កូរ៉េខាងត្បូងនិយាយថា មន្ត្រីរបស់ខ្លួនត្រូវទាហានកូរ៉េខាងជើងបាញ់សម្លាប់ ពេលកំពុង “គេចខ្លួនទៅកាន់កូរ៉េខាងជើង”

យោងតាមព័ត៌មានចារកម្ម និងទិន្នន័យស្ដីអំពីលំហូរទឹកសមុទ្រ ប៉ូលិសកូរ៉េខាងត្បូងអះអាងថា មន្ត្រីជលផលម្នាក់ដែលត្រូវបានទាហានកូរ៉េខាងជើងបាញ់សម្លាប់នោះ មានបំណងគេចខ្លួនចូលទៅកាន់ប្រទេសកូរ៉េខាងជើង។

“មន្ត្រីរូបនេះ ពាក់អាវពោង និងតោងជាប់ទៅនឹងវត្ថុអណ្ដែតមួយនៅពេលត្រូវបានក្រុមទាហានកូរ៉េខាងជើងប្រទះឃើញ” នេះបើតាមលោក Yoon Seong-hyun ប្រធានក្រុមអ្នកស្រាវជ្រាវនៃនគរបាលល្បាតសមុទ្រកូរ៉េខាងត្បូង ដែលបានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីចុងសប្ដាហ៍កន្លងទៅ។ លោកបន្តថា “ក្រៅពីនេះ កូរ៉េខាងជើងក៏បានដឹងអំពីព័ត៌មានផ្ទាល់ខ្លួនរបស់មន្ត្រីរូបនេះ ដូចជាឈ្មោះ អាយុ ស្រុកកំណើត និងកម្ពស់”។

ទិន្នន័យទាំងឡាយខាងលើ រួមនឹងព័ត៌មានចារកម្មពីកងទ័ព និងលទ្ធផលនៃការពិនិត្យលើលំហូរទឹកជោរនៅក្នុងថ្ងៃកើតហេតុ ប៉ូលិសល្បាតសមុទ្រកូរ៉េខាងត្បូងយល់ថា មន្ត្រីរូបនេះត្រូវបានទាហានកូរ៉េខាងជើងបាញ់សម្លាប់នៅពេលកំពុងរកផ្លូវគេចខ្លួនចូលទឹកដីកូរ៉េខាងជើង។

Yoon Seong-hyun ប្រធានក្រុមអ្នកស្រាវជ្រាវនៃនគរបាលល្បាតសមុទ្រកូរ៉េខាងត្បូង

ការស្រាវជ្រាវរបស់ក្រុមប៉ូលិសល្បាតសមុទ្រកូរ៉េខាងត្បូង ត្រូវបានធ្វើឡើងបន្ទាប់ពីមន្ត្រីជលផលកូរ៉េខាងត្បូងម្នាក់ អាយុ47ឆ្នាំ ត្រូវបានទាហានកូរ៉េខាងជើងបាញ់សម្លាប់នៅក្នុងតំបន់សមុទ្រនៃប្រទេសនេះកាលពីថ្ងៃទី22កញ្ញា។ មន្ត្រីវ័យ47ឆ្នាំនេះ បានបាត់ខ្លួនមុននោះមួយថ្ងៃនៅពេលកំពុងត្រួតពិនិត្យជលផលក្បែរព្រំដែនសមុទ្រភាគខាងជើង (NLL) ដែលជាបន្ទាត់បែងចែកដែនសមុទ្ររវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង។

កងទ័ពកូរ៉េខាងត្បូងយល់់ថា ទាហានកូរ៉េខាងជើងបានបាញ់សម្លាប់មន្ត្រីរូបនេះ រួចដុតសាកសពបំបាត់ភស្ដុសតាង ខណៈដែលទីក្រុងព្យុងយ៉ាងបានសរសេរលិខិតសុំទោសមួយច្បាប់ទៅកាន់ទីក្រុងសេអ៊ូល ទាក់ទិននឹងហេតុការណ៍នេះ និងបញ្ជាក់ថា ពួកគេគ្រាន់តែដុតពោងរបស់មន្ត្រីរូបនេះទៅតាមវិធានការទប់ស្កាត់COVID-19 ក្រោយពីមិនបានរកឃើញសាកសព។

ប័ណ្ណសម្គាល់​ខ្លួន​របស់​មន្ត្រី​ជលផល​ដែល​ត្រូវ​បាន​គេ​បាញ់សម្លាប់​

ក្រុមមន្ត្រីស្រាវជ្រាវមកពីកងនគរបាលសមុទ្រកូរ៉េខាងត្បូងបានវិភាគទៅលើលំហូរនៃទឹកសមុទ្រកាលពីថ្ងៃទី21កញ្ញា និងបានសន្និដ្ឋានថា បុរសនេះមិនអាចត្រូវបានទឹកគួចទៅដល់កន្លែងកើតហេតុនោះឡើយ លើកលែងតែមានការព្យាបាលហែលទៅទីនោះ។ លោក Yoon ឱ្យដឹងថា មូលហេតុបណ្ដាលមកពីគ្រោះថ្នាក់ ឬការធ្វើអត្តឃាត ត្រូវបានគេចាត់ទុកថា ពិបាកកើតឡើង។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញស្បែកជើងរបស់មន្ត្រីដែលត្រូវគេបាញ់សម្លាប់នេះ និងបានបញ្ជូនទៅកាន់អង្គភាពកោសល្យវិច្ច័យដើម្បីធ្វើការវិភាគ។ ក្រុមនេះក៏បានពិនិត្យទៅលើវីដេអូចំនួន731ឈុតដែលថតបានដោយកាមេរ៉ានៅលើនាវា ប៉ុន្តែមិនបានរកឃើញព័ត៌មានសំខាន់អ្វីនោះឡើយ។

ផែន​ទីបង្ហាញ​អំពី​ទីតាំង​នៃ​កោះ Yeonpyeong

លោក Yoon និយាយថា៖ “យោងតាមលទ្ធផលនៃការស្រាវជ្រាវ រហូតមកដល់ពេលនេះ យើងជឿថា គាត់មានបំណងរត់គេចចូលទៅកាន់ទឹកដីកូរ៉េខាងជើង”។ លោកបន្តថា មន្ត្រីរូបនេះ “ដឹងច្បាស់អំពីតំបន់សមុទ្រនៅជុំវិញកោះ Yeonpyeong” ដែលជាកោះមួយនៅក្បែរ NLL ជាកន្លែងដែលមន្ត្រីរូបនេះបាត់ខ្លួន។

នាវា​កូរ៉េខាង​ត្បូង​កំពុង​ស្វែង​រក​សាកសព​មន្ត្រី​ជល​ផល​កងទ័ពជើងទឹកកូរ៉េខាងត្បូង កាលពីថ្ងៃទី27កញ្ញា បានបញ្ជូននាវាចម្បាំង16គ្រឿង និងយន្តហោះ6គ្រឿង ខណៈប៉ូលិសល្បាតសមុទ្របញ្ជូននាវាល្បាត23គ្រឿង ទៅកាន់កន្លែងកើតហេតុដើម្បីស្វែងរកសាកសពមន្ត្រីជលផលដែលបានបាត់ខ្លួនខាងលើ។ ភាគីកូរ៉េខាងជើងបានព្រមានថា សកម្មភាពនេះរបស់កូរ៉េខាងត្បូង អាចបង្កឱ្យមានបញ្ហារំលោភដែនសមុទ្ររបស់ប្រទេសនេះ ហើយទន្ទឹមនឹងនេះ កូរ៉េខាងជើងក៏បានសន្យាថា នឹងប្រគល់សាកសពឱ្យកូរ៉េខាងត្បូង បើសិនពួកគេរកឃើញ៕

ប្រភព៖ Yonhap

 

Advertisement