ទិវា​គប់​ផ្លែប៉េងប៉ោះ​នៅ អេ​ស្ប៉ា​ញ «រស់​ឡើងវិញ» ក្រោយ​សម័យ​វិបត្តិ​​កូ​វីដ-១៩

កាលពី​ថ្ងៃទី ៣១ សីហា មនុស្ស​រាប់ពាន់នាក់​បាន​ចូលរួម​លេង​កម្សាន្ត​ក្នុង​ពិធីបុណ្យ​គប់​ផ្លែ​ប៉េងប៉ោះ Tomatina ដ៏​ចម្លែក​នៅឯ​ទីរួមស្រុក Bunol របស់ ប្រទេស​អេ​ស្ប៉ា​ញ ក្រោយពី​បាន​ផ្អាក​អស់​រយៈពេល ២ ឆ្នាំ ដោយសារតែ​វិបត្តិ​កូ​វីដ-១៩។

យោងតាម AFP រថយន្ត​ដឹកទំនិញ​មួយ​ក្រុង​ដែល​ដឹក​ផ្លែ​ប៉េងប៉ោះ​ទុំ​ចំនួន ១៣០ តោន បាន​បរ​ចូលកាន់​ទីប្រជុំជន​នានា​ក្នុង​ទីរួមស្រុក​មួយ​នៅ​ភាគ​ខាងកើត​នៃ ប្រទេស​អេ​ស្ប៉ា​ញ ដើម្បី​ចូលរួមព្រឹត្តិការណ៍​​គប់​ផ្លែ​ប៉េងប៉ោះ។

ប៉ុន្មាន​នាទី​ក្រោយពី​សំឡេង​ផ្ទុះ​របស់​កាំជ្រួច​អបអរ គេ​ឃើញថា នៅលើ​ដងផ្លូវ​នានា នៅក្នុង​ទីប្រជុំជន​នានា ពោរពេញ​ដោយ​ពណ៌​ក្រហម។ អ្នកខ្លះ​ពាក់​វ៉ែនតា​ដើម្បី​ការពារ​ភ្នែក គប់​ប៉េងប៉ោះ​តម្រង់​អ្នក​ដទៃ​ ខណៈ​ដែល​អ្នក​ខ្លះ​​រើសយក​ផ្លែ​ប៉េងប៉ោះនៅ​លើដី គប់​ទៅលើ​មនុស្ស​ម្នា​​នៅក្បែរនោះ។

ព្រឹត្តិការណ៍​ដែល​ត្រូវបាន​គេ​ប្រៀបប្រដូច​ទៅនឹង «សង្គ្រាម​អាហារ​ធំជាងគេ​ក្នុង​ពិភពលោក» មួយ​នេះ បានក្លាយ​ជាទី​​ទាក់​ទាញ​​ទេសចរ​ក្នុង និង​ក្រៅប្រទេស ពិសេស​គឺ​ពលរដ្ឋ​មកពី អូស្ត្រាលី អង់គ្លេស ជប៉ុន និង សហរដ្ឋ​អាម៉េរិក ជាដើម។

ក៏ប៉ុន្តែ ឆ្នាំនេះ មាន​មនុស្ស​ប្រមាណ​តែ ១៥,០០០ នាក់ប៉ុណ្ណោះ​ដែល​បាន​មក​ចូល​រួម​ព្រឹត្តិការណ៍​នេះ​ នៅ​​ក្នុងចំណោម​សំបុត្រ ២០,០០០ សន្លឹក​ដែល​ត្រូវបាន​លក់ចេញ​ ដោយសារតែ​ប្រទេស​ជាច្រើន​នៅ អាស៊ី មិនទាន់​ដក​វិធានការ​ទប់ស្កាត់​កូ​វីដ-១៩ ទាំងស្រុង​៕

Advertisement