ការបង្រៀនកូនឱ្យក្លាយជាមនុស្សមានគុណភាពរបស់ មហាសេដ្ឋី លី កាស៊ីង

លី កាស៊ីង មហាសេដ្ឋីដែលចាប់ផ្ដើមពីចំណុចសូន្យ។ ក្នុងវ័យកុមារ កាស៊ីងត្រូវភៀសខ្លួនដោយសារភ្លើងសង្គ្រាមក្នុងប្រទេសមករស់នៅលើកោះហុងកុង ហើយពេលអាយុបាន 15 ឆ្នាំ មេគ្រួសារត្រូវស្លាប់បាត់បង់ជីវិតចោលទៀត។ កាស៊ីងត្រូវឈប់រៀនទាំងកណ្ដាលទី ចេញលក់អីវ៉ាន់រកប្រាក់ចិញ្ចឹមគ្រួសារដោយក្តីឧស្សាហ៍ព្យាយាម ធូរក៏ប្រឹង តឹងក៏ខំគ្រប់យ៉ាង។

ជីវិតរបស់ លី កាស៊ីង គួរឱ្យសិក្សា និងយកធ្វើជាគំរូខ្លាំងណាស់ ដែលស្ទើរទូទាំងទ្វីបអាស៊ីគ្មាននរណាម្នាក់ដែលមិនស្គាល់គាត់នោះឡើយ។ នាគហុងកុង លី កាស៊ីង មានទ្រព្យសម្បត្តិជាប់លំដាប់លេខ 1 ជាច្រើនឆ្នាំ និងថែមទាំងជាមនុស្សចិត្តបុណ្យបំផុតទៀតផង។ គាត់បរិច្ចាគប្រាក់ដើម្បីសប្បុរសធម៌រាប់ពាន់លានដុល្លារអាមេរិក តែគាត់នៅតែមិនដែលភ្លេចឋានៈខ្លួនឯងកាលពីអតីតកាលដែលធ្លាប់ដើរលក់នាឡិកាដៃនោះឡើយ គាត់នៅតែមានជីវិតរស់នៅយ៉ាងមធ្យ័ត ពាក់នាឡិកាចាស់ដដែល ពាក់ស្បែកជើងគូចាស់ដដែល និងយកបទពិសោធជីវិតកន្លងមកធ្វើជាមេរៀនបង្រៀនកូនចៅបន្ត។

លី កាស៊ីង មហាសេដ្ឋីលំដាប់លេខ 1 របស់កោះហុងកុងបានកំណត់ច្បាប់វិន័យនៅក្នុងផ្ទះថា មិនថាការងារមមាញឹកប៉ុនណាក៏ដោយ រៀងរាល់ល្ងាចថ្ងៃច័ន្ទ សមាជិកគ្រប់រូបក្នុងគ្រូសារត្រូវតែមកជួបជុំគ្នាញ៉ាំបាយល្ងាចរួមគ្នា។

សុជីវធម៌ក្នុងពេលបាយរបស់គ្រួសារមួយនេះ បង្ហាញឱ្យឃើញពីគុណភាពរបស់មនុស្សក្នុងត្រកូលនេះ ហើយយើងនឹងមិននឹកចម្លែកចិត្តឡើយដែលកូនប្រុសរបស់គាត់ទាំងពីរនាក់ជាមនុស្សដែលពោរពេញទៅដោយគុណភាព។ គ្រប់គ្នានៅជុំវិញតុបាយនឹងពោលពាក្យអរគុណអ្នកលើកម្ហូបអាហារមកឱ្យ ទោះជាអ្នកទាំងនោះត្រឹមតែជាអ្នកបម្រើនៅក្នុងផ្ទះក៏ដោយ។

ថ្ងៃនេះយើងនាំគ្នាមកសិក្សាមើលទាំងអស់គ្នាថា តើហេតុអ្វីបានជាមហាសេដ្ឋីលំដាប់ពិភពលោកដូច លី កាស៊ីង អាចចិញ្ចឹមមើលថែ អប់រំកូនៗទាំងពីររបស់គាត់យ៉ាងមានគុណភាពដូច្នេះបាន។

1 . នាំជិះរថយន្តក្រុង (សុខចិត្តធ្វើខ្លួនជាឪពុកកំណាញ់ស្វិត)

លី ​កាស៊ីងចិញ្ចឹមកូនយ៉ាងសាមញ្ញ ទោះជាកូនៗរៀនក្នុងសាលាល្អលំដាប់ជួរមុខនៃកោះហុងកុងក៏ដោយ។ កូនអ្នកដទៃមានឡានជូនមករៀន ប្រើរបស់របរសុទ្ធតែប្រ៊េនដ៍ពេញខ្លួន តែលីតែងតែនាំកូនរបស់គាត់ជិះឡានក្រុងទៅសាលារៀន តែងខ្លួន និងប្រើរបស់របរដូចមនុស្សធម្មតាទូទៅ រហូតដល់កូនរអ៊ូថា ហេតុអីបានប៉ាមិនព្រមឱ្យអ្នកបើកឡានជូនពួកគេទៅរៀន។ លីប្រាប់កូនៗថា ពេលនៅលើរថយន្តសាធារណៈ កូននឹងបានជួប ដឹង និងរៀនយល់ដឹងជាមួយនឹងសភាពពិតប្រាកដរបស់មនុស្សគ្រប់ជាន់ថ្នាក់ តែបើនៅក្នុងរថយន្តផ្ទាល់ខ្លួនវិញ កូននឹងមើលមិនឃើញអ្វីឡើយ។ នៅថ្ងៃឈប់សម្រាក លីឱ្យកូនៗទៅធ្វើការងារផាតថាម ជាអ្នករត់តុ ជាអ្នកស្ពាយថង់ដងវាយកូនហ្គោលនៅតាមទីលានវាយកូនហ្គោល ហើយអ្វីដែលធ្វើឱ្យគាត់ត្រេកអរបំផុតនោះគឺ កូនៗប្រាប់ថា នឹងយកប្រាក់ដែលរកបានទាំងអស់ទៅជួយក្មេងៗដែលក្រលំបាក។

លី កាស៊ីង ជាអ្នកបរិច្ចាគប្រាក់ច្រើនបំផុតដល់មូលនិធិសប្បុរសធម៌ តែនាឡិកាដែលគាត់ពាក់ ជានាឡិកាជប៉ុនមានតម្លៃត្រឹមតែ 26 ដុល្លារអាមេរិកប៉ុណ្ណោះ។ ខោអាវតាំងពីដប់ឆ្នាំមុន ក៏គាត់នៅតែស្លៀករហូតមកដល់សព្វថ្ងៃ។ ផ្ទះក៏ជាផ្ទះកាលពី 30 ឆ្នាំមុន។ អ្វីៗទាំងអស់នេះសុទ្ធតែជាគំរូដែលធ្វើឱ្យកូនៗចងចាំទុករហូតទៅ។

2 . បង្រៀនកូនឱ្យក្លាយជាមនុស្សល្អ គឺជាតួនាទីសំខាន់បំផុតរបស់មនុស្សជាឪពុកម្ដាយ

លីប្រាប់ថា ការសិក្សារបស់កូនចៅ 99% ត្រូវបង្រៀនគេឱ្យស្គាល់ពីគោលការណ៍នៃការធ្វើជាមនុស្សល្អជាមុន និងទោះជានៅពេលធំក្លាយជាមនុស្សធំហើយក៏ដោយ 2 ភាគ 3 ក៏នៅតែត្រូវបង្រៀនឱ្យធ្វើជាមនុស្សល្អដែរ និងនៅសល់ 1 ភាគ 3 ទៀត ទើបបង្រៀនពីវិធីធ្វើជំនួញ។ គាត់បង្រៀនកូនជានិច្ចថា កុំគិតតែចង់បាន ត្រូវគិតដល់បេះដូងអ្នកដទៃផង។ មនុស្សនឹងទទួលបានជោគជ័យ ត្រូវឧស្សាហ៍ព្យាយាម ស្មោះត្រង់ និងគោរពពាក្យសន្យា។

លី កាស៊ីង កើតក្នុងគ្រួសារក្រក្សត់ គាត់រៀនមិនចប់សូម្បីតែថ្នាក់បឋមផង គាត់ត្រូវខំព្យយាមសិក្សាបន្ថែមដោយខ្លួនឯង ជាពិសេសភាសាបរទេស។ ការងារមមាញឹកប៉ុនណា រៀងរាល់ល្ងាចគាត់នឹងទៅអង្គុយរៀនបន្ថែមចំណេះដឹងយ៉ាងមិនអស់សង្ឃឹម។ នេះជារូបបែបដែលនៅដិតជាប់នឹងភ្នែក និងក្នុងបេះដូងកូនៗរបស់គាត់តាំងពីតូចដល់ធំ(ឪពុកម្ដាយត្រូវធ្វើជាគំរូដល់កូនៗ)។

គាត់តែងតែនាំយកទស្សនៈ ពាក្យប្រៀនប្រដៅ ចំណុចរិះគិតល្អៗរបស់អ្នកប្រាជ្ញចិនបុរាណមកបង្រៀនកូនរបស់គាត់ជាប្រចាំ។ នេះជាវិធីបណ្ដុះបណ្ដាលកូនៗរបស់គាត់រហូតដល់ក្លាយជាមនុស្សល្អរបស់សង្គម។

(សូមរង់ចាំអានភាគបន្តនៅលេខក្រោយ)

Advertisement