!! លោកត្រាំ ប្រាប់ថា កូវីដ-19 នឹង “បាត់ទៅវិញឯកឯង” ដោយមិនចាំបាច់មានវ៉ាក់សាំងទេ…

ពេទ្យភ្ញាក់ព្រើត!! លោកត្រាំ ប្រាប់ថា កូវីដ-19 នឹង “បាត់ទៅវិញឯកឯង” ដោយមិនចាំបាច់មានវ៉ាក់សាំងទេ...

លោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក បានធ្វើឱ្យអ្នកជំនាញការផ្នែកវេជ្ជសាស្ត្រ អង្គុយគូទលែងជាប់កៅអីជាថ្មីម្ដងទៀត បន្ទាប់ពីលោកបានចេញមកថ្លែងបញ្ជាក់ថា មេរោគវីរុសកូរ៉ូណាប្រភេទថ្មីនេះ នឹង “បាត់ទៅវិញដោយឯកឯង” នៅទីបំផុត ទោះជាពិភពលោកនៅមិនទាន់មានវ៉ាក់សាងការពារក៏ដោយ។

ក្នុងអំឡុងការផ្ដល់បទសម្ភាសនៅឯសេតវិមានកាលពីរសៀលថ្ងៃសុក្រ(ទី8ឧសភា)កន្លងមក លោក ត្រាំ បានថ្លែងថា “ខ្ញុំមានអារម្មណ៍ពាក់ព័ន្ធនឹងរឿងវ៉ាក់សាំង ស្រដៀងនឹងរឿងការត្រួតពិនិត្យដែរ គឺ វានឹងបាត់ទៅវិញដោយឯកឯងបានដោយមិនចាំបាច់មានវ៉ាក់សាំងឡើយ…វានឹងបាត់ទៅវិញដោយឯកឯង និងសង្ឃឹមថា យើងនឹងមិនជួបប្រទះវាទៀតឡើយ ពេលឆ្លងកាត់ទៅបានមួយរយៈហើយ”

លោកត្រាំ បានទទួលស្គាល់ថា អាចនឹងមានការ “ឆ្លងរាលដាលម្ដងទៀត” ខ្លះៗ រួមទាំងក្នុងរដូវស្លឹកឈើជ្រុះ តែលោកជឿថា ទីបំផុតទៅ វីរុស វានឹងអស់ទៅវិញដោយឯកឯង។

លោកបន្តថា “មានវីរុស ឬគ្រុនផ្ដាសាយប្រភេទខ្លះដែលកើតឡើង បានធ្វើឱ្យគ្រូពេទ្យត្រូវរិះគិតស្វែងរកវ៉ាក់សាំង ហើយក្នុងខណៈដែលពួកគេមិនទាន់ទាំងផលិតវ៉ាក់សាំងបានសម្រេចផង វីរុសអស់នោះ ក៏បាត់ទៅវិញអស់រលីង លែងបង្ហាញខ្លួនឱ្យឃើញទៀតតែម្ដង…ពួកវាក៏ចេះស្លាប់ ដូចអ្វីៗគ្រប់យ៉ាងដែរហ្នឹងឯង”។

នៅពេលដែលអ្នកយកព័ត៌មានសួរបញ្ជាក់ថា តើហេតុអ្វីបានលោកដឹង? លោកត្រាំ ក៏អះអាងថា លោកដកស្រង់ចេញពី “អ្វីដែលគ្រូពេទ្យបាននិយាយ”

លោកថា “ពួកគេប្រាប់ថា វានឹងបាត់ទៅវិញនៅទីបំផុត ដែលមិនបានមានន័យថា នៅក្នុងឆ្នាំនេះទេ មិនបានមានន័យថា វានឹងបាត់ទៅវិញក្នុងអំឡុងពេលមុន ឬក្រោយរដូវស្លឹកឈើជ្រុះនោះទេ…តែទីបំផុត វាក៏ត្រូវតែអស់ទៅវិញ។ សំណួរ ក៏គឺ តើយើងត្រូវការវ៉ាក់សាំងឬទេ? ជួនកាលវាក៏បាត់ទៅវិញបានដោយឯកឯង តែបើយើងមានវ៉ាក់សាំង វានឹងជួយបានច្រើន…”

យ៉ាងណាក៏ដោយ សម្ដីរបស់លោកត្រាំ មើលទៅវាហាក់ដូចជាផ្ទុយគ្នានឹងពាក្យអះអាងរបស់លោកវេជ្ជបណ្ឌិត អ៊ែនថូនី ហ្វៅហ្ស៊ី អគ្គនាយកស្ថាប័នរោគប្រតិកម្មចាញ់ និងជំងឺឆ្លងនៃសហរដ្ឋអាមេរិក ដែលបានផ្ដល់បទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Fox news កាលពី 2-3សប្ដាហ៍មុនថា “ការឆ្លងរាតត្បាតនឹងមិនទាន់បញ្ចប់នៅឡើយទេ រហូតទាល់តែយើងមានវ៉ាក់សាំង”។

កាលពីពេលមុននោះ អ្នកយកព័ត៌មានប្រចាំនៅសេតវិមាន បានធ្លាប់ដាក់សំណួរទៅលោក ហ្វៅហ្ស៊ី ថា តើសហរដ្ឋអាមេរិក នឹងអាចត្រឡប់មករកសភាវប្រក្រតី មុនពេលយើងមានវ៉ាក់សាំងសម្រាប់មនុស្សគ្រូបគ្នា បានដែរឬទេ?…ហើយចម្លើយ គឺលោកវេជ្ជបណ្ឌិត ហ្វៅហ្ស៊ី បានឆ្លើយបដិសេធ។

លោកហ្វៅហ្ស៊ី ថ្លែងថា “បើពាក្យថា វិលមករកសភាវប្រក្រតីវិញ មានន័យពីការធ្វើអ្វីគ្រប់យ៉ាងបានដូចមិនធ្លាប់មានវីរុសកើតឡើងដូចកាលពីមុន ខ្ញុំគិតថា ប្រហែលជាមិនអាចទៅរួចទេ រហូតទាល់តែយើងនឹងស្ថិតក្នុងស្ថានការណ៍ដែលអាចការពារឃុំគ្រងប្រជាពលរដ្ឋបានយ៉ាងល្អឥតខ្ចោះ”។

លោកវេជ្ជបណ្ឌិត ថម អ៊ីងហ្គើលស្ប៊ី អគ្គនាយកមជ្ឈមណ្ឌលដើម្បីសុវត្ថិភាពសុខភាព ចន ហប់គីនស៍ គឺជាអ្នកជំនាញការចុងក្រោយគេបំផុតដែលបានចេញមកជំទាស់អៃឌៀរបស់មេដឹកនាំសហរដ្ឋអាមេរិក ដោយបានផ្ដល់សម្ភាសនៅក្នុងកម្មវិធី Fox news Sunday ថា ទោះជាលោកត្រាំ នឹងសម្លឹងមើលពិភពលោកក្នុងន័យល្អប៉ុនណាក៏ដោយ តែកូវីដ-19 នឹងនៅតែជាបញ្ហាធំតទៅទៀត បើមិនដោយសាររឿងណាមួយ ក៏ដោយសាររឿងណាមួយទៀតដែរ រហូតទាល់តែមានការរកឃើញវ៉ាក់សាំងបានសម្រេច។

លោកថ្លែងថា “មិនមែនទេ! វីរុសមួយនេះ នឹងមិនបាត់អស់ទៅណាទេ! ពេលឆ្លងផុតទៅបានមួយរយៈ យើងអាចរៀនយល់ដឹងក្នុងការរស់នៅជាមួយវាបាន និងអាចកាត់បន្ថយភាពប្រថុយប្រថានក្នុងការចម្លងមេរោគបាន តែវានឹងនៅតែជាបញ្ហារ៉ាំរ៉ៃ ទាំងចំពោះសហរដ្ឋអាមេរិក និងទូទាំងពិភពលោកដដែល រហូតទាល់តែយើងមានវ៉ាក់សាំង”

លោកត្រាំ ធ្លាប់បានផ្ដល់សម្ភាសនៅក្នុងកម្មវិធី Town Hall របស់ Fox news កាលពីសប្ដាហ៍កន្លងទៅថា សហរដ្ឋអាមេរិក “ចាំបាច់” ត្រូវតែមានវ៉ាក់សាំង ដើម្បីបញ្ឈប់ការឆ្លងរាលដាលរបស់កូវីដ-19។

កាលនោះ លោកថ្លែងថា “ខ្ញុំខ្លួនឯង ក៏ត្រូវការវាដែរ ខ្ញុំត្រូវការវ៉ាក់សាំង…យើងគ្រប់គ្នា និងប្រទេសមួយនេះ ត្រូវការវ៉ាក់សាំង ហើយអ្នកនឹងបានវាក្នុងអំឡុងពេលប្រហែលជាចុងឆ្នាំនេះឯង ខ្ញុំជឿជាក់ដូច្នេះ តែ ខ្ញុំអាចនឹងគិតខុសក៏អាចថាបានដែរ”៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement