ណា​សា​បង្ហាញ​ក្រុម​អ្នក​អវកាស​​នៃ​គម្រោង​ហោះ​ទៅកាន់​ឋាន​ព្រះ​ចន្ទ​នៅ​ឆ្នាំ 2024

(សហរដ្ឋ​អាម៉េរិក) – អវកាស​ចរ​បួនរូប​របស់​ណា​សា (NASA) នឹង​ហោះហើរ​នៅក្នុង​បេសកកម្ម Artemis II ដែល​ដឹក​មនុស្ស​ទៅកាន់​ឋាន​ព្រះ​ចន្ទ​ជា​លើកដំបូង​ក្នុងអំឡុង 50 ឆ្នាំ​មកនេះ និង​​គ្រោង​នឹង​ធ្វើឡើង​នៅក្នុង​ខែវិច្ឆិកា 2024។

ក្រុម​អវកាស​ចរ​​ដែល​ត្រូវបាន​ជ្រើសរើស​សម្រាប់​បេសកកម្ម Artemis II រួមមាន អ្នក​អវកាស Reid Wiseman, Victor Glover, Christina Koch របស់​ណា​សា និង Jeremy Hansen របស់​ទីភ្នាក់ងារ​អវកាស​កាណាដា។

ប្រធាន​ក្រុម​អវកាស​ចរ​ខាងលើ​គឺ​លោក Wiseman។ លោក​គឺជា​ពី​ឡុ​តរបស់​កងទ័ពជើងទឹក​អាម៉េរិក អាយុ 47 ឆ្នាំ។ ណា​សាបាន​ជ្រើសរើស​លោក Wiseman ឱ្យធ្វើជា​អ្នក​អវកាស​លើកដំបូង​កាលពី​ឆ្នាំ 2009។ Wiseman ធ្លាប់បាន​ចូលរួម​​ដំណើរ​ហោះហើរ 165 ថ្ងៃ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ដែល​ប្រើប្រាស់​រ៉ុក្កែត​របស់​រុស្ស៊ី កាលពី​ឆ្នាំ 2014។ លោក​ក៏​ជា​ប្រធានការិយាល័យ​អ្នក​អវកាស​របស់​ណា​សា ចាប់ពី​ឆ្នាំ 2020 ដល់ 2022។

Glover អាយុ 46 ឆ្នាំ ធ្លាប់​ហោះ​ទៅកាន់ ISS ដំបូង ដោយ​ជិះ​យាន Crew Dragon របស់ SpaceX កាលពី​ឆ្នាំ 2021។ ចំណែក Koch អាយុ 44 ឆ្នាំ គឺជា​អ្នក​អវកាស​ឆ្នើម ដោយ​ធ្លាប់​ដើរ​ក្នុង​ទី​អវកាស 6 លើក​កាលពី​ឆ្នាំ 2019។ Hansen អាយុ 47 ឆ្នាំ គឺជា​អ្នកបើកបរ​យន្តហោះ​ចម្បាំង​ដែល​កាណាដា​បាន​ជ្រើស​ឱ្យទទួល​ការបណ្ដុះបណ្ដាល​ដើម្បី​ក្លាយជា​អ្នក​អវកាស​កាលពី​ឆ្នាំ 2009។

បេសកកម្ម​ព្រះចន្ទ​ដំបូង (Artemis 1) គឺជា​ការហោះហើរ​គ្មាន​មនុស្ស​បើកបរ ដើម្បី​ពិនិត្យ​ស្ថានភាព​ហោះហើរ​ក្នុង​ទី​អវកាស​ជ្រៅ​របស់​យាន Orion ហើយនឹង​ចុះចត​លើ​ផែនដី​វិញ ដោយ​ប្រើ​ឆត្រយោង។ បើសិនជាអ្វីៗដំណើរការ​ដោយ​រលូន នោះ Artemis 1 នឹងត្រូវ​បាន​បាញ់​បង្ហោះ​នៅ​ថ្ងៃទី 12 ខែកុម្ភៈ ឆ្នាំ 2022។

ចំណែក​បេសកកម្ម Artemis 2 និង Artemis 3 វិញ​គឺ សុទ្ធ​តែមាន​អវកាសយានិក​ទៅជា​មួយ។ តាម​ផែនការ Artemis 2 នៅតែ​ប្រើប្រាស់​រ៉ុក្កែត SLS Block 1 របស់ NASA ដើម្បី​នាំ​យាន Orion ទៅ​ហោះហើរ​ជុំវិញ​ឋាន​ព្រះ​ចន្ទ ខណៈ Artemis 3 នឹង​ប្រើប្រាស់​ប្រព័ន្ធ Starship របស់​ក្រុមហ៊ុន SpaceX ដើម្បី​នាំ​យាន Orion ចុះចត​លើដី​ឋាន​ព្រះ​ចន្ទ៕

Advertisement