«ជ្រូក​ព្រៃយក្ស» កំពុងដណ្ដើម​កាន់កាប់​ទឹកដី​នៅ​កាណាដា

ផែនទីបង្ហាញ​ពីវត្តមាន​របស់​ហ្វូង​ជ្រូក​ព្រៃ​យក្ស​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​កាណាដា

ចំនួន​សត្វ​ជ្រូក​យក្ស​នៅក្នុង​តំបន់​មួយចំនួន​របស់​ប្រទេស​កាណាដា មានដូចជា Manitoba និង Saskatchewan ជាដើម បាន​កើនឡើង​រហូតដល់​ថ្នាក់​ធ្វើឱ្យ​ការ​កម្ចាត់​លែងមាន​ប្រសិទ្ធភាព។

បច្ចុប្បន្ន ជ្រូកព្រៃ​​យក្ស​កំពុង​គំរាមកំហែង​ដល់​ទឹកដី​ភាគ​ខាងជើង​របស់​សហរដ្ឋ​អាម៉េរិក ជាប់​ព្រំដែន​កាណាដា នេះ​បើតាម Interesting Engineering ចុះផ្សាយ​កាលពី​ថ្ងៃទី 04 មេសា។ ជ្រូក​យក្ស​ពុំមែន​ជា​អម្បូរ​សត្វ​ថ្មី ឬ​ទាក់ទង​នឹង​ការកែសម្រួល​ហ្សែ​ន​នៅក្នុង​បន្ទប់ពិសោធន៍។ មូល​ហេតុដែល​ត្រូវបាន​គេ​ហៅថា ជ្រូក​យក្ស ក៏​ព្រោះតែ​ទំហំ​ដងខ្លួន និង​សមត្ថភាព​រក្សា​ជីវិត​របស់​ពួកវា​នៅក្នុង​អាកាសធាតុ​ត្រជាក់​ខ្លាំង​នៅ​កាណាដា។ ជ្រូក​យក្ស​មួយ​ក្បាល​អាចមាន​ទម្ងន់​រហូតដល់ 300 គីឡូក្រាម និង​អាច​រស់នៅ​ជាមួយ​អាកាសធាតុ​ត្រជាក់ -50 អង្សា​សេ ដោយ​ការកាយ​រូង​​ជម្រៅ​ពីរ​ម៉ែត្រ​ខាងក្រោម​ព្រឹល។ បច្ចុប្បន្ន ពួកវា​រស់នៅ​លើទឹក​ដី​ទំហំ​ជិត 1.7 លាន​គីឡូ​ម៉ែត្រការ៉េ។

ជ្រូក​យក្ស​គឺជា​លទ្ធផល​នៃ​ការពិសោធ​បង្កាត់​ពូជ​រវាង​ជ្រូកព្រៃ​ពី​អឺរ៉ុប និង​ជ្រូកស្រុក​នៅ​កាណាដា។ ក្រុម​អ្នក​បង្កាត់​ពូជ​មានបំណង​ធ្វើ​ពិពិធ​កម្មវិស័យ​ឧស្សាហកម្ម​ចិញ្ចឹមសត្វ និង​បង្កើត​ប្រភេទ​ជ្រូក​ដែល​អាច​រស់នៅក្នុង​រដូវ​ត្រជាក់​ខ្លាំង។ មុននេះ​ប្រហែល​ពីរ​ទសវត្សរ៍ ប្រជាកសិករ​នាំគ្នា​លែង​ជ្រូក​យក្ស​របស់​ពួកគេ​ចូលទៅ​ក្នុងព្រៃ ដោយសារតែ​តម្រូវការ​សាច់​ជ្រូក​បាន​ធ្លាក់ចុះ​ខ្លាំង។ ច្រើន​ឆ្នាំ​ក្រោយមក ពួកវា​ក៏មាន​ចំនួន​កាន់តែច្រើន និង​ក្លាយ​ជា​ជ្រូក​ព្រៃ​យក្ស ដែល​​កំពុង​គំរាមកំហែង​ដល់ទី​ក្រុងធំៗនៅ​កាណាដា។

ដើម្បី​រក​វិធី​សមស្រប​សម្រាប់​ការកាត់បន្ថយ​កំណើន​នៃ​ចំនួន​​​ជ្រូក​​ព្រៃ​យក្ស ដំបូង​អ្នកស្រាវជ្រាវ​ត្រូវ​ដឹងថា ពួកវា​កំពុង​រាលដាល​ដល់ទី​ណា និង​ដោយ​វិធី​ណា។ ដូច្នេះ Brook និង​សហការី​ក៏បាន​បង្កើត​ផែនទី​ដែល​បង្ហាញ​ពី​វត្តមាន​របស់​ជ្រូក​​ព្រៃ​យក្ស ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​កន្លង។ ថ្មីៗនេះ លោក Brook បាន​ចែករំលែក​រូបថត​នៅលើ​បណ្ដាញ​សង្គម បង្ហាញថា ជ្រូក​​ព្រៃ​យក្ស​​បង្ហាញខ្លួន​ជាង 54,000 លើក។ Brook សង្កត់ធ្ងន់ថា ចំនួន​សត្វ​ជ្រូក​​ព្រៃ​យក្ស​​កើនឡើង​ច្រើនជាងគេ​នៅ​តំបន់​ក្បែរ Edmonton ធ្វើឱ្យមាន​ការបារម្ភ​ថា ពួកវា​នឹង​ចូល​ឈ្លានពាន​ទីក្រុង។

ហ្វូង​ជ្រូក​ព្រៃយក្សកំពុង​ស្វែង​រក​អាហារ

ជ្រូក​​ព្រៃ​យក្ស​តែង​​ធ្វើដំណើរ​ជា​ហ្វូង អាច​ឡើងដល់​រាប់សិប​ក្បាល ធ្វើឱ្យ​ហានិភ័យ​គ្រោះថ្នាក់​ចរាចរណ៍​ ក៏ដូច​ជា​ការ​ខាត​បង​ដំណាំ​កើនឡើង​ខ្ពស់។

ចំនួន​ជ្រូក​ព្រៃ​យក្ស​​នៅ​បណ្ដា​តំបន់​ដូចជា Manitoba និង Saskatchewan ជា​ដើម​របស់​កាណាដា បាន​កើន​ឡើងដល់​កម្រិត​ខ្ពស់​ខ្លាំង ធ្វើឱ្យ​ការ​កម្ចាត់​លែងមាន​ប្រសិទ្ធភាព។ បច្ចុប្បន្ន ការចូល​កាន់កាប់​របស់​ហ្វូង​ជ្រូក​ព្រៃ​យក្ស​នៅ​តំបន់​ព្រំដែន​ជាប់​នឹង​ទឹកដី​អាម៉េរិក គឺ​គ្រាន់តែ​ជា​បញ្ហា​ពេលវេលា​ប៉ុណ្ណោះ៕

Advertisement