ក្រោយ​អ៊ីរ៉ង់​ចាញ់អាម៉េរិក និង​ត្រូវ​ខ្ទាត​ពី World Cup 2022 យុវជន​អ៊ីរ៉ង់​ម្នាក់​ត្រូវ​គេ​បាញ់សម្លាប់

Mehran Samak ដែល​ជាជន​រង​គ្រោះ​ ក្រោយពី​ អ៊ីរ៉ង់ ចាញ​ អាម៉េរិក នៅ World Cup 2022

ទីក្រុង​តេ​ហេ​រ៉ង់ បាន​បើក​ការស៊ើបអង្កេត​លើ​ករណី​បុរស​ម្នាក់​ត្រូវបាន​ជន​មិន​ស្គាល់មុខ​បាញ់សម្លាប់​នៅ​ភាគ​ពាយព្យ​ប្រទេស​នេះ ក្រោយ​ការប្រកួត​រវាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីរ៉ង់ និង អាម៉េរិក នៅ World Cup 2022។

«ក្រោយ​ការប្រកួត បុរស​ម្នាក់​ឈ្មោះ Mehran Samak បាន​ស្លាប់​យ៉ាង​គួរឱ្យ​សង្ស័យ ដោយសារ​ត្រូវ​គ្រាប់កាំភ្លើង​នៅ​ទីក្រុង Bandar Anzali» Mehdi Fallahmiri រដ្ឋអាជ្ញា​តុលាការខេត្ត Gilan នៅ​ភាគ​ពាយព្យ​នៃ ប្រទេស​អ៊ីរ៉ង់ កាលពី​ម្សិលមិញ បានឱ្យដឹង​ដូច្នេះ។

មុន​នោះ ក្រុម​សកម្មជន​សិទ្ធិមនុស្ស​ដែលមាន​មូលដ្ឋាន​នៅ​បរទេស បានឱ្យដឹងថា Samak អាយុ 27 ឆ្នាំ ត្រូវបាន​បាញ់សម្លាប់​បន្ទាប់ពី​ចុច​ស៊ី​ផ្លេ​យានជំនិះ​ដើម្បី​អបអរ​បរាជ័យ​របស់ ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់ ដែល​បាន​ចាញ់ អាម៉េរិក ក្នុង​វគ្គ​ចែក​ពូ​ល​នៅ World Cup 2022។ បរាជ័យ​នេះ​មានន័យថា អ៊ីរ៉ង់ ត្រូវបាន​ជម្រុះ​ពី World Cup នៅ កាតា ហើយ អាម៉េរិក បាន​ឡើងទៅ​វគ្គ 8 ក្រុម។

ក្រុមមន្ត្រី​មាន​សមត្ថកិច្ច​របស់ អ៊ីរ៉ង់ មិនទាន់​ឱ្យដឹងថា ជនរងគ្រោះ​នេះ​ត្រូវបាន​គេ​បាញ់សម្លាប់​ដោយសារតែ​ការអបអរ​បរាជ័យរ​បស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីរ៉ង់ ឬ​យ៉ាងណា​នៅឡើយ។

មេដឹកនាំ​នៃ​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់ ឧត្ដមសេនីយ៍ទោ Hossein Salami កាលពី​ថ្ងៃទី 01 ធ្នូ 2022 បាន​និយាយថា «សត្រូវ​របស់ អ៊ីរ៉ង់» បានធ្វើឱ្យ​យុវជន​មួយចំនួន​ពេញចិត្ត​នឹង​បរាជ័យ​របស់​ក្រុមបាល់ទាត់​អ៊ីរ៉ង់។

«ថ្ងៃនេះ សត្រូវ​ទាំងអស់​កំពុងតែ​ព្យាយាម​សាបព្រោះ​ភាព​អស់សង្ឃឹម​ទៅក្នុង​បេះដូង​យុវវ័យ។ មនុស្ស​មួយចំនួន​ថែមទាំង​បានបង្ហាញ​ការពេញចិត្ត​ជាមួយនឹង​ការដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​ត្រូវបាន​ជម្រុះ​ទៀតផង» លោក Hossein Salami ថ្លែង​ដូច្នេះ។

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អ៊ីរ៉ង់ ត្រូវ​ខ្ទាត​ពី World Cup 2022 ក្រោយ​ការ​ចាញ់​ អាម៉េរិក 0-1 នៅ​ជុំ​ចុង​ក្រោយ​នៃ​វគ្គ​ចែកពូល​

ក្នុងពេល​ក្រុមបាល់ទាត់​ជម្រើសជាតិ​របស់ អ៊ីរ៉ង់ កំពុង​ប្រកួត​នៅ World Cup 2022 បាតុកម្ម​នៅតែ​កើតមានឡើង​នៅឯ ប្រទេស​អ៊ីរ៉ង់ ព្រោះតែ​ការស្លាប់​របស់ Mahsa Amini ជា​នារី​ម្នា​ក់មាន​វ័យ 22 ឆ្នាំ បាន​បាត់​បង់ជីវិត​បន្ទាប់ពី​ត្រូវ​ក្រុមនគរបាល​សីលធម៌​ចាប់ខ្លួន។ ការប៉ះទង្គិច​គ្នា​បាន​បណ្ដាលឱ្យ​មនុស្ស​ជាង 300 នាក់​បាត់​បង់ជីវិត ក្នុងនោះ​មាន​ទាំង​សន្តិសុខ និង​បាតុករ​ផងដែរ នេះ​បើតាម​មន្ត្រី​អ៊ីរ៉ង់។

ជនជាតិ​អ៊ីរ៉ង់ មួយចំនួន បាន «បែរខ្នង» ដាក់​ក្រុមបាល់ទាត់​ជម្រើសជាតិ ក្នុងពេល​បាតុកម្ម​កើតឡើង ព្រោះថា ពួកគេ​ចាត់ទុក​ក្រុមបាល់ទាត់​នេះ​តំណាងឱ្យ​រដ្ឋាភិបាល ជាជាង​ប្រជាជន។ វីដេអូ​លើ​បណ្ដាញ​សង្គម​បាន​បង្ហាញថា មនុស្ស​មួយចំនួន​បាន​អបអរសាទរ ក្រោយពី អ៊ីរ៉ង់ ចាញ់ អង់គ្លេស 2-6 នៅ​ជុំ​ដំបូង និង ចាញ់​អាម៉េរិក  0-1 នៅ​ជុំ​ចុងក្រោយ​នៃ​វគ្គ​ចែក​ពូ​ល​នៅ World Cup 2022។

អាម៉េរិក និង​ក្រុម​ប្រទេស​លោកខាងលិច បានដាក់​ទណ្ឌកម្ម​សំដៅលើ​ក្រុមមន្ត្រី​របស់ អ៊ីរ៉ង់ ព្រោះតែ​បាន​បង្ក្រាប​បាតុកម្ម។ អ៊ីរ៉ង់ ក៏បាន​ដាក់ទណ្ឌកម្ម​ត​បត និង​ចោទថា បស្ចិម​លោក​កំពុង​ជំរុញ​អំពើហិង្សា ជួយ​ដល់​បាតុករ​នៅ អ៊ីរ៉ង់ ដើម្បី​ច្នៃ​អាវុធ ឬ​គ្រាប់បែក​សាំង​សម្រាប់​កុបកម្ម៕

Advertisement